ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់សង្ស័យស្រវឹងបានបើកម៉ូតូក្នុងល្បឿនលឿន ហើយមិនឃើញគោយន្តបើកនៅពីមុខ បានជ្រុលបុកចំទ្រុងគោយន្តពីក្រោយ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកម៉ូតូរងខូចខាតធ្ងន់ធ្ងរ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៦និង១០នាទីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិតឹងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះស៊ឹម រ៉ន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដីឆ្នាំ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
ចំណែកគោយន្តពណ៌ក្រហម មានសណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះអ៊ុក ស៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ គេឃើញគោយន្តមួយគ្រឿងបើកបរតាមផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្រាប់តែយុវជនរងគ្រោះបើកម៉ូតូមកពីក្រោយក្នុងល្បឿនលឿន គ្មានពាក់មួកសុវត្ថិភាព សង្ស័យផឹកស្រវឹង មើលមិនឃើញគោយន្តកំពុងបើកនៅខាងមុខ បានជ្រុលចង្កូតបុកទ្រុងគោយន្តចំពីក្រោយ បណ្តាលឲ្យម៉ូតូដួល ខ្ទាតមនុស្សជាច្រើនម៉ែត្រ រងរបួសធ្ងន់សន្លប់ស្តូកស្តឹង និងម៉ូតូរងការខូចខាតធ្ងន់ធ្ងរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍បញ្ជូនជនរងគ្រោះ មកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីសង្គ្រោះជីវិត ។ ចំណែកគោយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលរង់ចាំអោយភាគីទាំង២ចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
ចែករំលែកព័តមាននេះ