ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​អ្នក​ឆក់​ឱកាសក្រសួង​អប់រំ​អំពាវនាវ​កុំឱ្យ​បេក្ខជន​ប្រឡង​ចូល​ក្រប​ខណ្ឌ​ចាញ់បោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ទទួល​សំណូក និង​អ្នក​សូក ដើម្បី​ប្រឡង​ជាប់​ចូល​ក្រប​ខណ្ឌ​ក្រសួង​អប់រំ​នៅ​ពេល​ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ទទួល​សំណូក និង​អ្នក​សូក ដើម្បី​ប្រឡង​ជាប់​ចូល​ក្រប​ខណ្ឌ​ក្រសួង​អប់រំ​នៅ​ពេល​ខាង​មុខ​នេះ ។

ការ​ព្រមាន​នេះ ខណៈ​ដែល​ក្រសួង​បានប្រកាស​ជ្រើសរើស​គ្រូ​គ្រប់​កម្រិត​រាប់​ពាន់​នាក់នៅ​ពេល​ខាង​មុខ​នេះ ។ ជាង​នេះ​ទៀត បន្ទាប់​ពីមាន​ជនខិលខូច​មួយ​ចំនួន​បាន​ដើរ​ប្រាប់​ធានាថា សន្យា​ជួយ​ដល់​បេក្ខជន​ឲ្យ​ជាប់​ក្នុង​ការប្រឡង​គ្រូបង្រៀន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែតុលា បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មានការ​លេចឮ​ព័ត៌មាន​ថា​មាន​ករណី​បុគ្គល​មួយ​ចំនួន បាន​ដើរ​សន្យា​ជួយ​ដល់​បេក្ខជន​ប្រឡង​ជ្រើសរើស​ចូល​បម្រើ​ជា​គ្រូបង្រៀន​គ្រប់​កម្រិត ឲ្យ​បាន​ប្រឡង​ជាប់​ដោយ​ថ្នូរ​នឹង​ថវិកា​មួយ​ចំនួន ។
ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់​យ៉ាង​ដាច់អហង្ការ​ថា ដំណើរការ​ប្រឡង​ជ្រើសរើស​គ្រូ​គ្រប់​កម្រិត នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន ។
ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​មាតាបិតា អាណា​ព្យាបាល និង​បេក្ខជន​ទាំងអស់ កុំ​ចាញ់បោក​ពាក្យភូតកុហក​របស់​ជន​ឆ្លៀតឱកាស​ណាមួយ​ដែល​នាំ​ឲ្យ​ចាត់​បង់​ថវិកា និង​ទ្រព្យសម្បត្តិ ជា​អសារ​បង់ និង​សូម​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់ ខិតខំ​បញ្ចេញ​សមត្ថភាព​និង​គោរព​បទ​ប្ប​ញ្ញ​តិ្ត​នានា​ក្នុង​ដំណើរការ​ប្រឡង​ជ្រើសរើស ។ សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា «​ដើម្បី​ឈាន​ទៅ​ទប់ស្កាត់​នូវ​បាតុភាព​មិន​ប្រក្រតី និងចាត់វិធានការ​ទាន់​ពេលវេលា​ចំពោះ​ជន​ឆ្លៀតឱកាស​ណាមួយ​នោះ ក្រសួង​ស្នើ​សុំ​កិច្ចសហការ​ពី​មាតាបិតា អាណាព្យាបាល បេក្ខជន​និង​សាធារ​ណ​ជន​ទាំងអស់ មេត្តា​ជួយ​ផ្តល់​ព័ត៌មាន​និង​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត​កំហុស​ទាំងនោះ មក​ក្រសួង​តាម​គ្រប់​មធ្យោបាយ ដោយ​ក្រសួង​សូម​ធានា​រក្សា​នូវ​ការ​សម្ងាត់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​» ។ក្រសួង​អប់រំ នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ជន​ទាំងឡាយ​ណា ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ខុសច្បាប់​ខាងលើ​ឲ្យ​មក​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន ។

សូម​ជម្រាប​ថា កន្លង​មក​ក៏​មាន​ពាក្យ​លេចឮ​ថា មានការ​សន្យា​ដើម្បី​ឲ្យ​បេក្ខជន​ជាប់​ក្នុង​ការ​ប្រឡង​ជា​គ្រូបង្រៀន​គ្រប់​កម្រិត​ផង​ដែរ ហើយ​ជនខិលខូច​បាន​បិទ​បាំង​យ៉ាង​ជិត​បំផុត ។ ទោះ​ជា​យ៉ាងណា​ក្តី ពាក្យ​លេចឮ​នោះ​មិន​អាច​ជា​ការ​ពិត​ទាំងស្រុង​នោះ​ទេ ព្រោះ​ថាបើ​បេ​ក្ខជន​មិន​មាន​សមត្ថភាព​ឬ​ចេះ​ទេ មិន​អាច​ប្រឡង​ជាប់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ