ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​ផ្លែ​មៀន​ប៉ៃលិន​បាន​ទទួលស្គាល់​ពី​មន្ទីរ ​និង​ក្រសួង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​នៅ​ភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀន​បច្ចេកទេស​ផលិត​ស្រា​មួយ​ប្រភេទ​ពី​ផ្លែ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន ហើយ​ជា​លទ្ធផល កំពុង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ទូ​ទាំង​ខេត្ត និង​រហូត​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ ហើយ​បច្ចុប្បន្ន​នេះ…

ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​នៅ​ភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀន​បច្ចេកទេស​ផលិត​ស្រា​មួយ​ប្រភេទ​ពី​ផ្លែ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន ហើយ​ជា​លទ្ធផល កំពុង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ទូ​ទាំង​ខេត្ត និង​រហូត​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ ហើយ​បច្ចុប្បន្ន​នេះ ផលិតផល​មួយ​នេះ​ត្រូវ​បាន​ទទួលស្គាល់​ពី​មន្ទីរ និង​ក្រសួង​សិប្បកម្ម និង​ឧស្សាហកម្ម​ទៀត​ផង ។

លោក វួ​ច ធុ​ច អ្នក​ផលិត​ស្រា​មៀន​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា លោក​បាន​រៀន​បច្ចេកទេស​ផលិត​ស្រា​បៀរ​ពី​ជនជាតិ​ស្ក​តឡែ​ន​ម្នាក់ ខណៈ​ដែល​អ្នកជំនាញ​រូប​នោះ​មក​កាន់​ខេត្ត​ប៉ៃលិន ដើម្បី​បង្រៀន​របៀប​ផលិត​ស្រា​ទំពាំងបាយជូរ និង​ស្រា​ផា​សិន ដល់​សមគ​ន៍​កសិកម្ម​ផ្លែ​មៀន​ប៉ៃលិន ។ លោក​បន្ដ​ថា ក្រោយ​ពេល​ចេះ​ចប់​ត្រឡប់​មក​ផ្ទះ​វិញ លោក​ក៏​សាកល្បង​ផលិត​ស្រា ដោយ​យក​ផ្លែ​តា​ង៉ែ​ន​ចំនួន​២០​គីឡូក្រាម ដាក់​ទឹក​១០​លី​ត្រ លាយ​ជាមួយនឹង​ដំបែ រួច​ផ្អាប់​រយៈពេល​៦​ខែ ក៏​ចម្រោះ​ចេញ​ជា​ស្រា ហើយ​ដាក់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ទទួលទាន​សាកល្បង ស្រាប់តែ​ពួក​គាត់​ប្រាប់​ថា មាន​រសជាតិ​ផ្អែម​ឈ្ងុយ មិន​ពិបាក​ផឹក អាច​ទទួលយក​បាន ។ ដោយសារ​តែ​មានការ​គាំទ្រ ក្រោយមក​លោក​ក៏​បាន​ផលិត​ចំនួន​១០០​ដប​ទៀត ហើយ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឃើញ​ថា​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​បងប្អូន និង​ធ្វើ​ឲ្យ​កេរ្ដិ៍ឈ្មោះ​ផលិតផល​មួយ​នេះ​កាន់តែ​មាន​គេ​ស្គាល់ ។

លោក​បញ្ជាក់​ថា ៖« ក្រោយ​មានការ​គាំទ្រ​ខ្លាំង ក៏​ឃើញ​ខាង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចុះ​មក​ត្រួតពិនិត្យ រួច​យក​ទៅ​ពិនិត្យ​បន្ត​នៅ​ក្រសួង​ទៀត ហើយ​ជា​លទ្ធផល ក្រសួង​បញ្ជាក់​ថា ស្រា​របស់ខ្ញុំ​មិន​ប៉ះពាល់​អ្វី​ដល់​សុខភាព​ឡើយ ហើយ​ថែម​ទាំង​មាន​សារធាតុ​ជួយ​សម្រួល​ដល់​សរសៃឈាម​ក្នុង​បេះដូង សម្រក​ខ្លាញ់​ក្បាលពោះ ហូប​បាយ​បាន ស​ម្រា​ន​លក់​ស្រួល​ថែម​ទៀត »​។

អ្នក​ផលិត​ស្រា​រូប​នេះ​លើក​ឡើង​ថា តាំងពី​ចាប់ផ្តើម​ផលិត និង​ចែកចាយ​មក​ដល់​ពេល​នេះ លោក​លក់​អស់​ចំនួន​១៥០​ដប​ហើយ និង​កំពុង​បន្ត​ផលិត​ថែម​ចំនួន​១​ពាន់​ដប​ទៀត ដើម្បី​ដាក់​លក់​តាម​ហាង​ធំ​ៗ និង​តាម​ដេប៉ូ​ចែកចាយ​មួយ​ចំនួន​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ។

លោក វួ​ច ធុ​ច បញ្ជាក់​ថា ៖« ដោយសារ​តែ​ផលិតផល​នេះ​មានការ​ទទួលស្គាល់​ពី​មន្ទីរ និង​ក្រសួង​ជំនាញ ក៏​ដូច​ជា​ការ​គាំទ្រ​ពី​បងប្អូន ពេល​នេះ​យើង​កំពុង​តែ​ប្រកាស​រក​ដៃគូ​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​សហការ​គ្នា​ពង្រីក​ការ​ផលិត​ឲ្យ​កាន់តែ​ទំនើប ដើម្បី​ចែកចាយ​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ