ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើកមិនធ្លាប់មាននៅស្រុកខ្មែរបង្កា្របក្រុមភេរវករ និងអាវុធថ្មីសន្លាង២៨ដើមឯណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​អតីត​សង្ឃ រួម​ទាំង​កាំភ្លើង​វែង​២៨​ដើម សុទ្ធតែ​ថ្មី​សន្លាង កាលពី​ព្រឹក ថ្ងៃ​ទី​៣០ កញ្ញា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​ភេរវកម្ម…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​អតីត​សង្ឃ រួម​ទាំង​កាំភ្លើង​វែង​២៨​ដើម សុទ្ធតែ​ថ្មី​សន្លាង កាលពី​ព្រឹក ថ្ងៃ​ទី​៣០ កញ្ញា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជ​​ធានី​ភ្នំពេញ​ធ្វើការ​សាកសួរ ដើម្បី​ចោទ​ប្រកាន់​​​​ជា​ផ្លូវការ ។

ទាក់ទិន​នឹង​ការ​បញ្ជូន​ខ្លួន​មនុស្ស​៨​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​នេះ ជា​រឿង​​ក្តៅ​ពុំុទាន់​​មាន​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​ណា​មួយ​បញ្ជាក់ឲ្យ​បាន​ច្បាស់លាស់​​ថា ជា​ករណី​អ្វី​នោះ​នៅ​ឡើយ​ទេ សូម្បី​មន្ត្រី​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរ​បាល​ប្រឆាំង​ភេរវកម្ម និងឧក្រិដ្ឋកម្មដែល​ចាប់ខ្លួន​មនុស្ស​ទាំង​៨​នាក់ និង​រក​ឃើញ​កាំភ្លើង​​​​២៨​ដើម​ក៏​ស្ងាត់ឈឹង​ បិទ​មាត់​មិន​ហ៊ាន​និយាយ​​​​​សូ​ម្បី​តែ​មួយ​ម៉ាត់ ។

ទោះជា​យ៉ាងនេះ​​ក្តី សំណុំ​រឿង​មនុស្ស​៨​នាក់​នោះ បាន​ស្ថិត​នៅ​ដៃ​លោក អ៊ុំ សុ​ភក្តិ ព្រះរាជអាជ្ញា​រង​នៃអយ្យការ​អម​សាលា​​ដំបូង​រាជធានី​កំពុងធ្វើការ​សាកសួរ ទោះ​បី​​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​សម្រាក​ការងារ​ក្តី ព្រោះ​ជា​​រឿង​​ក្តៅ​បំផុត​ ។ លោក​ព្រះរាជអាជ្ញា​រង​កាន់​សំណុំ​រឿង​នេះ បាន​មាន​ប្រសាសន៍ ប្រាប់​កោះ​សន្តិភាព​យ៉ាង​ខ្លី​ថា លោក​កំពុង​តែ​សួរ (រឿង​ភេរវកម្ម​) ។

ការ​ឃាត់​មនុស្ស​៨នាក់​នេះ​ពិតជា​ពាក់ព័ន្ធ​រឿង​ភេរវកម្ម​មែនហើយ ព្រោះពេល​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី បាន​សង្កេត​ឃើញ​ប្រើប្រាស់​រថយន្ត​២​គ្រឿង សុទ្ធតែ​ព​ណ៌ខ្មៅ រថយន្ត​១​គ្រឿង​ឃ្លុប​ជិត បំពាក់​​​ដោយសា​រ៉ែ​ន និង​១​គ្រឿង​ប្រភេទ​២​បាំង ដឹក​សម្ភារ ឬ​វត្ថុ​តាង ។ គេ​បាន​សង្កេត​ឃើញ​​ទៀត​ថា រថយន្ត​ឃ្លុប​១​គ្រឿង​នោះ គឺ​ដឹក​​ជនសង្ស័យ​ទាំង​៨​នាក់ និងរថយន្ត​២​បាំង​១​គ្រឿង កន្ទុយ​ខាងក្រោយដឹក​កាំភ្លើង​​​២៨​ដើម ដែល​​ជា​វត្ថុ​តាង​រឹបអូស​ពី​ជនសង្ស័យ​ទាំង​៨​នាក់ ។

រថយន្ត​ទាំង​២​គ្រឿង​ បានបើក​ចូល​ទៅ​ក្នុង​​បរិវេណ​សាលាដំបូង ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពី​សំណាក់​មន្ត្រី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ។ នៅ​ពេល​រថយន្ត​ទាំង​២​គ្រឿង​ចូល​ដល់​ក្នុង​អគារ​សាលាដំបូង ទ្វាររបង​ក៏​ត្រូវ​បាន​បិទ​ជិត ដោយ​​ឆ្មាំ​ការពារ​តុលាការ ។

ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ២ទៅ៣​ថ្ងៃមុន​នេះ​កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​បើក​​យុទ្ធនាការ​យ៉ាង​សម្ងាត់​មួយ​ បង្ក្រាប​​ករណី​ក្រុម​​ភេរវ​ករ មាន​គោលដៅ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម បង្ក​ចលាចល​មក​លើ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ។

ប្រភព​មិន​ទាន់​ច្បាស់​ការណ៍​ដដែល​ថា ការ​បង្ក្រាប​នោះ​គឺ​ដំបូង​មានការ​ចាប់ខ្លួន​សង្ឃ​១​អង្គ គង់នៅ​វត្ត​ពោធិ៍ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ភិក្ខុសង្ឃ​អង្គ​នោះ មាន​សាច់ញាតិ​នៅ​ក្រៅប្រទេស ហើយ​សុទ្ធតែ​ជា​សមាសភាព​ បម្រើ​ឲ្យ​គោលនយោបាយ​បក្ស​ប្រឆាំងយ៉ាង​​ដាច់​​ក្បាល​​ដាច់​កន្ទុយ​ ។

បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​សង្ឃ​អង្គ​នោះ សាកសួរ​បានដឹង​ចម្លើយ​គ្រប់គ្រាន់​ហើយ ពាក់ព័ន្ធ​មាន​ការ​​លាក់​ទុក​កាំ​ភ្លើង​​ជា​ច្រើន​ដើម ក៏​បាន​នាំ​ខ្លួន​ភិក្ខុសង្ឃ​ទៅ​យក​​កាំភ្លើង​វែង​ចំនួន​២៨ដើម​ ដែល​លាក់​ទុក​នៅ​អាស្រម​មួយ ក្នុងភូមិ​ព្រៃ​ស្នួល សង្កាត់​ពន់​សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវការនិង​​សម្ងាត់​​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ភិក្ខុសង្ឃ​១​អង្គហើយ គ្មាន​​អ្វី​​ត្រូវ​​ហ៊ាន​​លាក់​បាំង​​ទៀត​ឡើយ​ ក៏​ឈាន​​ទៅ​បក​ស្បែក​បន្ត​​រក​ឃើញ​ថា ករណី​ខាងលើ​នេះ​ជា​ការ​រៀបចំ​ធ្វើ​ភេរវកម្ម​មួយ ទើបសមត្ថកិច្ច​បាន​បន្ត​នីតិវិធី​ផ្សឹក​ភិក្ខុសង្ឃ​នោះ និង​តាម​ចាប់ខ្លួន​បក្សពួក​បន្ថែម​ទៀត ដល់​ខេត្តសៀមរាប បាន​សរុប​ប្រុស​៧​នាក់ និង​ស្ត្រី​ម្នាក់ ។

ប្រភព​ព័ត៌មាន​ពី​មនុស្ស​ដែល​ស្និទ្ធ និង​អតីត​ភិក្ខុសង្ឃ​វត្ត​ពោធិ៍​អង្គ​នោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា រឿង​មនុស្ស​ទាំង​៨នាក់​ ពាក់ព័ន្ធ​លាក់​ទុក​កាំ​ភ្លើង​សង្គ្រាម​​ជាង​២០​ដើម ទំនង​សុទ្ធតែ​ត្រូវ​ចាញ់បោក​គេ​ទេ ។ នេះ​បើ​តាម​ការ​ពិនិត្យ​មើល​សមាសភាព​ពួក​គេ មិន​អាច​ធ្វើ​អ្វី​ទៅ​បាន ដោយ​គ្មាន​ខ្សែរយៈ គ្មាន​ការ​រៀបចំ​គ្មាន​ការ​ចាត់តាំង ឬ ផ្តល់​លុយកាក់​ម​ធ្យោ​យ​ដល់​ពួក​គេ​នោះ​ទេ ។  ប៉ុន្តែ​យ៉ាងណា​ក្តី​សំណុំរឿង​នេះ បាន​ស្ថិត​នៅ​ដៃ​សមត្ថកិច្ច​អស់ហើយ គ្រាន់តែ​គ្មាន​ការ​អនុញាត​ឲ្យ​ទម្លាយ​​ព័ត៌មាន​ជា​សាធារណៈ​នៅ​ឡើយ តែ​ប៉ុណ្ណោះ​…​​មិន​យូរ​​​ទេ​គង់​តែ​​ធ្លាយ​ ។

នៅ​វេលា​​​ម៉ោង​​៦​ល្ងាច​​​ថ្ងៃ​ដដែល​ ចៅក្រម​​​ស៊ើប​សួរ​​​លោក​ អុឹម វណ្ណៈ​ បាន​សម្រេច​​​ចោទ​ប្រកាន់​​​ពីបទ​​​ប៉ុន​ប៉ង​​​ភេរវកម្ម​​ បង្កើត​​​អបគមន៍​ និង​​​លាក់​អា​វុធ​​ដោយ​​គ្មាន​ការ​​អនុញ្ញាត ។ ជន​ជាប់​ចោទ​​​ទាំង​៨​​នាក់​ ក៏​ត្រូវ​​​បាន​ចេញ​​ដីកា​​ឃុំ​ខ្លួន​​​បណ្តោះ​អាសន្ន​​នៅ​ពន្ធ​នាគារ​​ព្រៃ​.ស​​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ