រាជធានីភ្នំពេញ៖ កម្ពុជាមិនបានបញ្ជូនបេក្ខភាពរបស់ខ្លួនឲ្យចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិដែលជាកម្មវិធីប្រកួតបវរកញ្ញាធំលំដាប់ទី៣របស់ពិភពលោក នៅឆ្នាំនេះទេ ។
បើតាមការប្រកាសរបស់ផេកហ្វេសប៊ុក MISS Cambodia Beauty Pageant បានឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា «យើងទើបតែទទួលបានព័ត៌មាន ដែលផ្ញើពីស្ថាប័នបវរកញ្ញាអន្តរជាតិ(Miss International Org )មកកាន់ខាងយើងដោយផ្ទាល់ ។ បើតាមការបញ្ជាក់ពីស្ថាប័នបវរកញ្ញាអន្តរជាតិថា ខាងស្ថាប័នពុំមានទទួលបានការស្នើសុំពីបេក្ខភាពកម្ពុជា ដើម្បីបញ្ជូនបវរកញ្ញាកម្ពុជាណាមួយទៅចូលរួមសម្រាប់ឆ្នាំនេះទេ ។ ដូច្នេះមានន័យថាកម្ពុជានឹងអវត្តមានពីការប្រកួតកម្មវិធីបវរកញ្ញាធំសម្រាប់ឆ្នាំនេះ »។
កម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិត្រូវបានចាត់ទុកជាកម្មវិធីប្រកួតបវរកញ្ញាធំលំដាប់ទី៣ របស់ពិភពលោកដែលមានការទួលស្គាល់ បន្ទាប់ពីបវរកញ្ញាចក្កវាឡ និងបវរកញ្ញាពិភពលោក ប៉ុន្តែកម្ពុជាមិនសូវផ្តោតចូលរួមទេ ។ កម្មវិធីនេះបង្កើតឡើងដោយប្រទេសជប៉ុន នៅឆ្នាំ១៩៦០ មានគោលដៅនិយាយពីសេចក្តីស្រឡាញ់, សន្តិភាព និងសម្រស់ «Love, Peace and Beauty» ។
ប្រភពដដែលបន្តថា «សម្រាប់ព័ត៌មានដែលខាងយើងបានដឹង franchise របស់បវរកញ្ញាអន្តរជាតិ គឺពុំមានបង់ថ្លៃទេ ។ ញាត សុភា ជាបវរកញ្ញាអន្តរជាតិដំបូងបង្អស់សម្រាប់កម្ពុជា។ នាងគឺជាបវរកញ្ញាទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងកម្មវិធីប្រកួត «Miss Grand Cambodia» ឆ្នាំ២០១៧ ។
ញាត សុភា ធ្លាប់ជាកញ្ញាឯកតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតបវរកញ្ញាអន្តរជាតិ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅដែលរៀបចំនៅប្រទេសជប៉ុន។ ទោះបីជាលទ្ធផលមិនសូវជាជោគជ័យខ្លាំង ឬឈ្នះក្លាយជាម្ចាស់ជ័យលាភីក្តី តែនេះក៏ជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាដែលអាចមានវត្តមានក្នុងកម្មវិធីប្រកួតសម្រស់ ធំៗស្ទើរតែទាំងអស់ជុំវិញពិភពលោក ។
សង្ឃឹមថានឹងមានវត្តមានកម្ពុជាសម្រាប់ឆ្នាំក្រោយ ព្រមទាំងយកចិត្តទុកដាក់ដល់បវរកញ្ញាដែលបានចូលរួមប្រកួតក្នុងកម្មវិធីដ៏ធំមួយនេះ»៕
ចែករំលែកព័តមាននេះ