ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង នួន ​ជា និង​ខៀវ សំ​ផ​ន ត្រូវ​បាន​សាលាក្តី​ខ្មែរក្រហម​ប្រកាស​នៅ​ខែវិច្ឆិកា​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​) ឬ​សាលាក្តី​ខ្មែរក្រហម​នឹង​ប្រកាស​សាលា​ក្រម​សំណុំរឿង​នួន ជា និង​ខៀវ សំ​ផ​ន​នៅ ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។…

រាជធានី​ភ្នំពេញ ៖ អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​) ឬ​សាលាក្តី​ខ្មែរក្រហម​នឹង​ប្រកាស​សាលា​ក្រម​សំណុំរឿង​នួន ជា និង​ខៀវ សំ​ផ​ន​នៅ ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​សាលាក្តី​ខ្មែរក្រហម ។ 

សាលាក្តី​ខ្មែរក្រហម​បាន​ចេញ​ដីកា​កំណត់​កាលបរិច្ឆេទ​ប្រកាស​សាលក្រម នៅ​ក្នុង​សំណុំរឿង ០០២/០២ ដោយ​បាន​ជូនដំណឹង​ដល់​ភាគី​នានា​ថា អនុលោម​តាម​វិធាន​១០២(១)​នៃ​វិធាន​ផ្ទៃក្នុង​អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​ប្រកាសសេចក្តី​សំអាង​ហេតុ និង​ផ្នែក​នៃ​សេចក្តីសម្រេច​នៃ​សាលក្រម​ក្នុង​សំណុំរឿង​០០២/០២ ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ នួន ជាង និង​ខៀវ សំ​ផ​ន នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​នៅ​ក្នុង​សាល​សវនាការ​ធំ​នៃ​អ​.​វ​.​ត​.​ក ចាប់ពី​ម៉ោង ០៩​និង​៣០​នាទី​ព្រឹក ។


យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម កាលពី​ថ្ងៃ​ទី​២៦ សវនាការ​ដេញដោល​ពិនិត្យ​ភស្តុ​តាង​សំណុំរឿង​០០២/០២ បាន​ចាប់ផ្តើម​ដោយ​ការ​ធ្វើ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៤ និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ ។ ការ​ជំនុំជម្រះ​រួម​ទាំង​ការ​ស្តាប់​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​ផង​មាន​រយៈពេល​សរុប​ចំនួន​២៨៣​ថ្ងៃ ។ ក្នុងអំឡុងពេល​សវនាការ​នេះ​អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​ស្តាប់​សក្ខីកម្ម​ពី​បុគ្គល​សរុប​ចំនួន​១៨៥​នាក់ ក្នុង​នោះ​មាន​សាក្សី​បញ្ជាក់​អង្គហេតុ​ចំនួន​១១៤​នាក់ ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​៦៣​នាក់ និង​អ្នកជំនាញ​ចំនួន​៨​នាក់ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា សវនាការ​នេះ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណៈជន​ដោយ​មាន​សាធារណៈ ជន​ចូលរួម​ស្តាប់ និង​តាមដាន​សវនាការ​នេះ​ដោយ​ផ្ទាល់​សរុប​ចំនួន​៨២៧៨០​នាក់ ។ ជនជាប់ចោទ​ដែល​ត្រូវ​ជំនុំជម្រះ​ក្នុង​សំណុំរឿង​០០២/០២ មាន​នួន ជា ដែល​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ខៀវ សំ​ផ​ន ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។

បទ​ចោទ​នៅ​ក្នុង​សំណុំរឿង​០០២/០២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង​ឧក្រិដ្ឋកម្ម និង​ការ​ចោទប្រកាន់​លើ​អង្គហេតុ​ដូច​តទៅ ៖ ការដ្ឋាន​ការងារ និង​សហករណ៍ (​សហករណ៍​ត្រាំកក់ ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម ការដ្ឋាន​ទំនប់​១​មក​រា និង​ការដ្ឋាន​សាងសង់​ព្រ​លាន​យន្តហោះ​កំពង់ឆ្នាំង​) មន្ទីរ​សន្តិសុខ និង​ទីតាំង​សម្លាប់​មនុស្ស (​មន្ទីរ​សន្តិសុខ​ស​-២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ មន្ទីរ​សន្តិសុខ​អូរ​កន្សែង និង​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល​) អំពើ​ប្រល័យ​ពូជ សាសន៍​ទៅ​លើ​ប្រជាជន​ចាម និង​វៀតណាម ការ​ប្រព្រឹត្តិ​ចំពោះ​ពុទ្ធសាសនិកជន និង​អតីតមន្ត្រី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​ទូ​ទាំង​ប្រទេស ។

អង្គ​ជំនុំជម្រះ​ក៏​បាន​បើក​សវនាការ​ដេញដោល​ពិនិត្យ​ភស្តុ​តាង​លើ​ការ​ចោទប្រកាន់​អំពី​លក្ខណៈ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តួនាទី​របស់​ជនជាប់ចោទ​នៅ​ក្នុង​រដ្ឋាភិបាល​រួម​ទាំង​ភស្តុ​តាង​ស្តី​ពី​រចនាសម្ព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ