ប្រទេសរុស្ស៊ី ៖ មេដឹកនាំប្រឆាំងរុស្ស៊ីសំខាន់មួយរូប លោកអាឡិចសីណាវ៉ាល់នី ត្រូវចាប់ខ្លួនទៀតនាថ្ងៃទី២៤ កញ្ញា ពេលចេញពីពន្ធនាគារ ហើយត្រូវទទួលការកាត់ទោសថ្មីឲ្យជាប់គុក២០ថ្ងៃទៀត ពីបទអំពាវនាវឲ្យធ្វើបាតុកម្មប្រឆាំងការកែទម្រង់ការចូលនិវត្តន៍។
ខណៈដែលលោកណាវ៉ាល់នីរងការវិនិច្ឆ័យទោសដោយតុលាការក្រុងមូស្គូមួយ អ្នកនាំពាក្យរបស់លោក លោកស្រី KIRA LARMYCH តាមTWITTER សរសេរថា លោកណាវ៉ាល់នី ជាប់ពន្ធនាគារ២០ថ្ងៃទៀត។
មេដឹកនាំប្រឆាំងរូបនេះទទួលសេរីភាពបានតែប៉ុន្មានវិនាទីប៉ុណ្ណោះ ក្រោយចេញពីមណ្ឌលឃុំឃាំងនាព្រឹកព្រលឹម បន្ទាប់ពីជាប់នៅទីនោះ៣០ថ្ងៃ ព្រោះតែបាតុកម្មពុំមានការអនុញ្ញាតមួយកាលពីខែមករា ដោយនាឱកាសនៃបាតុកម្មនេះលោកអំពាវនាវឲ្យធ្វើពហិការការបោះឆ្នោតប្រធានាធិបតីថ្ងៃទី១៨មីនា។
ជនប្រឆាំងអាយុ៤២ឆ្នាំរូបនោះដែលជាប់ពន្ធគារ១៧២ថ្ងៃរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវនាំខ្លួនមកកាន់ស្នងការដ្ឋានប៉ូលិសមួយ ហើយបន្ទាប់ពីឃុំខ្លួន៨ម៉ោង ត្រូវបាននាំមកកាន់តុលាការ។ លោកទទួលការចោទប្រកាន់ពីបទអំពាវនាវឲ្យធ្វើបាតុកម្មមួយនាំឲ្យប៉ះពាល់ដល់សុខភាពមនុស្ស ដែលចង់និយាយសំដៅលើប៉ូលិស។
លោកណាវ៉ាល់នីបានអំពាវនាវដល់ពលរដ្ឋរុស្ស៊ី ឲ្យលើកគ្នាធ្វើបាតុកម្ម នាថ្ងៃទី៩ កញ្ញា ប្រឆាំងគម្រោងនៃការកែទម្រង់ការចូលនិវត្តន៍ដ៏សំខាន់របស់រដ្ឋាភិបាល៕
ចែករំលែកព័តមាននេះ