ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាង​កាំ​ភ្លើង ម្ខាង​កាំបិត អ្នក​ក្បែរ​រត់​ជាន់​ជើង ព្រោះ​ឈាម​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ពលរដ្ឋ​រត់​ចែក​ជើង​គ្នា បម្រុង​ត្រៀម​បង្វិច​រត់ ស្មាន​តែ​សង្គ្រាម​សមរភូមិ​កើតឡើង ប៉ុន្តែ​តាម​ពិត​ផ្ទុះអាវុធ​រឿង​ទំនាស់​សម្តី​គ្នា​ក្នុង​ហាង​នំ​បុ័ង​ទៅ​វិញ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ពលរដ្ឋ​រត់​ចែក​ជើង​គ្នា បម្រុង​ត្រៀម​បង្វិច​រត់ ស្មាន​តែ​សង្គ្រាម​សមរភូមិ​កើតឡើង ប៉ុន្តែ​តាម​ពិត​ផ្ទុះអាវុធ​រឿង​ទំនាស់​សម្តី​គ្នា​ក្នុង​ហាង​នំ​បុ័ង​ទៅ​វិញ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ហាង​នំ​បុ័ង ខ្មែរ​អង្គរ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ប្រើប្រាស់​អាវុធ​បាញ់​ក្នុង​ហេតុការណ៍​នោះ​ឈ្មោះ អ៊ឹម សុ​ថា អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា​ភូមិភាគ​ពិសេស មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ រង​របួស​ដៃ​ឆ្វេង​ហូរ​ឈាម​កក្លាក់ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ជា​កម្មករ​នៅ​ហាង​នំ​បុ័ង​ខាងលើ បាន​នាំ​គ្ន​រត់គេច​ខ្លួន​បាត់​អស់ ។

ប្រភព​ពី​ស្ត្រី​ឈ្មោះ ពិ​ម សុ​ខះ អាយុ​៣៥​ឆ្នាំ ឲ្យ​ដឹង​ថា មុន​កើតហេតុ បុរស​មាន​កាំភ្លើង​ក្រោយ​​ពី​ផឹក​ស្រវឹង​ក្នុងភូមិ​ស្រឿង​ៗ​ដើរទៅ​រក​ទិញ​នំ​សែន​ព្រះ​ខែ តែ​ត្រូវ​ក្រុម​កម្មករ​ក្នុង​ហាង​ប្រាប់​តប​វិញ​ថា «​មាន តែ​មិនដឹង​ថា​តម្លៃ​ប៉ុន្មាន ចាំ​សួរ​ថៅកែ​សិន​» បែរជា​បុរស​ខាងលើ​ខឹង​ក្លាយជា​ទំនាស់​សម្តីរ​ត់ទៅ​ផ្ទះ​ទាញ​មក​វិញ​កាំភ្លើង​ម៉ាក រ៉ូ​ឡូ ដល់​មុខ​ហាង​នំ​បុ័ង​បាញ់​ឡើង​លើ​មួយ​គ្រាប់​ធ្វើ​ឲ្យ​កម្មករ អ្នក​ភូមិ​ផ្អើល​រត់​ជាន់​ជើង​គ្នា​សម្រុកចូល ដោយ​ខាង​កម្មករ​មានកាំបិត​ផង​កាប់​ទៅ​លើ​បុរស​ជា​មន្ត្រី​យោធា បណ្តាល​ឲ្យ​រង​របួស​ដៃ ទើប​កើត​មាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​បន្ថែម​ទៀត​ផ្អើល​អស់​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាំង​ប៉ូលិស ទាំង​អាវុធហត្ថ​ទៅ​ដល់​កន្លែង​កើតហេតុ តែ​ភាគី​ខាង​កម្មករ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។

តែបើ​តាម​ប្រភព​មួយ​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា មុន​កើតហេតុ​បុរស​យោធា​ដើរទៅ​រក​ទិញ​នំ​សែន​ព្រះ​ខែ​នៅ​ហាង​ខាងលើ គាប់​ជួន​កម្មករ​ក្នុង​ហាង​ឈ្លោះប្រកែក​គ្នា បុរស​ខាងលើ​ក៏​ចូល​ទៅ​ឃាត់ បែរជា​កើត​ទំនាស់​គ្នា​ជាមួយ​កម្មករ ទ្រាំ​ចិត្ត​មិន​បាន​ទៅ​យក​កាំភ្លើង​ពី​ផ្ទះ​មក​បាញ់​គំរាម​មួយ​គ្រាប់ ទើប​ធ្វើ​ឲ្យ​ក្រុម​កម្មករ​ប្រដាប់​ដោយ​កាំបិត​ស្ទុះ​ចូល​កាប់ បណ្តាល​​ឲ្យ​រង​របួស ហើយ​ត្រូវ​បុរស​រូប​នេះ​សម្រេចចិត្ត​បាញ់​ឡើង​លើ​បន្ថែម ដើម្បី​ការពារ​ខ្លួន ។

តែ​ទោះជា​យ៉ាងណា​ក្តី នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​រក​ឃើញ​សំបក​គ្រាប់​ចំនួន​៥​គ្រាប់ និង​គ្រាប់​នៅ​ជាប់​ក្នុង​កាំភ្លើង​មួយ​គ្រាប់​ទៀត ។

ក្រោយ​ពី​ហេតុការណ៍​ផ្ទុះអាវុធ​កើតឡើង​បង្ក​ឲ្យ​អ្នកមាន​រង​របួស ភាគី​ម្ខាង​ទៀត​រត់​បាត់ អាវុធហត្ថ​បាន​ហៅ​ថៅកែ​ហាង​នំ​បុ័ង​ទៅ​សាកសួរ​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខណ្ឌ ចំណែក​​បុរស​ជា​មន្ត្រី​យោធា​រង​របួស​នោះ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ឲ្យ​ទៅ​ពេទ្យ​សិន ។ ហើយ​សមត្ថកិច្ច​ក៏​កំពុង​សាកសួរ និង​ស្រាវជ្រាវ​ជុំវិញ​រឿងហេតុ​ខាងលើ ព្រោះ​មិន​ទាន់​ដឹង​ថា តើ​ខាង​ណា​ខុស ឬ​ខាង​ណា​ត្រូវ​នៅឡើយ​ទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ