ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កេសរ​កូ​ល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​គ្រោង​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុងខែ​តុលា​នេះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នឹង​ត្រូវ​បង្កើត​ឡើង ហើយ​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុងខែ​តុលា ឆ្នាំ​២០១៨​នេះ ។ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង…

ខេត្តសៀមរាប ៖ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នឹង​ត្រូវ​បង្កើត​ឡើង ហើយ​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុងខែ​តុលា ឆ្នាំ​២០១៨​នេះ ។

ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​(​ស្ថិត​នៅ​ជើងភ្នំ​គូលែន​) មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អគ្គលេខាធិកា​ដ្ឋា​ន​អភិវឌ្ឍន៍​ដោយ​ចីរភាព សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ម្ចាស់​កសិដ្ឋាន The Bloom Garden Greenhouse មានឈ្មោះ​ថា «​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​សុខ អាន ភ្នំ​គូលែន​» ។

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ដោយ​បញ្ជាក់​ថា ការ​ដាក់​ឈ្មោះ​«​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន​» គឺ​ដើម្បី​រំឭក​ពី​គុណ​បំណាច់​ដ៏​ថ្លៃថ្លា​របស់​វិញ្ញាណក្ខន្ធ សម្តេច​វិបុល​បញ្ញា សុខ អាន ក្នុង​បុព្វហេតុ​កសាង​ជាតិ​មាតុភូមិ​ការពារ​ធនធានធម្មជាតិ អភិរក្ស​ជីវៈចម្រុះ និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​មនុស្សជាតិ និង​លើកតម្កើង​វិស័យ​ទេសចរណ៍​កម្ពុជា ។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នេត្រ ភក្ត្រា បានឱ្យ​ដឹង​ថា មជ្ឈមណ្ឌល​នេះ​នឹង​ក្លាយជា​ទីតាំង​ប្រមូល​ការពារ​សង្គ្រោះ និង​អភិរក្ស​ប្រភេទ​កេសរ​កូ​ល​ព្រៃ ដែល​ទទួល​រង​ការ​គំរាមកំហែង និង​ជិត​ផុត​ពូជ​ពី​ព្រៃ​ធម្មជាតិ និង​ការ​សិក្សា​ស្រាវជ្រាវ​បន្ត ។ លោក​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន បាន​នឹង​កំពុង​ដំណើរការ​សាងសង់​ដំណាក់កាល​ដំបូង និង​ប្រមូល​ពូជ​កេសរ​កូ​ល​ព្រៃ​ពី​តំបន់​ភ្នំ​គូលែន​មក​បណ្តុះ និង​ថែរក្សា​ទុកជា​បណ្តើរ​ៗ ។ លោក​រដ្ឋលេខាធិការ​នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ពី​គោលបំណង​នៃ​ការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល គឺ​ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​ទាំង​ប្រភេទ​កម្រ និង​មិន​ទាន់​បាន​កំណត់​អត្តសញ្ញាណ អភិរក្ស​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ដែល​មាន និង​កំពុង​ទទួល​រងគ្រោះថ្នាក់ ដើម្បី​ស្តារ​ឡើង​វិញ​ទៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ ។

មជ្ឈមណ្ឌល​នេះ​នឹង​ដើរតួ​នាទី​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​សិស្ស​និស្សិត និង​សាធារណៈជន​ឱ្យ​បាន​យល់​ដឹង​ចេះ​ស្រឡាញ់ និង​បំផុសគំនិត​ឱ្យ​ចូលរួម​ថែរក្សា​ការពារ និង​អភិរក្ស​ពូជ​កេសរ​កូ​ល​ព្រៃ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅ​ក្នុង​តំបន់​ភ្នំ​គូលែន​ផង​ដែរ ។

បើ​តាម​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​កម្ពុជា​អាច​ចាត់ទុកជា​ប្រទេស​មួយ​ដែល​សំបូរ​បែប​នូវ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដោយ​ក្នុង​នោះ​ប្រភេទ​កេសរ​កូ​ល​ព្រៃ​(​អ័​រ​គី​ដេ​) អាច​មាន​ប្រមាណ​ជាង​៥០០​ប្រភេទ ហើយ​ពូជ​ខ្លះ​ក៏​ជា​ពូជ​កម្រ​ផង​ដែរ ។ ក្នុង​ចំណោម​ប្រភេទ​ទាំងនោះ​មាន​តែ​កេសរ​កូ​ល​ប្រមាណ​៣៦០​ប្រភេទ​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​អត្តសញ្ញាណ​រួច ។

បច្ចុប្បន្ន​កេសរ​កូ​ស​ព្រៃ​កំពុង​ទទួល​រង​ការ​គំរាមកំហែង​តាម​រយៈ​ការ​ជួញដូរ​ក្នុង​រូបភាព​ផ្សេង​ទៅ​បរទេស ជា​ពិសេស​ប្រទេស​ថៃ និង​វៀតណាម ប៉ុន្តែ​មិន​ទាន់​មានការ​កត់ត្រា និង​ព័ត៌មាន​លម្អិត​ពី​ការ​ជួញដូរ​នេះ​នៅឡើយ​ទេ ។ ប្រភេទ​កេសរ​កូ​ល​សំខាន់​ៗ​ដែល​កំពុង​រង​គ្រោះ​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​បឋម​មាន​ប្រភេទ​កេសរ​កូ​ស​ព្រៃ​ប្រមាណ​៧​ប្រភេទ ត្រូវ​បាន​ធ្វើ​កំណត់​ត្រា​ថ្មី សម្រាប់​ប្រទេស​កម្ពុជា​រៀង​រាល់​ឆ្នាំ ដោយ​ក្នុង​នោះ​មាន​ប្រភេទ​មួយ​ចំនួន​ដែល​កំពុង​ទទួល​រងគ្រោះថ្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ