ខេត្តស្ទឹងត្រែង ៖ ឈើអារប្រភេទលេខ១ចំនួន៣២សន្លឹកត្រូវបានរឹបអូសដោយកម្លាំងចម្រុះរួមមានរដ្ឋបាលព្រៃឈើកងរាជអាវុធហត្ថយោធានិងនគរបាល។ការបង្ក្រាប និងរឹបអូសវត្ថុតាងខាងលើកម្លាំងចម្រុះបានរឹបអូសមកពីស្រុកសៀមបូកហើយនាំមកដល់កំពង់សាឡាងខេត្តស្ទឹងត្រែងនៅសៀលថ្ងៃទី២០ កញ្ញា ២០១៨។
ប្រភពព័ត៌មានអោយដឹងថា មុនឈានដល់ការបង្ក្រាប អាជ្ញាធខេត្តស្ទឹងត្រែងបានដាក់បទបញ្ជាយ៉ាងតឹងរឹងអោយកម្លាំងសមត្ថកិច្ចរួមស្ថាប័នពាក់ព័ន្ធធនធានធម្មជាតិរួមសហការជាកម្លាំងចម្រុះដាក់ពង្រាយនៅគោលដៅសំខាន់ៗតាមបណ្តោយផ្លូវជាតិ និងផ្លូវទឹកដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ករណីចរាចរណ៍បទល្មើសព្រៃឈើ។
មន្ត្រីរដ្ឋបាលព្រៃឈើលោក ប៊ុន ឆេន អោយដឹងថា ក្រោយបណ្តាញភ្នាក់ងារនៅតាមដងទន្លេរាយការណ៍សកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើកើតមានរាល់យប់ឆ្លងកាត់ស្រុកសៀមបូក ទើបរដ្ឋបាលព្រៃឈើរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថកម្លាំងយោធានិងកម្លាំងនគរបាលដើម្បីចុះតាមដាននូវប្រភពសកម្មភាពនោះ។
ជាក់ស្តែងនៅវេលាម៉ោងជាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ កញ្ញា ២០១៨ ប្រទះឃើញទូកអេវបំពាក់ម៉ាស៊ីនមួយគ្រឿងផ្ទុកឈើអារសន្លឹកពេញទូកទើបសម្រេចបង្ក្រាបរឹបអូសតែម្តង។
មន្ត្រីកងរាជអាវុធហត្ថស្រុកសៀមបូកខេត្តស្ទឹងត្រែងអោយដឹងថា ការបង្ក្រាបរឹបអូសវត្ថុតាងខាងលើគឺកម្លាំងចម្រុះបានបង្ក្រាបរឹបអូសនៅចំណុចអូរសៀមបូក ឃុំសៀមបូក ស្រុកសៀមបូខេត្តស្ទឹងត្រែង។ ក្រោយការបង្ក្រាបទើបកម្លាំងសហការនាំមកទីរួមខេត្តស្ទឹងត្រែងដើម្បីធ្វើកំណត់ហេតុរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា វត្ថុតាងដែលរឹបអូសពីការបង្ក្រាបមានចំនួន៣២សន្លឹកជាប្រភេទឈើកកោះស្ថិតក្នុងលំដាប់ថ្នាក់លេខ១មួយទូកអេវឈើមួយគ្រឿងនិងម៉ាស៊ីនមួយគ្រឿង បច្ចុប្បន្ននាំទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ៕
ចែករំលែកព័តមាននេះ