ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ករណី​ដែល​​​កើតឡើង​​នេះ ​ធ្វើ​ឱ្យមាន​មតិ​២​កំពុងកក្រើក​​ក្នុង​​បណ្តាញ​​សង្គម…!​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ការ​ស្រាវជ្រាវ​មួយ​លើ​សកម្ម​ភាព​អ្នកផ្សារ​ព្រៃ​ទា​មួយ​ក្រុម ដែលបាន​ព្រួត​គ្នា​ចាប់​ក្មេង​ស្រី​ម្នាក់់​វ៉ៃ​ទាត់​ធាក់​ផ្តួល​ជាន់​សង្កត់ រួច​ចាប់បង្ខំ​កោរសក់​ក្បាល ​ដោយ​ចោទប្រកាន់​ថា ជា​ចោរ​ចូល​ទៅ​ក្នុងផ្ទះ​លក់ទំនិញ​មួយ​ប៉ុនប៉ង​លួច​ទូរស័ព្ទ​ និង​លុយ​កាក់​ពួក​គាត់…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ការ​ស្រាវជ្រាវ​មួយ​លើ​សកម្ម​ភាព​អ្នកផ្សារ​ព្រៃ​ទា​មួយ​ក្រុម ដែលបាន​ព្រួត​គ្នា​ចាប់​ក្មេង​ស្រី​ម្នាក់់​វ៉ៃ​ទាត់​ធាក់​ផ្តួល​ជាន់​សង្កត់ រួច​ចាប់បង្ខំ​កោរសក់​ក្បាល ​ដោយ​ចោទប្រកាន់​ថា ជា​ចោរ​ចូល​ទៅ​ក្នុងផ្ទះ​លក់ទំនិញ​មួយ​ប៉ុនប៉ង​លួច​ទូរស័ព្ទ​ និង​លុយ​កាក់​ពួក​គាត់ ។

នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ​កញ្ញា នគរបាល​ប៉ុស្តិ៍​ខាងលើ បាន​កោះហៅ​បុរស​៣​នាក់​ និង​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ដៃដល់​វាយដំ​ធ្វើ​ទារុណ​ និង​ចាប់​ក្មេង​ស្រី​ម្នាក់​កោរសក់​ក្បាល ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​បំភ្លឺ ជុំវិញ​រឿងរ៉ាវ​ខាងលើ ។ ខណៈនោះ ​ស្រាប់តែ​អ្នកផ្សារ​ជាង​៣០​នាក់​ទៀត​ បាន​នាំ​គ្នា​ទៅ​កាន់​ប៉ុស្តិ៍​នគរ​បាល​ដែរ ដើម្បី​គាំទ្រ​មនុស្ស​៤​នាក់ ​ដែល​ត្រូវ​នគរបាល​ហៅ​ទៅ​សាកសួរ​នោះ ។ ប៉ុន្តែ​ទោះបីជា​បែប​ណា នៅ​មិន​ទាន់​ដឹង​ថា តើ​នគរបាល​មានការ​សម្រេច​បែប​ណា​នៅឡើយ​ទេ ​ក្នុង​ករណី​មួយ​នេះ ហើយ​មនុស្ស​ទាំង​៤​នាក់​ ដែល​ហៅ​ទៅ​សាកសួរ​នោះ ​ត្រូវ​នគរបាល​ឃាត់់ខ្លួន​ ឬ​បែប​ណា​ឡើយ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​​និយាយ​ថា បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​​ភ្លាម កម្លាំង​សមត្ថកិច្ច​​ក៏​ទៅ​កាន់​កន្លែង​កើតហេតុ​នោះ​ភ្លាម​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​ស្ត្រី​សង្ស័យ​ត្រូវ​បាន​អ្នកផ្សារ​ដោះ​លែង​ផុត​បាត់​ទៅ​ហើយ ។ លុះ​ពេល​សួរនាំ​ទៅ​ថា ក្មេង​ស្រី​ម្នាក់​នោះ​​ មិន​ទាន់​លួច​បាន​របស់​អ្វី​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​លក់ទំនិញ និង​សង្ស័យ​ថា​ ប៉ុនប៉ង​លួច​ទូរស័ព្ទ​ប៉ុណ្ណោះ ទើប​កម្លាំង​សមត្ថកិច្ច​ត្រឡប់​មក​ប៉ុស្តិ៍​វិញ ។ លុះ​ក្រោយមក ស្រាប់តែ​លេច​ធ្លាយ​រូបភាព​នៃ​អំពើ​ហិង្សា​យ៉ាង​សាហាវ ដែល​អ្នកផ្សារ​៤​នាក់​ចាប់​នាង​វ៉ៃ​ផ្តួល​ជាន់​សង្កត់​ និង​កោរសក់​ក្បាល ។ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ថ្នាក់លើ បញ្ជា​ឲ្យ​បើក​ការ​ស្រាវជ្រាវ ហើយ​​នគរបាល​ប៉ុស្តិ៍​ ក៏​បាន​ហៅ​មនុស្ស​៤​នាក់​មក​សាកសួរ ក្នុង​នោះ​ មាន​បុរស​អ្នក​កោរសក់ អ្នក​វាយ និង​អ្នក​ដែល​អះអាង​ថា ​ជា​ម្ចាស់​ទូរស័ព្ទ​ដែល​ត្រូវ​ក្មេង​ស្រី​នោះ​លួច ហើយ​អត់​ទាន់​ដឹង​ពី​គោលការណ៍​ថ្នាក់លើ​យ៉ាងណា​បន្ត​ទៀត​ឡើយ ។

ជុំវិញ​ករណី​ដែល​បាន​កើតឡើង​នេះ ធ្វើ​ឲ្យ​មាន​មតិ​២​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ​កក្រើក​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ មាន​មតិ​ខ្លះនិយាយ​ថា អ្នក​ដែល​ថ្កោលទោស​ទៅ​លើ​អ្នក​ប្រើ​ហិង្សា​លើ​ក្មេង​ស្រី​ គឺជា​អ្នក​ការពារ​ចោរ ។ តែ​អ្នកខ្លះ​ទៀត​​និយាយ​ថា អំពើ​ហិង្សា​បែប​នេះ​ គឺជា​អំពើ​ព្រៃផ្សៃ​មិន​អាច​ទទួលយក​បាន ។

សូម​រំឭក​ថា កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទីរសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា នៅ​ផ្សារ​ព្រៃ​ទា ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានការ​ចាប់ខ្លួន​ក្មេង​ស្រី​ម្នាក់ ដោយ​ក្រុម​អាជីវករ​នៅ​ផ្សារ​ខាងលើ ហើយ​ចោទប្រកាន់​នាង​ថា​គឺជា​មុខសញ្ញា​ចោរលួច​បាន​ចូល​ទៅ​លួច​ទូរស័ព្ទ​និង​លុយកាក់​នៅ​ក្នុងផ្ទះ​ពួក​គាត់​។
ក្មេង​ស្រី​ខាងលើ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ នាង​មាន​អាយុ​ប្រហែល​ជិត​២០​ឆ្នាំ​ប៉ុណ្ណោះ និង​បាន​និយាយ​ថា នាង​មានស្រុក​កំណើត​នៅ​ក្រុង​ពោធិ៍សាត់ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នា​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​នោះ ក្មេង​ស្រី​ខាងលើ​បាន​ដើរចូល​ទៅ​ក្នុងផ្ទះ​លក់ទំនិញ​ក្នុង​ផ្សារ ។ ខណៈនោះ ម្ចាស់ផ្ទះ​អះអាង​ថា​នាង​ចូល​ទៅ​លួច​ទូរស័ព្ទ តែ​គាត់​ឃើញ​ទាន់​ក៏​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ចាប់ខ្លួន​បាន ។ ដោយសារ​តែ​កន្លង​មក អ្នកផ្សារ​ធ្លាប់​បាត់​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ ព្រមទាំង​បាត់​កាបូប​លុយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​រកមុខ​ចោរ​មិន​ដែល​ឃើញ​ម្ដងណា​នោះ ទើប​នៅ​ពេល​ចាប់​បាន​ក្មេង​ស្រី​ខាងលើ​ក៏​នាំ​គ្នា​វាយដំ ហើយ​ស្រែ​កថា​ចោរ​ៗ​ព្រមទាំង​ស្រែក​គំរាម​ឲ្យ​លុតជង្គង់ មាន​អ្នកខ្លះ​ទះ​មុខមាត់​នាង​ខ្លាំង​ៗ ។ បន្ទាប់​មក​ចាប់​ផ្ដួល​ទៅ​នឹង​ដី​ដោយ​ជាន់​សង្កត់ពីលើ រួច​កោរសក់​ក្បាល​អស់​មួយ​ចំហៀង​និង​វាយ​មួយ​ឆ្អែត​ថែម​ទៀត ទើប​ដោះ​លែង​ទៅ​វិញ​ដោយ​អត់​មាន​វត្ថុ​តាង​ថា នាង​ជា​ចោរ​ទេ ហើយ​នាង​ក៏​ប្រកែក​ថា​មិនមែន​នាង​ធ្វើ​ចោរ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ត្រូវ​ចាប់ខ្លួន​នោះ ក្មេង​ស្រី​រូប​នេះ​បាន​លើកដៃ​សំពះ​អង្វរ​សុំ​ការ​លើក​លែ​ង​ទោស និង​កុំ​ឲ្យ​វាយតប់ ព្រមទាំង​កុំ​ថតរូប​នាង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ។ នាង​ក៏​បានបដិ​សេធ​ម្ដង​ហើយ​ម្ដងទៀត​ថា នាង​មិនមែនជា​ចោរ​ទេ ហើយ​ក៏​មិន​ដែល​ធ្លាប់​លួច​របស់​អ្នក​ដទៃ និង​មិន​ធ្លាប់​ទៅ​ផ្សារ​ព្រៃ​ទា​នោះ​ដែរ ។ ប៉ុន្តែ​ដោយសារ​តែ​កំហឹង ព្រោះតែ​ធ្លាប់​បាត់​ទ្រព្យសម្បត្តិ​នា​ពេល​កន្លង​មក​នោះ ទើប​អ្នកផ្សារ​ខាងលើ​ដែល​គ្រាន់តែ​ស្រែ​កថា​ចោរ ក៏​ចាប់​នាង​វ៉ៃ​ទាត់​ធាក់​ពេញ​ទៅ​ដោយ​កំហឹង​ព្រៃផ្សៃ ព្រមទាំង​មិន​ស្ដាប់​ការ​អង្វរ​និង​បកស្រាយ​របស់​នាង​ឡើយ ។ មិនតែប៉ុណ្ណោះ​គេ​នាំ​គ្នា​ចាប់​នាង​ផ្ដួល​ទៅ​លើ​ដី​ជាន់ក​កោរសក់ ។

នៅ​ក្នុង​រូបភាព​វី​ដេ​អូ គេ​ឃើញ​បុរស​ម្នាក់​ស្លៀក​កន្សែង​ពណ៌​ក្រហម អត់​ពាក់អាវ កាន់​កន្ត្រៃ​កាត់សក់​ប្រើ​ម៉ូ​ទ័​រ ជា​អ្នក​កោរសក់​ក្បាល​របស់​ក្មេង​ស្រី ។ ឯ​បុរស​ម្នាក់​ទៀត​ជា​អ្នក​ជួយ​ចាប់ និង​ម្នាក់​ទៀត​ជាន់​លើ​ខ្លួន​នាង គឺជា​ទារុណកម្ម​ព្រៃផ្សៃ​ណាស់ ។ ខណៈនោះ គេ​ឃើញ​នាង​ក្រាញននៀល​មិន​ចង់​ឲ្យ​កោរ​ឡើយ ប៉ុន្តែ​ទីបំផុត នៅ​តែ​ត្រូវ​ចាប់​កោរសក់​អស់​១​ចំហៀង​ក្បាល​ដដែល​យ៉ាង​ទារុណ​បំផុត ។ ក្រោយ​ពី​កោរសក់​រួច​ក៏​បាន​វាយ​ថែម រួច​ទើប​ដោះ​លែង​ទៅ​វិញ មិន​បាន​ប្រគល់​ឲ្យ​នគរបាល​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឡើយ ហើយ​ក៏​មិន​បានដឹង​ថា​ក្មេង​ស្រី​ម្នាក់​នោះ​ទៅ​កន្លែង​ណា​ដែរ​។

ភ្លាម​ៗ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​ទៅ​កាន់​កន្លែង​កើតហេតុ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ក្មេង​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ដោះ​លែង​ផុត​ទៅ​ហើយ ។អ្នក​ច្បាប់​ម្នាក់​និយាយ​ខ្លី​ថា បើ​ចោរ​មែន​…​តាម​ច្បាប់​ត្រូវ​ទទួលទោស ។ ចំណែក​អ្នក​វ៉ៃ​…​តាម​ច្បាប់​មានទោស​ធ្ងន់​ជាង​ចោរ​៣​ដង ។នៅ​ទីបំផុត​ត្រឹម​វេលា​ល្ងាច​ថ្ងៃ​ដែល​មនុស្ស​៣​នាក់​ក្នុង​ចំណោម​៤​នាក់ មាន​ឪពុក​-​ម្ដាយ​និង​កូន​ត្រូវ​ឃាត់ខ្លួន ឯ​ម្នាក់​ទៀត​ជា​អ្នក​បំភ្លឺ ៕

អត្ថបទសរសេរ ដោយ