ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មានគុណ​ចំពោះ​កុមារ​កម្ពុជា បាន​លាចាក​លោក​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​បញ្ជាក់​របស់​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​បញ្ជាក់​របស់​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា ទទួលមរណភាព​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៧១​ឆ្នាំ នៅ​ប្រទេស​ស្វី​ស​។ លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ប្រកាស​លាលែង​ពី​តំណែង តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ចុះ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨​។ មូលហេតុ​ដែល​ប្រកាស​លាឈប់​នេះ ដោយសារ​លោក​វេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។ លោក​Beat Richner ប្រគល់​តំណែង​តួនាទី​ទៅ​ឲ្យ​លោក​វេជ្ជបណ្ឌិត Peter Studer ដែល​ជា​អនុប្រធាន​មន្ទីរពេទ្យ​នា​ពេល​បច្ចុប្បន្ន​។

បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​មាន​បុគ្គលិក​កំពុង​បម្រើ​ការងារ​ចំនួន​ពីរ​ពាន់​ប្រាំ​រយ​នាក់​។ លោក​វេជ្ជបណ្ឌិត Beat Richner មាន​វ័យ​៧១​ឆ្នាំ​គឺជា​ជនជាតិ​ស្វី​ស​។ ដំបូង​ឡើយ​លោក Beat Richner បាន​ធ្វើការ​ឲ្យ​កាកបាទក្រហម​ប្រទេស​ស្វី​ស​។ តែ​ក្រោយមក​លោក​ត្រូវ​បាន​បញ្ជូន​មក​ធ្វើការ​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ​១៩៧៤​ដល់​ឆ្នាំ​១៩៧៥​។ តែ​លោក​ត្រូវ​បង្ខំ​ចេញ​ទៅ​ប្រទេស​កំណើត​វិញ នៅ​ពេល​ដែល​ខ្មែរក្រហម​បាន​ចូល​មក​កាន់កាប់​ប្រទេស​កម្ពុជា​។ ហើយ​នៅ​ក្នុង​១៩៩១ លោក Beat Richner បាន​ត្រឡប់​មក​កម្ពុជា និង​សុំ​ឲ្យ​រដ្ឋាភិបាល​សាងសង់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ឡើង​វិញ បន្ទាប់​ពី​មន្ទីរពេទ្យ​មួយ​នេះ​រង​ការ​បំផ្លិចបំផ្លាញ​។​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​ពលរដ្ឋ​និយម​ហៅ​ជា​ទូទៅ​ថា ពេទ្យ​ទេវតា​ដែល​ព្យាបាល​កុមារ​ខ្មែរ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​ឥត​គិតថ្លៃ​នោះ គិត​រហូត​មក​ដល់​ពេល​នេះ មាន​អាយុកាល​២៥​ឆ្នាំ​ហើយ បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​១៩៩២​។

មួយ​ផ្នែក​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដែល​ក្នុង​មួយ​ថ្ងៃ​ចំណាយ​១២​ម៉ឺន​ដុល្លារ​នោះ​លោក​វេជ្ជបណ្ឌិត Beat Richner បាន​សម្ដែង​សិល្បៈ​តាម​រយៈ​ការ​លេង​សូ​ឡូ ឬ​កូតវីយូឡុង ដើម្បី​ប្រមូល​ថវិកា​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​។ ក្រៅពី​នេះ​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធ​បុប្ផា រដ្ឋាភិបាល​ស្វី​សបាន​ផ្ដល់​ជំនួយ​៤​លាន​ដុល្លារ​នៅ​រៀង​រាល់​ឆ្នាំ​។ រដ្ឋាភិបាល​កម្ពុជា​ជិត​១០​លាន​ដុល្លារ​នៅ​រៀង​រាល់​ឆ្នាំ​។ ដោយ​ក្នុង​នោះ​នៅ​ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា​បង្កើន​ថវិកា​វិភាគទាន​ជា​សាច់ប្រាក់​ចំនួន ២​លាន​ដុល្លារ​អា​មេ​រិ​ក​។

ហើយ​ឆ្នាំ​២០១៦​រដ្ឋាភិបាល​បង្កើន​ថវិកា​វិភាគទាន​ជា​សាច់ប្រាក់​រហូត​ដល់ ៦​លាន​ដុល្លារ​ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។ បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​មាន​៥​ទីតាំង​ភ្នំពេញ​៤​ទីតាំង និង​សៀម​រាម​១​ទីតាំង​។ សូម​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០១៦ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ចំណាយ​ថវិកា​អស់​ជាង ៥០០​លាន​ដុល្លារ​ក្នុង​ការ​ព្យាបាល​កុមារ​។ ហើយ​២៤​ឆ្នាំ​មកនេះ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ព្យាបាល​កុមារ​ចំនួន​១៦​លាន​នាក់​។ ក្នុង​នោះ​១.៦​លាន​នាក់ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​។ មន្ទីរពេទ្យ​គន្ធ​បុប្ផា នៅ​ភ្នំពេញ និង​នៅ​សៀមរាប បាន​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ជា​កុមារ​ជាង ៨​ម៉ឺន​នាក់​ក្នុង​មួយ​ខែ​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ