ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ល្ខោន​ខោល​​​មរតក​ដូន​តា​

5 ឆ្នាំ មុន
  • ភ្នំពេញ

ពិតជា​មោទនភាព​ជាតិ​ពន់ពេក​ណាស់ ដែល​ស្រទាប់​យុវជន​កម្ពុជា ​បាន​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​មោះមុត ​ជុំវិញ​ការ​រក្សា​មរតក​វប្បធម៌​ជាតិ តាម​រយៈ​ការ​សម្តែង​មតិ​នានា​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ នេះ​ជា​មនសិការ​ជាតិ​​មួយ​គួរ​ឱ្យ​គោរព​សម្រាប់​អ្នក​បន្តវេន​នៃ​អនាគត​កម្ពុជា ។ នោះ​គឺ​សំណុំរឿង​ល្ខោនខោល ដែល​នឹង​ត្រូវ​អង្គការ​យូ​ណេ​ស្កូ​សម្រេច​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក…

ពិតជា​មោទនភាព​ជាតិ​ពន់ពេក​ណាស់ ដែល​ស្រទាប់​យុវជន​កម្ពុជា ​បាន​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​មោះមុត ​ជុំវិញ​ការ​រក្សា​មរតក​វប្បធម៌​ជាតិ តាម​រយៈ​ការ​សម្តែង​មតិ​នានា​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ នេះ​ជា​មនសិការ​ជាតិ​​មួយ​គួរ​ឱ្យ​គោរព​សម្រាប់​អ្នក​បន្តវេន​នៃ​អនាគត​កម្ពុជា ។ នោះ​គឺ​សំណុំរឿង​ល្ខោនខោល ដែល​នឹង​ត្រូវ​អង្គការ​យូ​ណេ​ស្កូ​សម្រេច​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

លទ្ធផល​ស្តី​ពី​ការ​ស្នើ​ដាក់​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នៅ​អង្គការ​យូ​ណេ
​ស្កូ នឹង​ត្រូវ​ប្រកាស​នៅ​ចុងឆ្នាំ​២០១៨​នេះ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់ បន្ទាប់​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន ចង់​ឲ្យ​អង្គការ​យូ​ណេ​ស្កូ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភពលោក ។

មានការ​រំពឹង​ថា ល្ខោនខោល​របស់​កម្ពុជា​(​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​) នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ព្រោះ​កម្ពុជា​មាន​ភ័ស្តុតាង​និង​មូលដ្ឋាន​ច្បាស់លាស់ ។ ជា​ការ​ពិត គោលបំណង​របស់​ប្រទេស​ជិតខាង​ដែល​មាន​វប្បធម៌​ស្រ​ដៀង​គ្នា ចង់ឱ្យ​មរតក​វប្បធម៌​របស់​ខ្មែរ​ក្លាយជា​របស់​ខ្លួន មិន​មាន​អំណះអំណាង​ជា​ភ័ស្តុតាង​នោះ​ទេ ។

កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៧ កម្ពុជា​បាន​បញ្ជូន​ឯកសារ​ទាក់ទង​ទៅ​នឹង​ល្ខោនខោល​ទៅ​អង្គការ​យូ​ណេ​ស្កូ ដំណាលគ្នា​នឹង​ឯកសារ​គុន​ល្បុក្កតោ​ខ្មែរ ។ ក្រសួង​វប្បធម៌​អះអាង​ថា ឯកសារ​នីមួយ​ៗ​ដែល​ដាក់​ស្នើ​សុំ ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​វាយតម្លៃ​ជា​ច្រើន​ដំណាក់​កាលពី​ក្រុម​ជំនាញ​អន្តរជាតិ មុន​នឹង​ដាក់​ពិនិត្យ​សម្រេច​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល នៃ​អង្គការ​យូ​ណេ​ស្កូ​នា​ចុងឆ្នាំ​២០១៨​នេះ ។

ថ្មី​ៗ​នេះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម បាន​សរសេរ​សារ​ខ្លី​ៗ​ដោយ​បញ្ជាក់​ថា ល្ខោនខោល​ជា​របស់​ខ្មែរ ហើយ​ទាមទារ​ឲ្យ​អង្គការ​យូ​ណេ​ស្កូ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ ។ ជា​ការ​ឆ្លើយ​តប មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​ភាព​ស្ងប់ស្ងាត់​ទាក់ទង​នឹង​ការ​ស្នើ​ដាក់​បញ្ចូល​ល្ខោនខោល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ព្រោះ​ក្រសួង​វប្បធម៌​បាន​បំពេញ​តួនាទី​រួចរាល់​អស់ហើយ ចំពោះ​ការ​ថែរក្សា​សម្បត្តិ​វប្បធម៌​ទាំង​រូបី​និង​អរូបី​របស់​កម្ពុជា និង​មាន​ទំនុកចិត្ត​ថា សម្បត្តិ​វប្បធម៌​ជាតិ​មួយ​នេះ​គឺជា​របស់​ខ្មែរ ។

រហូត​មក​ដល់​ពេល​នេះ សម្បត្តិ​វប្បធម៌​របស់​កម្ពុជា​ដែល​រួម​មាន របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ ល្បែង​ទាញព្រ័ត្រ និង​ចាប៉ី​ដង​វែង​ជាដើម ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ។
យោង​តាម​គេហទំព័រ​របស់​អង្គការ​យូ​ណេ​ស្កូ ការ​ពិនិត្យ​សម្រេច​សំណើ​របស់​ប្រទេស​នានា ដែល​ចង់​ដាក់​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​ក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក នឹង​ត្រូវធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ នៅ​ចុងខែ​វិច្ឆិកា និង​ដើមខែ​ធ្នូ​ខាង​មុខ​នេះ ។

បច្ចុប្បន្ន​នេះ សំណុំរឿង​ល្ខោនខោល​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ ដែល​ត្រូវ​បាន​ពិភាក្សា​គ្នា​នៅ​លើ​បណ្តាញ​សង្គម ជា​ពិសេស​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​បានដឹង​ថា គណៈកម្មាធិការ​យូ​ណេ​ស្កូ​នឹង​ពិនិត្យ​មើល​សំណើ​សម្រាប់​បញ្ជី​ការពារ​បន្ទាន់ ឬ​បញ្ជី​តំណាង ពាក្យសុំ​ចុះបញ្ជី​ការ​អនុវត្ត​ការ​ការពារ​ល្អ​បំផុត និង​សំណើសុំ​ជំនួយ​អន្តរជាតិ​ជាង​១០០.០០០​ដុល្លារ​អា​មេ​រិ​ក នៅ​សម័យប្រជុំ​លើក​ទី​១៣ របស់​ខ្លួន ក្នុង​កំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ​ខាង​មុខ ដែល​ក្នុង​នោះ​ល្ខោនខោល​របស់​កម្ពុជា ត្រូវ​បាន​ស្នើ​ទៅ​អង្គការ​យូ​ណេ​ស្កូ សម្រាប់​ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ការពារ​បន្ទាន់ ចំណែកឯ​ខន​របស់​ថៃ ទៅ​ក្នុង​បញ្ជី​តំណាង ។

លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បង្ហាញ​ថា យោង​ទៅ​តាម​បញ្ជី​ឯកសារ​ដែល​នឹង​ត្រូវ​ពិនិត្យ​សម្រាប់​ឆ្នាំ​២០១៨ របស់​អង្គការ​យូ​ណេ​ស្កូ បានឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ស្នើ​ដាក់​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ដែល​ជា​បញ្ជី​ការពារ​ជា​បន្ទាន់ ខណៈ​ដែល​ប្រទេស​ថៃ​បាន​ស្នើ​ដាក់​ខន ដែល​ជា​របាំ​បិទមុខ ទៅ​ក្នុង​បញ្ជី​តំណាង ។

ការ​ដាក់​បញ្ចូល​ល្ខោនខោល​របស់​កម្ពុជា ឬ​ខន​របស់​ថៃ​ទៅ​ក្នុង​បញ្ជី ដែល​នឹង​ត្រូវ​ពិនិត្យ​ដោយ​អង្គការ​យូ​ណេ​ស្កូ​នៅ​ចុងឆ្នាំ​២០១៨​នេះ បាន​បង្កើត​ឱ្យ​មានការ​បញ្ចេញ​មតិយោបល់​បែប​ជាតិនិយម​យ៉ាងច្រើន ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ដោយ​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការ​លួច​កេរដំណែល​វប្បធម៌ និង​ការ​ប្រកួតប្រជែង​សម្រាប់​ភាព​ជា​ម្ចាស់​នៃ​របាំ​មួយ​នេះ ។ អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ចំនួន​នៅ​កម្ពុជា ដែល​ជា​យុវវ័យ​កម្ពុជា​បាន​អះអាង​ដោយ​កំហឹង​ថា ខន​របស់​ថៃ​បាន​យក​ទម្រង់​តាម​ល្ខោនខោល​ខ្មែរ និង​បាន​បន្ទោស​ទៅ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ហាក់​មិនសូវ​អើពើ​ចំពោះ​ការ​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​នេះ ។

ចំពោះ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថៃ​វិញ ហាក់ដូចជា​ជាតិនិយម​ហួសហេតុ និង​មាន​មោទនភាព​លើ​ខ្លួនឯង​ជ្រុល ដោយ​ពួក​គេ​បាន​អះអាង​ថា របាំ​នេះ​គឺជា​កម្មសិទ្ធិ​ផ្តាច់មុខ និង​រក្សា​សិទ្ធិ​ដោយ​ប្រទេស​ថៃ មិនមែន​របស់​កម្ពុជា​នោះ​ទេ ដែល​ការ​អះអាង​នេះ​ហាក់ដូចជា​បាន​ច្រានចោល​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​របស់​កម្ពុជា ។ យុវជន​កម្ពុជា​ដែល​ខឹងសម្បា​បាន​ប្រកែក​ថា របាំ​នេះ​គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​ខ្មែរ ខណៈ​ដែល​ជនជាតិ​ថៃ​អះអាង​ថា វា​មាន​ប្រភព​ដើម​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

ល្ខោនខោល​របស់​កម្ពុជា គឺជា​របាំ​-​ល្ខោន ដែល​ផ្អែក​ទៅ​លើ​រឿង​«​រាមកេរ្តិ៍​» ចំណែកឯ​កំណាព្យ​ខ្មែរ​ផ្អែក​លើ​រឿង​រាមាយណៈ​ក្នុង​ភាសាសំស្ក្រឹត ហើយ​ខន​របស់​ថៃ​ត្រូវ​បាន​គេ​ជឿ​ថា មាន​ប្រភព​ចេញ​មក​ពី​ល្ខោនខោល​ខ្មែរ ។ ការ​សម្តែង​ល្ខោនខោល​ខ្មែរ ត្រូវ​បាន​លួច​យក​ក្នុងអំឡុងពេល​ឈ្លានពាន​របស់​ថៃ និង​ត្រូវ​បាន​នាំ​យក​ទៅ​ប្រទេស​ថៃ​ដើម្បី​សម្តែង​នៅ​ក្នុង​រាជវាំង​។ ទម្រង់​នៃ​របាំ​ខន​របស់​ថៃ ប្រហែលជា​បាន​អភិវឌ្ឍ​ចេញពី​ល្ខោនខោល​ដែល​ត្រូវ​បាន​លួច​យក​ទៅ​នោះ ។

យោង​តាម​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា​គឺជា​អាណាចក្រ​ដ៏​អស្ចារ្យ​មួយ នៅ​ពេល​ដែល​ប្រទេស​ថៃ​មិន​ទាន់​បាន​ក្លាយជា​រដ្ឋ​មក​ម្ល៉េះ ហើយ​ទឹកដី​របស់​ប្រទេស​ថៃ​សព្វថ្ងៃ គឺជា​ផ្នែក​មួយ​នៃ​អតីត​អាណាចក្រ​ខ្មែរ​ផង​ដែរ ។ ថៃ​បាន​បំបែក​ខ្លួន​ពី​កម្ពុជា​ក្នុង​សតវត្សរ៍​ទី​១៣ ហើយ​បាន​ក្លាយជា​រដ្ឋ​មួយ​តាំងពី​ពេល​នោះ​មក ។ វប្បធម៌ និង​ប្រពៃណី​ខ្លះ​របស់​ថៃ មាន​ប្រភព​ចេញពី​ប្រទេស​កម្ពុជា ដោយ​មិន​អាច​ប្រកែក​បាន ។

របាំ​ខន​របស់​ថៃ គឺ​មាន​ភាព​ស្រ​ដៀង​ខ្លាំង​ទៅ​នឹង​ល្ខោនខោល​ខ្មែរ ។ របាំ​ទាំង​ពីរ​ផ្អែក​ទៅ​លើ​កំណាព្យ​ឥណ្ឌា រឿង​រាមាយណៈ ហើយ​មាន​លក្ខណៈ​ពិសេស គឺ​ការ​ពាក់​របាំងមុខ​នៅ​ក្នុង​ការ​សម្តែង ជាមួយនឹង​សម្លៀក​បំពាក់​ប្រណីត ដោយ​រៀបរាប់​សាច់​រឿង​តាម​រយៈ​ការ​រាំ​កាយវិការ និង​ការ​ញាក់​មុខមាត់ ។ របាំ​ទាំង​ពីរ​នេះ​មាន​ភាព​ស្រ​ដៀង​គ្នា ប៉ុន្តែ​ក៏​មាន​ភាព​ខុស​គ្នា​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ។

ក្រុម​ស្រាវជ្រាវ​បាន​បញ្ចេញមតិ​ថា ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​គួរតែ​យល់​ថា ប្រទេស​កម្ពុជា​និង​ថៃ​មាន​ភាព​ដូច​គ្នា​ច្រើន និង​គួរ​ឈ្វេងយល់​ពី​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក នោះ​នឹង​មិន​មាន​ជម្លោះ​លើ​បញ្ហា​វប្បធម៌​ទេ ។ គេ​មិន​អាច​រារាំង​ប្រទេស​ផ្សេង​មិន​ឱ្យ​មាន​វប្បធម៌​ស្រ​ដៀង​គ្នា​នឹង​វប្បធម៌​ប្រទេស​យើង​បាន​ទេ វា​ដូច​ជា​យើង​មិន​អាច​រារាំង​មនុស្ស​ផ្សេង​ទៀត មិន​ឱ្យ​ស្លៀក​សម្លៀក​បំពាក់​ដូច​គ្នា​នឹង​យើង​ដែរ ។

ការ​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ពិតប្រាកដ និង​វប្បធម៌​នៃ​សន្តិភាព ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​សម័យ​សកលភាវូបនីយកម្ម ។ ការ​អប់រំ​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​មានការ​រើសអើង និង​ជាតិនិយម​ជ្រុល ព្រមទាំង​បំភ្លៃ​ប្រវត្តិសាស្ត្រ នឹង​បង្កើត​អរិភាព និង​ភាព​ស្អប់ខ្ពើម​ក្នុង​ចំណោម​ប្រជាជន​ប្រទេស​ជិតខាង និង​សហគមន៍​ដែល​គ្មាន​ភាព​ចុះសម្រុង​គ្នា ។

សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កម្ពុជា​ដែល​ស្នេហា​ជាតិ និង​ស្រឡាញ់​វប្បធម៌ អ្វី​ដែល​ត្រូវធ្វើ​ដើម្បី​ការពារ និង​ថែរក្សា​វប្បធម៌​របស់​យើង មិនមែន​ត្រឹមតែ​ផ្លាស់​ប្តូរ​រូបភាព​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក ដើម្បី​គាំទ្រ​ល្ខោនខោល​ខ្មែរ និយាយ​ឥត​ឈប់​ឈរ ហើយ​បន្ទោស​រាជរដ្ឋាភិបាល​ចំពោះ​រឿង​នេះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ធ្វើ​វា​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ដោយ​ត្រូវ​សិក្សា​និង​យល់​ដឹង​អំពី​វប្បធម៌ និង​គាំទ្រ​ការ​សម្ដែង​របាំ​នេះ ។ ប្រសិនបើ​អ្នក​មិន​មានចំណេះ​ដឹង​ជ្រៅជ្រះ​អំពី​វប្បធម៌​របស់​យើង តើ​អ្នក​អាច​ការពារ​វប្បធម៌​របស់​យើង​បាន​យ៉ាងដូចម្តេច ? កុំ​គ្រាន់តែ​និយាយ តែ​ត្រូវធ្វើ​ផង ។

ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ថៃ ក៏​មិន​គួរ​បំភ្លៃ​ប្រវត្តិសាស្ត្រ​បំភ័ន្ត​មនុស្ស​ជំនាន់​ក្រោយ​ទេ អ្នក​គួរតែ​ទទួលស្គាល់​ការ​ពិត និង​អប់រំ​ប្រជាជន​ឱ្យ​គោរព​សេចក្តី​ថ្លៃថ្នូរ និង​វប្បធម៌​របស់​ប្រទេស​ជិតខាង ព្រមទាំង​លើកកម្ពស់​វប្បធម៌​សន្តិភាព និង​សហគមន៍​ដែល​ប្រកបដោយ​ភាព​សុខដុមរមនា ។

កម្ពុជា​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​របស់​ខ្លួន​មុន​ប្រវត្តិសាស្ត្រ​នៃ​ការ​កកើត​ប្រទេស​សៀម (​ថៃ​បច្ចុប្បន្ន​) ដូច្នេះ​ជា​ការ​ពិត របាំ​ខន​របស់​ថៃ ពិត​ណា​ស់ថាបាន​ក្លាយ​ពី​ល្ខោនខោល​ខ្មែរ​តែ​ប៉ុណ្ណោះ ។ សង្ឃឹមថា ការ​អនុម័ត​បែប​ណាមួយ​ក្នុង​ការ​ដាក់​ល្ខោនខោល​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​វប្បធម៌​មនុស្សជាតិ គឺជា​រឿង​ត្រឹមត្រូវ​និង​យុត្តិធម៌​សម្រាប់​ប្រជាជាតិ​មួយ​ដែល​ប្រឈម​នឹង​ការ​បំពាន​យក​ពី​ប្រទេស​ជិតខាង ៕

ដោយ​៖ សាឯម ផល្គុន

អត្ថបទសរសេរ ដោយ