ប្រជាពលរដ្ឋ​អ្នក​ណា​ក៏​រអ៊ូ​មិន​សំចៃ​ដែរ​ថា «​ហ៊ុយ​ណាស់​លោក​អើយ នរណា​នៅ​បាន​…» !


ខេត្ត​ត្បូងឃ្មុំ ៖ ផ្លូវជាតិ​លេខ​១១​ចាប់ពី​ចំណុច​ស្រុក​អូរ​រាំង​ឪ​មក​ដល់​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ មាន​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​កំពុង​តែ​ជួសជុល និង​ពង្រីក​ឲ្យ​ធំ​ជាង​មុន​ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ពលរដ្ឋ​បាន​រអ៊ូ​រឿង​ហុយ​ដោយសារ​តែ​មិនសូវ​មាន​រថយន្ត​ស្រោច​ទឹក​លើ​ផ្លូវ​នោះ ។

បុរស​ចំណាស់​ឈ្មោះ ហ៊ី ម៉ុង អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​សុ​ក្រំ​ជ្រុំ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ប្រាប់​ឲ្យ​ដឹង​នៅរសៀល​ថ្ងៃ​ទី​០៣ កញ្ញា ថា​ផ្លូវជាតិ​នៅ​មុខ​ផ្ទះ​របស់​គាត់​កាលពីមុន​រាង​តូច​តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ត្រូវ​បាន​គេ​ពង្រីក​ឲ្យ​ធំ​ជាង​មុន​បាន​ឈូស​ឆាយ​ផ្លូវ​ចាក់​ដី​កិន​បង្ហាប់​តាំងពី​មុន​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ក្រោយមក​ទៀត​គ្រឿងចក្រ​ដែល​ដាក់​នៅ​ក្នុងភូមិ​របស់​គាត់​ត្រូវ​បាន​ដក​ចេញ​មិនដឹង​ទៅ​ណា​ទេ ហើយ​ផ្លូវថ្នល់​វិញ​រាល់ថ្ងៃ​ហុយ​នោះ​ហុយ​ដែល​បង្ក​ការ​លំបាក​ដល់​ការ​លក់ដូរ​របស់​គាត់​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​ចូល​មក​ហូប​កាហ្វេ​រអ៊ូរទាំ​គ្រប់​ៗ​គ្នា ។

បុរស​ចំណាស់​ម្នាក់​អាយុ​ជាង​៦០​ឆ្នាំ នៅ​ភូមិ​ស្រៃ​ស្ពៃ ឃុំ​គង់​ជ័យ ស្រុក​អូរ​រាំង​ឪ សូម​មិន​បញ្ចេញ​អត្ត​សញ្ញាណ​ប្រាប់​ថា ក្រុមហ៊ុន​ធ្វើ​ផ្លូវថ្នល់​ត្រង់​កន្លែង​ខ្លះ​មិន​ស្រោច​ទឹក និង​កន្លែង​ខ្លះ​ទៀត​ស្រោច​ទឹក​ដូច​ជានៅ​ត្រង់​មុខ​ផ្ទះ​របស់​គាត់​ហុយ​ឲ្យ​ទ្រលោម​តែ​ម្តង តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា មេឃ​បាន​បង្អុរ​ភ្លៀង​ធ្លាក់ចុះ​មក​បាន​កាត់​បន្ថយ​ការ​ហុយ​មួយ​កម្រិត​តែ​មក​ដល់​ពេល​រសៀល​ដី​ស្ងួត​វិញ​ពេល​​ដែល​មាន​រថយន្ត​តូច​ធំ​បាន​បើក​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​ហុយ​នោះ​ហុយ សូម​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ជួយ​ព​ន្លឿ​ន​ការ​សាងសង់​និង​ស្រោច​ទឹក​ផង​ដើម្បី​កុំ​ឲ្យ​ហុយ ។

អ្នកលក់​ត្រសក់ចាវ​វិញ​ក៏​បាន​នាំ​គ្នា​រអ៊ូ​ថា នៅ​ពេល​ដែល​មាន​រថយន្ត​ៗ​បើក​កាត់​កន្លែង​ពួក​គាត់​លក់ដូរនោះ​ដី​បាន​ប៉ើង​ហុយ​មក​លើ​ត្រសក់ចាវ ដូច្នេះ​ត្រូវ​យក​ស្បៃ​មក​គ្រប​ពីលើ​ហើយ​សូម​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវព​ន្លឿ​ន​ឲ្យ​បាន​ឆាប់ និង​ស្រោច​ទឹក​បង្ហាប់ដី​ផង ។

លោក ហាក់ សុខ​មក​រា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​វិញ​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា រូប​លោក​នឹង​ជម្រុញ​ដល់​ក្រុមហ៊ុន​ធ្វើ​ផ្លូវថ្នល់​នោះ​ដើម្បី​ព​ន្លឿ​ន​ការ​សាងសង់​ឲ្យ​បាន​លឿន​ជាង​នេះ​នៅ​ក្នុង​រដូវវស្សា​នេះរាង​លំបាក​បន្តិច​ទោះបីជា​យ៉ាងណា​សូម​ឲ្យ​ពលរដ្ឋ​មេត្តា​អត់ធ្មត់​បន្តិច​ដើម្បី​ឲ្យ​ទទួល​បាន​ផ្លូវ​ល្អ​ជាង​មុនតែ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​នៅ​ក្នុង​រដូវប្រាំង​នឹង​ស្រោច​ឲ្យ​បាន​ច្រើន​ដង​ដើម្បី​កុំ​ឲ្យហុយ​ទៅ​លើ​ពលរដ្ឋ​ដែល​មានផ្ទះ​រស់នៅ​សងខាង​ផ្លូវជាតិ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ