ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ល្ខោនខោល​ជា​របស់​ខ្មែរ​» ​សំឡេង​ខ្ទរខ្ទារ​នៃ​មហាជន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​ផុលផុស​ជុំវិញ​ការ​បង្ហោះ និង​ចែកចាយ​ខ្លឹមសារ និង​រូបភាព​ល្ខោនខោល​ជា​បន្តបន្ទាប់ ដោយ​បាន​សម្តែង​ក្តី​បារម្ភ​ដែល​មានការ​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ភាគី​ថៃ ។ ការ​ជជែក​វែកញែក និង​បង្ហោះ​ល្ខោនខោល​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​បាន​កើតឡើង បន្ទាប់​ពី​ពេលវេលា​នៃ​ការ​ចាត់​បញ្ចូល​ទម្រង់​សិល្បៈ​បុរាណ​មួយ​នេះ​ជា​បេ​តិ​ភណ្ឌ​ពិភពលោក​ថា…

រាជធានី​ភ្នំពេញ ​៖ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​ផុលផុស​ជុំវិញ​ការ​បង្ហោះ និង​ចែកចាយ​ខ្លឹមសារ និង​រូបភាព​ល្ខោនខោល​ជា​បន្តបន្ទាប់ ដោយ​បាន​សម្តែង​ក្តី​បារម្ភ​ដែល​មានការ​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ភាគី​ថៃ ។

ការ​ជជែក​វែកញែក និង​បង្ហោះ​ល្ខោនខោល​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​បាន​កើតឡើង បន្ទាប់​ពី​ពេលវេលា​នៃ​ការ​ចាត់​បញ្ចូល​ទម្រង់​សិល្បៈ​បុរាណ​មួយ​នេះ​ជា​បេ​តិ​ភណ្ឌ​ពិភពលោក​ថា ជា​របស់​ខ្មែរ ឬ​ថៃ​នៅ​ដំណាច់ឆ្នាំ​នេះ ។ ទាំង​មហាជន​ដែល​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក អ្នក​កំពុង​ប្រឡូក​ក្នុង​អាជីព​មួយ​នេះ និង​អ្នកសិល្បៈ​មួយ​ចំនួន​បាន​ចាប់ផ្តើម​បង្ហោះ និង​ចែក​ចាយ​រូបភាព​ទម្រង់​សិល្បៈ​ល្ខោនខោល​ជា​បន្តបន្ទាប់ និង​បាន​ទាមទារ និង​អះអាង​ថា ល្ខោនខោល​ជា​របស់​កម្ពុជា​តែ​មួយ​គត់ ។

អ្នក​នាង​ខាត់ សុ​ឃី​ម បាន​បង្ហោះ​សារ​កាលពី​ថ្ងៃ​ទី​៣០ សីហា ២០១៨​ថា «​កុំ​ចាំ​ឲ្យ​បាត់ បាន​ឈឺ កុំ​ចាំ​ឲ្យ​ស្លាប់​បាន​សោកស្ដាយ កុំ​ចាំ​គេ​យក​មក​លែបខាយ កុំ​ចាំ​អន្តរាយ​ស្ដាយ​តែ​មាត់ ។ ជិត​ដាច់​ឆ្នាំ ជិត​ដល់​ពេល​ដែល​UNESCO សម្រេច​ថា​ល្ខោនខោល​ជា​របស់​ប្រទេស​ខ្មែរ ឬ​ថៃ​ហើយ សូម​បងប្អូន​ទាំងអស់​ជួយ​គាំទ្រ​ល្ខោនខោល​ដែល​ជា​វប្បធម៌​បុរាណ​របស់​យើង ជួយ​គាំទ្រ​អ្វី​ដែល​ជា​របស់​ខ្មែរ​យើង​កុំ​ឲ្យ​បាត់បង់​អោយ​សោះ ។ ខ្ញុំ​សង្ឃឹមថា​ល្ខោនខោល​នឹង​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ល្ខោនខោល​ជា​របស់​ខ្មែរ​ពិតប្រាកដ មិនមែន​ជា​របស់​អ្នក​ណា​ទេ ។ ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​កើតជា​កូន​ខ្មែរ បាន​យល់​ដឹង និង​រៀន​នូវ​វប្បធម៌​ដ៏​ល្អ​បំផុត​របស់​ខ្មែរ »​។

តារា​សម្តែង​នាង​នៅ សូ​នី​តា បាន​បង្ហោះ​សារ​ថា «​តោះ​នាំ​គ្នា​ស៊ែរ​ម្នាក់​មួយ​ទៅ​មិន​អស់​ថ្ម​ទេ ដើម្បី​បញ្ជាក់​ប្រាប់​ពិភពលោក​ថា ល្ខោនខោល​ជា​របស់​ខ្មែរ​តែ​មួយ​គត់ កុំ​ឲ្យ​អ្នក​ដែល​គ្រាន់តែ​អើត​មើល​យើង​តាម​របង​គេ​លួច​បាត់ ត្រូវ​ស្រលាញ់ ត្រូវ​ថែ ត្រួ​វ​ចេះ​ឈឺចាប់ »​។
ចំណែក​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បញ្ជាក់​ថា នាង​គ្រោង​ផ្សាយ​ផ្ទាល់​និយាយ​រឿងល្ខោន​ខោល​ក្នុង​ផេ​ក ទូរទស្សន៍​សិល្បៈ ក្នុង​ពេល ឆាប់​ៗ​នេះ ។

នាង​បញ្ជាក់​ថា ការងារ​របស់​នាង​ត្រូវ​ផលិត video ហើយ​នាង​នឹង​អញ្ជើញ​សមាជិក​នៃ​ក្រុម​យុវជន​ល្ខោនខោល​មក​បរិយាយ រួម​ទាំង​ក្រុមការងារ​ថែរក្សារ​មរតក​វប្បធម៌​ខ្មែរ ។
តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន លោក ខេ​ម បាន​បង្ហោះ​សារ​ដោយ​ខ្លី​ថា «​ល្ខោន​ខោល ជា​របស់​ខ្មែរ​យ៉ាង​ពិតប្រាកដ ហ្វេ​ន​ក្នុង​នេះ​ជាង​៤០​ម៉ឺន​នាក់ តើ​អាច​ទេ​គ្រាន់តែ​ស៊ែរ​ម្នាក់​មួយ ហើយ​ខ្ញុំ​ចង់​ដឹង​ថា​មាន​បងប្អូន​ប៉ុន្មាន​នាក់​ដែល​ខ្វល់ខ្វាយ​ពី​ល្ខោន​ខោល»។

ចំណែក​អាចារ្យ​ធំ​បាន​បង្ហោះ​សារ​ថា​« ២​ឆ្នាំ​ហើយ មួក​ល្ខោនខោល​នេះ​ខ្ញុំ​បាន​ផលិត​តែ​ចំនួន​៣០០​មួក​ប៉ុណ្ណោះ សម្រាប់​ជា​ការ​ផ្សព្វផ្សាយ​ប្រឹង​ទប់​ជាមួយ​ចោរ​សៀម​ដែល​បាន​យក​ល្ខោនខោល​បោះពុម្ព​លើ​ក្រដាសប្រាក់​៥០០​បាត​របស់​គេ តែ​២​ឆ្នាំ​កន្លង​ផុត​ទៅ​មួក​ដែល​ខ្ញុំ​ចាយ​លុយ​ជិត​២០០០​ដុល្លារ​ទៅ​ផលិត​នៅ​ក្រៅប្រទេស​នោះ បាន​ត្រឹមតែ​ខ្ញុំ​ដើរ​ចែក​ឱ្យ​គេ​ឥត​គិតថ្លៃ​ខ្លះ លក់​គិតថ្លៃ​ខ្លះ ហើយ​មក​ដល់​ពេល​នេះ​នៅ​សល់​ជិត​១០០​មួក​ទៀត មួយ​ចំនួន​ក៏​ខូច​ខ្លះទៅ​ទៀត តស៊ូ​ដល់​ណា បើ​ជំពាក់​គេ​វ័ណ្ឌក ព្រោះ​ផលិត​របស់​ដែល​គេ​ស៊ី​មិនកើត គ្មាន​តម្លៃ​! គ្មាន​អ្នកគាំទ្រ​នោះ​។ ហួស​ថ្លែង​ពេល​ឃើញ​រូបភាព​កាលពី​២​ឆ្នាំ​មុន​អ៊ីចឹង ថែ​ខ្ញុំ​ផង​ទាន់​ខ្ញុំ​មិន​ទាន់​បាត់ »​។

ដោយឡែក​សម្រាប់​មហាជន​មួយ​ចំនួន​បាន​នាំ​គ្នា​បង្ហោះ​សារ​ជាមួយ​រូបភាព​ស្តី​ពី​ល្ខោន​ខោល​នេះ​ដែល​មាន​ខ្លឹ​ន​សារ​ស្រ​ដៀង​គ្នា​ថា «​ជា​ពេលវេលា​ដ៏​តាង​តឹង​ក្នុង​រង់ចាំ​ការ​សម្រេច​​របស់ UNESCO ហើយ​ក៏​ជា​ពេលវេលា​មួយ​ដែល​ពួក​យើង​ត្រូវ​រូ​ម​គ្នា​តែ​មួយ​ដោយ​ទុក​Kpop ទុក​តារា​ថៃ មួយ​ឡែក​សិន ដើម្បី​វប្បធម៌​ដូនតា​ខ្មែរ​យើង កុំ​គាំទ្រ​តែ​មួយ​ឆាវ តែ​ជា​រៀង​រហូត ហើយ​រហូត​! ល្ខោនខោល​ជា​របស់​ខ្មែរ ។

ប៉ុន្មាន​ថ្ងៃនេះ​មហាជន​ខ្មែរ​យើង​សាមគ្គី​គ្នា​ចូលរួម​បង្ហាញ​អំពី​ល្ខោនខោល​លើ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ឱ្យ​អន្តរជាតិ និង​UNESCO​ដឹង ។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​នេះ​គឺជា​ទឹកចិត្ត​ពិត​ចេញពី​បេះដូង​អ្នក ហើយ​សូម​បន្ត​ជា​រៀង​រហូត​មិនមែន​តែ​ល្ខោនខោល ឬ​នៅ​ពេល​ជិត​បាត់បង់​ឡើយ​ពិសេស​ចូលរួម​ជា​សកម្មភាព​ផ្ទាល់ កុំ​បាន​តែ​និយាយ​តាម​បណ្តាញ​សង្គម ។

ល្ខោនខោល​ជា​ព្រលឹង​របស់​ប្រជា​តិ​មាតុភូមិ​ខ្ញុំ អ្វី​ដែល​ខ្ញុំ​តែង​រំពឹង​ទុក​នោះ គឺថា​អ្វី​ដែល​ជា​របស់​ខ្មែរ​វា​នៅ​តែ​ជា​របស់​ខ្មែរ បើ​ទោះជា​មាន​គេ​ចង់បាន​ក៏​ដោយ​ខ្ញុំ​នឹង​ខិតខំ​រក្សា​អ្វី​ដែល​ជា​របស់​មាតុភូមិ​និង​ជាតិ​របស់ខ្ញុំ​ដរាប​ខ្ញុំ​នៅ​មាន​ដង្ហើម ។ បើ​យើង​មិន​ស្រលាញ់​សិល្បៈ​វប្បធម៌​បុរាណ​របស់​យើង​ទេតើ​មាន​ជនជាតិ​ណា គេ​មក​ជួយ​ស្រលាញ់​ជួយ​ថែរក្សា​យើង​នោះ ដូច្នោះ​ហើយ​មាន​តែ​ខ្លួន​យើង​ទេ​ដែល​ជា​អ្នក​ស្រលាញ់​វប្បធម៌​និង​លើកតម្កើង​ជាតិ​សាសន៍​មួយ​នេះ ។ សូមកុំ​ស្រលាញ់​តែ​មាត់ សូមកុំ​ថែរក្សា​ត្រឹមតែ​គិត សូមកុំ​ទុក​ចោល សិល្បៈ​វប្បធម៌​របស់​យើង​ឲ្យ​រងា​បែប​នេះ​តទៅ​ទៀត »​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ថៃ នរៈ​សត្យា បាន​លើក​ឡើង​ថា ចំពោះ​បញ្ហា​ការ​សម្រេចចិត្ត​របស់​អង្គការ UNESCO លើ​ល្ខោនខោល​ជា​របស់​ប្រទេស​ណា សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ស្ងប់ស្ងាត់ ហើយ​សូម​រង់ចាំ​លទ្ធផល​ផ្លូវការ​ជាក់ស្ដែង​ជា​លាយ​លក្ខ​អក្សរ​ពី​ចេញពី​អង្គការ UNESCO នោះ​ទើប​មាន​អាច​យក​ជា​ការ​បាន​និង​មាន​តម្លៃពិត​ប្រាកដ ។

ព្រឹទ្ធាចារ្យ​ល្ខោនខោល​លោកតា​យិ​ត សា​រិ​ន បាន​ផ្តាំផ្ញើ​មុន​ពេល​លាចាក​លោក​ថា «​ខ្ញុំ​សុំ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​វប្បធម៌ សូម​ឲ្យ​ដាក់​សិល្បៈ​ល្ខោនខោល​ខ្មែរ​នេះ​ទៅ​កាន់​អង្គការ UNESCO ដើម្បី​ចុះបញ្ជី​ជា​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ ។

ល្ខោនខោល ឬ ល្ខោន​ពាក់​របាំងមុខ គឺជា​ល្ខោន​មួយ​ដែល​មាន​លក្ខណៈ​ចំណាស់​របស់​កម្ពុជា មាន​ដើម​កំណើត​នៃ​ការ​សម្តែង​មុន​សម័យ​អង្គរ ។ វា​ត្រូវ​បាន​គេ​ជឿជាក់​ថា​បាន​ចាប់ផ្តើម​ក្នុង​អំឡុង​ប្រហែល​សតវត្ស​ទី​៩ តាម​រយៈ​ចម្លាក់​លឹប នៅ​តាម​ជញ្ជាំង​អង្គរ ។ ក្នុង​សម័យ​អង្គរ ល្ខោនខោល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​បុរស​ទាំងស្រុង ក្នុង​ការ​រាំ​ប្រចាំ​នៅ​ព្រះរាជវាំង​បុរាណ​ខ្មែរ ។

ហេតុផល​ដែល​ពិតប្រាកដ​នៅ​តែ មិន​ទាន់​ដឹង​ច្បាស់ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ដោយសារ​ការ​ដុះដាល​នៃ​សាសនា​ធ្វើ​ឲ្យ​សាសនាព្រាហ្មណ៍​មាន​ជម្លោះ​ជាមួយ​សាសនា​ព្រះពុទ្ធ ក្នុង​រាជ​កាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧(១២៤៣- ១២៩៥)​។ ក្នុង​នោះ​មាន​នារី​របាំ​ជា​ច្រើន​ត្រូវ​បាន​សម្លាប់ និង​ធ្វើ​ជា​ស្រី​កំណាន់ ដូច្នេះ​ទើប​មានការ​ហ្វឹកហាត់​អ្នករបាំ​បុរស ដើម្បី​បង្កើត​របាំ​នេះ​ផ្អែក​ទៅ​លើ​ល​ទិ្ឋ​អ្នក​កាន់សាសនា​ព្រះ​ពុ​ទ ។

រឿង​មួយទៀត ដែល​ជាក់លាក់​អំពី​ការ​សម្ដែង​ល្ខោនខោល គឺ​រឿង​រាមកេរ្តិ៍ របស់​ខ្មែរ​។ ការ​សម្ដែង​រួម​បញ្ចូល​នូវ​ការ​ប្រាប់​អំពី​អ្នក​និទានរឿង ដែល​ដើរតួ​សំខាន់​ក្នុង​ការ​សម្ដែង និង​វង់ភ្លេង​បុរាណ​គឺ​វង់ភ្លេង​ពិណពាទ្យ ។

បច្ចុប្បន្ន​នេះ​ល្ខោនខោល ជា​ផ្នែក​មួយ​នៅ​ក្នុង​តារាង​កាលវិភាគ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​វិចិត្រសិល្បៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ