ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​គ្រោង​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាជីវកម្ម​Marubeni បាន​បង្ហាញ​ពី​បំណង​ចង់​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​សិក្សា​លទ្ធភាព និង​មើលឃើញ​ពី​សក្តានុពល​ក្នុង​វិស័យ​នេះ ។ ក្នុង​ជំនួប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាជីវកម្ម​Marubeni បាន​បង្ហាញ​ពី​បំណង​ចង់​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​សិក្សា​លទ្ធភាព និង​មើលឃើញ​ពី​សក្តានុពល​ក្នុង​វិស័យ​នេះ ។

ក្នុង​ជំនួប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាលពី​ថ្ងៃ​ទី​២០ សីហា កន្លង​មក លោក Kaoru Iwasa នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សាជីវកម្ម Marubeni ប្រចាំ​តំបន់​អាស៊ាន និង​អាស៊ី​បូព៌​៌ា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​Marubeni បាន​វិនិយោគ​លើ​អាជីវកម្ម​ជា​ច្រើន​ដូច​ជា វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម ដឹក​ជញ្ជូន ធនធាន​រ៉ែ និង​ថាមពល​ជាដើម ។

លោក​បន្ដ​ថា ៖« បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​សាខា​ចំនួន​១៣១ និង​ការិយាល័យ​នៅ​៦៦​ប្រទេស​លើ​ពិភពលោក មាន​បុគ្គលិក​ធ្វើការ​ប្រមាណ​៤​ម៉ឺន​នាក់ និង​មាន​ចំណូល​ប្រចាំឆ្នាំ​២០១៧​ប្រមាណ​១.៩២១​លាន​ដុល្លារ​អា​មេ​រិ​ក​»​។ លោក​បន្ថែម​ថា ៖« ក្រុមហ៊ុន​មាន​ជំនាញ​ខ្ពស់​លើ​វិស័យ​ទឹក​ស្អាត និង​បាន​ធ្វើ​ប្រតិបត្តិការ​ជា​ច្រើន​ប្រទេស​លើ​ពិភពលោក ហេតុនេះ​ទើប​ក្រុមហ៊ុន​មាន​បំណង​ពិនិត្យ​លទ្ធភាព​វិនិយោគ​វិស័យ​នេះ​នៅ​កម្ពុជា »​។
ក្រុមហ៊ុន​នេះ​មាន​គោលបំណង​សិក្សា​លទ្ធភាព​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត តាម​រយៈ​ការ​ទិញ​ភាគហ៊ុន ឬ​កម្មវិធី​ដៃគូ​រវាង​រដ្ឋ និង​ឯកជន គឺ​មាន​លទ្ធភាព​តិចតួច ដែល​កើត​មាន​ឡើង​នៅ​កម្ពុជា​។

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ស្វាគមន៍​គម្រោង​វិនិយោគ​នេះ ដោយ​លោក​បាន​ថ្លែង​ថា ៖« ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នឹង​ឈាន​ទៅ​មុខ​មួយ​ជំហាន​ទៀត គឺ​មិន​ត្រឹម​ផ្តោត​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ត្រឹម​តំបន់​ទីប្រជុំជន​ប៉ុណ្ណោះ​ទេ ក្រសួង​នឹង​ឈាន​បន្តិច​ម្តង​ៗ​រហូត​ដល់​តំបន់​ទីប្រជុំជន​តូច​ៗ និង​ជនបទ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​ទឹក​ស្អាត​ចេញពី​បំពង់ ព្រោះ​បើ​ប្រជាពលរដ្ឋ​មានទឹក​ស្អាត​ប្រើប្រាស់​កាន់តែ​ច្រើន យើង​នឹង​រួមចំណែក​បាន​នូវ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពួក​គាត់​បាន​មួយ​កម្រិត​ទៀត ពោល​គឺ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​ផ្សេង​ៗ ដែល​កើតឡើង​ពី​ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត »​។

បច្ចុប្បន្ន ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​រាជធានី​ភ្នំពេញ មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ ដែល​ទាមទារ​ឲ្យ​មានការ​វិនិយោគ​បន្ថែម ខណៈ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​លទ្ធភាព​ផលិត​ទឹកបាន​ត្រឹមតែ​៥៦​ម៉ឺន​ម៉ែត្រ​គីប​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ប៉ុន្ដែ​សេចក្ដី​ត្រូវការ​ទឹក​ស្អាត​ប្រើប្រាស់​​រហូត​ដល់​ប្រមាណ​៦០​ម៉ឺន​ម៉ែត្រ​គីប​ក្នុង​១​ថ្ងៃ ។

បើ​តាម​លោក ស៊ឹ​ម ស៊ី​ថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ៖« សព្វថ្ងៃ យើង​មាន​លទ្ធភាព​ផលិត និង​ចែកចាយ​ទឹក​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ចំនួន​៥៦​ម៉ឺន​ម៉ែត្រ​គីប​ក្នុង​១​ថ្ងៃ ហើយ​១​ឆ្នាំ​ៗ រដ្ឋាករទឹក​ក្រុងភ្នំពេញ​បាន​ផលិត​ទឹក​ស្អាត​ជូន​ពលរដ្ឋ​នៅ​ភ្នំពេញ​ប្រើប្រាស់​ប្រមាណ​១៧០​លាន​ម៉ែត្រ​គីប​។ ដូច្នេះ ពលរដ្ឋ​ទទួល​បាន​សេវាកម្ម​ពី​រដ្ឋាករទឹក​ប្រមាណ​៣៣០​ពាន់​គ្រួសារ ។ ចំនួន​នេះ គឺ​នៅ​ខ្វះខាត​នៅឡើយ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់ ។ ទោះ​យ៉ាងនេះ​ក្ដី យើង​ក៏​មាន​គម្រោង​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​ធំ​ៗ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ទាន់​តម្រូវការ​ប្រើប្រាស់​របស់​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ជាយក្រុង​ផង​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ