រាជធានីភ្នំពេញ ៖ យុវជន២ក្រុមបន្ទាប់ពីទាស់ពាក្យសម្តីនៅក្នុងក្លិប បានជិះម៉ូតូដេញវាយគ្នាយ៉ាងប្រសាចពេញផ្លូវ ត្រូវកងរាជអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនបាន៦នាក់ រួមនិងម៉ូតូ២គ្រឿង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ មេសា នៅតាមផ្លូវលេខ១០១ ខាងកើតផ្សារបឹងត្របែក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកងរាជអាវុធហត្ថខណ្ឌចំការមនឱ្យដឹងថា យុវជន២ក្រុមដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវសាធារណៈ មួយក្រុមមានគ្នា៦ទៅ៧នាក់ ក្នុងនោះមានប្រុស មានស្រី ទើបនឹងចេញពីក្លិបមួយកន្លែង មានទីតាំងនៅជិតកន្លែងកើតហេតុ ។ ប្រភពដដែលបន្តថា ពេលក្រុមនេះចូលក្លិបផឹកស៊ីរាំកម្សាន្ត ក៏ប៉ះពាក្យសម្តីឈ្លោះប្រកែកគ្នា លុះពេលចេញមកខាងក្រៅវិញបានជិះម៉ូតូដេញវាយគ្នាពេញផ្លូវ ដូចក្នុងខ្សែភាពយន្តហុងកុង ទើបកងរាជអាវុធហត្ថចេញស្ទាក់ឃាត់ខ្លួនបាន៦នាក់ រួមនិងម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ និងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិក ។
យុវជនទាំង៦នាក់ ត្រូវកងរាជអាវុធហត្ថយកទៅសួរនាំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ។ នេះជាភាពពាលាអាវ៉ាសែមួយ ដែលធ្វើឱ្យអាណាព្យាបាលអាម៉ាស់មុខដោយសារកូនទំនើង ៕
ចែករំលែកព័តមាននេះ