សាងបុណ្យកុសលអ្វីដែលលោកចាត់បញ្ចូលថាបានបុណ្យទាំងយប់ទាំងថ្ងៃ ? តាមទ្រឹស្តីព្រះពុទ្ធសាសនាបានលើកឡើងថា ការធ្វើអណ្តូង ជីកស្រះ ដាំដើមឈើ កសាងសាលា សាលាឆទាន មន្ទីរពេទ្យ ធ្វើផ្លូវ…ជាទានឱ្យផលដល់អ្នកសាងទាំងយប់ទាំងថ្ងៃ បានសុខចម្រើនក្នុងលោកនេះផងនិងអស់អាយុសង្ខារទៅបានទៅកើតក្នុងឋានទេវលោកសោយសម្បត្តិទិព្វអស់កាលជាយូរអង្វែង ។
ដូចមានអតីតនិទានមាណពម្នាក់ឈ្មោះមាឃនៅស្រុកមួយជាមនុស្សមាននិស្ស័យចូលចិត្តខាងការធ្វើផ្លូវឱ្យសាធារណជនធ្វើដំណើរទៅមកបានស្រួល ។គាត់បបួលជនដែលមាននស្ស័យត្រូវគ្នាបាន៣២នាក់រួមទាំងខ្លួនផងជា៣៣នាំគ្នាធ្វើថ្នល់តម្រង់ទៅរាជធានី។ កាលធ្វើទៅមានអ្នកស្រុកសួរថា ជនទាំងនេះធ្វើផ្លូវទៅណា ? ជនទាំង៣៣នាក់នោះឆ្លើយថា ធ្វើផ្លូវទៅកាន់ឋានសួគ៌ ។
ដោយអំណាចនៃការសាងផ្លូវថ្នល់ បណ្តាជនទាំងនោះអស់អាយុសង្ខារទៅ គឺមាឃមាណពទៅកើតជាព្រះឥន្ទ្រស្តេចទេវតានៅឋានត្រៃត្រិង្សសួគ៌ ចំណែកជនទាំង៣២នាក់ជាមិត្តសម្លាញ់បានទៅកើតជាទេវបុត្រ ។ ឋាននោះបានឈ្មោះថា ឋានត្រៃត្រិង្សប្រែថា ឋានសាមសិបបីតាំងពីត្រឹមនោះមក ។
នេះជាអានិសង្សនៃការសង់ផ្លូវថ្នល់ឱ្យបានសុខស្រួលដល់សាធារណជន តែងបានសេចក្តីសុខស្រួលដល់ខ្លួនយើងវិញ ត្រូវតាមគន្លងពុទ្ធភាសិតថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ប្រែថា ជនដ៏មានប្រាជ្ញាណាបានឱ្យសេចក្តីសុខដល់អ្នកដទៃ ជននោះរមែងបានជួបប្រទះនឹងសេចក្តីសុខជារៀងរហូត ។
ចែករំលែកព័តមាននេះ