ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្ដហោះ​ភ្នំពេញ​ពង្រីក​ចំណតរថយន្ដ និង​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​បងប្អូន​ដែល​ចូល​មក​ជូន​ដំណើរ និង​រង់ចាំ​ទទួល​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាន់តែ​ងាយស្រួល ខណៈ​ដែល​អាកាស​យានដ្​ឋាន​​កាន់តែ​មមាញឹក​នោះ ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​នេះ​បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម ដើម្បី​ពង្រីក​ចំណតរថយន្ដ និង​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ឲ្យ​កាន់តែ​ទំនើប​ឡើង ។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​បងប្អូន​ដែល​ចូល​មក​ជូន​ដំណើរ និង​រង់ចាំ​ទទួល​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាន់តែ​ងាយស្រួល ខណៈ​ដែល​អាកាស​យានដ្​ឋាន​​កាន់តែ​មមាញឹក​នោះ ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​នេះ​បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម ដើម្បី​ពង្រីក​ចំណតរថយន្ដ និង​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ឲ្យ​កាន់តែ​ទំនើប​ឡើង ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ សីហា កន្លង​មក លោកស្រី Chloe Lapeyre ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានឱ្យ​ដឹង​ថា ការ​បង្កើន​ចំណត​យានយន្ត​បន្ថែម ជាមួយនឹង​ការ​បំពាក់​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិ​ភាព​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នេះ ដើម្បី​ឲ្យ​ភ្ញៀវ​ដែល​ចូល​មក​ជូន​ដំណើរ និង​រង់ចាំ​អ្នកដំណើរ​កាន់តែ​មាន​ភាព​ងាយស្រួល ។

លោកស្រី​និយាយ​ថា ៖« ពី​មុន យើង​បាន​ពង្រីក​នូវ​ចំណត​រង់ចាំ​ចេញដំណើរ និង​ចំណត​រង់ចាំ​ត្រលប់​មក​វិញ​ជា​បន្តបន្ទាប់ ។ តម​ក​ទៀត ដោយសារ​តែ​កំណើន​អ្នក​ដំណើរការ​ឆ្លង​កាត់​ច្រើន ធ្វើ​ឲ្យ​អ្នក​ដែល​មក​ជូន​ដំណើរ ក៏​ដូច​ជា​អ្នក​ដែល​មក​ចាំ​ទទួល​ដំណើរ​បងប្អូន​ពី​ក្រៅប្រទេស ក៏​ច្រើន​ដែរ និង​សុទ្ធតែ​ត្រូវ​ប្រើប្រាស់​ចំណត​យានយន្ត ដូច្នេះ​ហើយ​ទើប​យើង​បាន​គិតគូរ​ដល់​ចំណុច​នេះ ក៏​មាន​គម្រោង​ពង្រីក​ចំណត និង​ដាក់​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ និង​កាន់តែ​ទំនើប » ។

លោកស្រី​បន្ត​ថា ក្រៅពី​ការ​ពង្រីក​សេវាកម្ម​សាធារណៈ​នៅ​ក្នុង​អាកាសយានដ្ឋាន​នេះ​ហើយ ក៏​មាន​ទំនាក់ទំនង​ខាងក្រៅ​ជាមួយ​រដ្ឋ ដូច​ជា​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​របស់​សាលាក្រុង និង​មានការ​ត​ភ្ជាប់​រថភ្លើង​របស់​រដ្ឋ​ពី​ចំណ​តទៅ​កាន់​កណ្ដាល​រាជធានី​ភ្នំពេញ​ជាដើម ។

លោកស្រី​និយាយ​បន្ត​ថា ៖« រាល់​ការ​ប្រើប្រាស់​សេវាកម្ម​ថ្មី​ទាំងនេះ អតិថិជន​ត្រូវ​បង់​ប្រាក់​ជា​មុន ។ ចំពោះ​រថយន្ត​គ្រប់​ប្រភេទ អាច​សំចត​បាន​ត្រឹមតែ​១៥​ទៅ​២០​នាទី​ប៉ុណ្ណោះ លើ​ពី​នេះ​គឺ​ត្រូវ​គិត​ប្រាក់​បន្ថែម​ទៅ​តាម​ម៉ោង និង​ពេល​ដែល​អ្នក​ត្រូវ​ចេញដំ​ណើរ​ពី​ចំណត​ក្នុង​ព្រ​លាន ។ សម្រាប់​សេវា​គិត​ប្រាក់​មាន​២​ប្រភេទ អតិថិជន​អាច​ជ្រើសរើស​យក​ការ​ប្រើប្រាស់​ប្រព័ន្ធ​កាត​ពណ៌​ស្វាយ ឬ​ប្រើប្រាស់​សេវាកម្ម​ធម្មតា គឺ
ពេល​ចូល​ត្រូវ​ចុច​យក​បង្កាន់ដៃ​ផ្ញើ និង​មុន​ពេល​ចាកចេញ​ត្រូវ​យក​បង្កាន់ដៃ​នោះ​ទៅ​បង់ប្រាក់​ជា​មុន »​។

លោកស្រី​បន្ថែម​ថា ចាប់ពី​ពេល​តទៅ រាល់​ការ​គ្រប់គ្រង​សម្រាប់​ប្រព័ន្ធ​សេវាកម្ម​សាធា​រណៈ គឺ​ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួស​កម្លាំង​មនុស្ស​វិញ ដូចនេះ​ហើយ លែង​មាន​ភាព​រញ៉េរញ៉ៃ និង​តម្រូវ​ឲ្យ​ភ្ញៀវ​នៅ​ឈរ​រង់ចាំ​ដូច​មុន​ទៀត​ហើយ ។ អ្នកស្រី​ថា ៖« ភ្ញៀវ​ចូល​ត្រូវ​បង់​ប្រាក់​​រួច បើករថយន្ដ​ចេញ​តែ​ម្ដង ឬ​បង់លុយ​រួច អាច​ប្រើប្រាស់​សេវាកម្ម​នោះ​បាន​ហើយ»​។

លោកស្រី​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ពង្រីក​ចំណតរថយន្ត​រហូត​ដល់​ទៅ​៤៥០​កន្លែង ខណៈ​ក្នុង​១​ថ្ងៃ​មាន​រថយន្ត​ចេញ​-​ចូល​ប្រមាណ​ជា​៣.០០០​គ្រឿង ហើយ​មាន​ចំណត​ម៉ូតូ​២​កន្លែង ចំណត​ភ្ញៀវ និង​ចំណត​បុគ្គលិក ។ ក្រៅពី​នេះ មាន​ចំណត​តាក់ស៊ី ចំណតរថយន្ត​ក្រុង ចំណត​រថភ្លើង និង​ចំណត​ម៉ូតូ​កង់​បី នៅ​ដាច់​ដោយឡែក​ពី​គ្នា ។

លោកស្រី​បន្ថែម​ថា ៖« ចំពោះ​ប្រព័ន្ធ​គ្រប់គ្រង​ដែល​ត្រូវ​បំពាក់​នៅ​ក្នុង​អាកាសយានដ្ឋាន​នេះ ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​១​លាន​ដុល្លារ តែ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងមូល​នៅ​ក្នុង​អាកាសយានដ្ឋាន​នេះ ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​១០​លាន​ដុល្លារ​អា​មេ​រិ​ក តែ​វា​បាន​ចាប់ផ្ដើម​អនុវត្ត​៤​ឆ្នាំ​កន្លង​មក​ហើយ » ។

យោង​តាម​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា បច្ចុប្បន្ន​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​ក្រុមហ៊ុន​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ហោះហើរ និង​ចុះ​ចត​ចំនួន ប្រមាណ​ជាង​៣០​ក្រុមហ៊ុន ហើយ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ក៏​គ្រោង​នឹង​បន្ថែម​​ជើងហោះហើរ​ត្រង់​របស់​ខ្លួន​មក​កម្ពុជា​ផង​ដែរ ដែល​នឹង​ធ្វើ​ឲ្យ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​មួយ​នេះ​កាន់តែ​មមាញឹក​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ