រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចបានអះអាងមិនអាចធ្វើសម្បទានអសនៈ(ឆន្ទៈម្ចាស់ឆ្នោត)ទៅឲ្យគណបក្សនយោបាយដដៃបាននោះទេ ។ នេះបើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ថានៅពេលដែលលទ្ធផលបោះឆ្នោតបានបង្ហាញឲ្យឃើញថា គណ បក្ស ប្រជាជនកម្ពុជាបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីដែលអាចឲ្យគណបក្សប្រជាជនកម្ពុជាមានអសនៈពេញលេញក្នុងរដ្ឋសភា និងអាចបង្កើតរាជរដ្ឋាភិបាលតែឯងបានដោយងាយស្រួល ។
ជាមួយគ្នានោះដែរលោក សុខ ឥសាន ក៏បានលើកឡើងថា មានជនមួយចំនួនបាននិយាយស្មានៗថា ជាសភាឯកបក្ស ដែលគណបក្សប្រជាជនកម្ពុជាអាចធ្វើសម្បទានបែងចែកអសនៈមួយចំនួនទៅឲ្យគណបក្សខ្លះដើម្បីឲ្យមើលឃើញជារដ្ឋសភាពហុបក្ស ។
លោកបញ្ជាក់ថា ៖ «ការយល់ឃើញអគតិបែបនេះមិនអាចមានឥទ្ធពលអ្វីដល់សតិអារម្មណ៍ និងធ្វើឲ្យសាធារណមតិយល់ច្រឡំបានឡើយ ។ លទ្ធផលនៃការបោះឆ្នោតកើតចេញពីការប្រកួតប្រជែងដោយប្រជាធិបតេយ្យសេរីពហុបក្សដែលមានគណបក្សចូលរួមចំនួន២០ឯណោះ ។ ដូច្នេះលទ្ធផលក៏ជាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែរទោះបីមានបក្សតែមួយជាប់ឆ្នោតក៏គឺជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ។ នេះជាសិទ្ធិសម្រេចរបស់ប្រជាជនកម្ពុជាភាគច្រើនលើសលុប គ្មានមនុស្សភាគតិច ប្ញជនបរទេសណាមកបំពានបានជាដាច់ខាត» ។
អ្នកនាំពាក្យដដែលក៏គូសបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាគោរពឆន្ទៈប្រជាពលរដ្ឋយ៉ាងម៉ឺងម៉ាត់ និងប្តេជ្ញាអនុវត្តឆន្ទៈប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត មិនអាចយកឆន្ទៈរាស្ត្រទៅបែងចែកធ្វើសម្បទានឲ្យគណបក្សផ្សេងជាដាចខាត ។
ទោះបីជាអសនៈក្នុងរដ្ឋសភាមិនទាន់ត្រូវបាន គ.ជ.ប ចេញលទ្ធផលយ៉ាងណាក្តីលោក សុខ ឥសាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«ទោះបីនៅក្នុងរដ្ឋសភាមានបក្សតែមួយក៏នេះជាលទ្ធផលកើតចេញពីការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្សដែរ ។ មិនអាចបែងចែកទៅបក្សនយោបាយផ្សេងដូចការធ្វសម្បទានដីនោះទេ» ។
សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះបន្ទាប់ពីក្រុមអ្នកវិភាគស្ថានការណ៍នយោបាយ និងអតីតមេគណបក្សប្រឆាំងលោក សម រង្ស៊ី បានលើកឡើងថា បក្សកាន់អំណាច និងធ្វើការបែងចែងអាសនៈទៅឲ្យគណបក្សផ្សេងៗដើម្បីធ្វើឲ្យមានភាពល្អមើលក្នុងរដ្ឋសភា ៕
ចែករំលែកព័តមាននេះ