ទស្សនៈព្រះពុទ្ធខុសអំពីគ្រូហោរ។ ហោរាតែងធ្វើការទស្សន៍ទាយមើលមេឃ មើលផ្កាយ មើលពេលវេលា… ទៅតាមក្បួនតម្រាខ្លះ ទៅតាមគំនិតផ្ទាល់ខ្លួនខ្លះ រីឯការទស្សន៍ទាយជួនក៏ត្រូវខ្លះ ខុសខ្លះមិនប្រាកដទេ។
ចំណែកព្រះពុទ្ធទស្សន៍ទាយទៅតាមសច្ចធម៌ពិតៗ ឃើញច្បាស់គឺប្រាកដជាក់ស្តែងនឹងភ្នែកមិនអាចសទៅជាខ្មៅបានឡើយ ដែលសំខាន់ឱ្យតែធ្វើតាមការចង្អុលបង្ហាញផ្លូវរបស់ព្រះអង្គ។ ដូចនៅក្នុងបទគាថាទ្រង់បានត្រាស់ថាៈ សុនខត្តំ សុមង្គលំ សុបភាតំ សុហុត្ថិតំ…។បេ។ ប្រែថា ពេលណាដែលសត្វទាំងឡាយ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ពេលនោះឈ្មោះថា ជានក្ខត្តឫក្សល្អ ជាមង្គលល្អ ជាពេលភ្លឺស្វាងល្អ ជាពេលនៃអរុណរះល្អ ជាខណៈល្អ ជាយាមល្អ ទានដែលបុគ្គលបូជាហើយដល់ព្រហ្មចារីបុគ្គលទាំងឡាយក្នុងពេលនោះ ឈ្មោះថាជាគ្រឿងបូជាល្អ កាយកម្មក៏ឈ្មោះថានាំឲ្យមានសេចក្តីចម្រើន, មនោកម្ម ក៏ឈ្មោះថា នាំឲ្យមានសេចក្តីចម្រើន, វចីកម្មក៏ឈ្មោះថានាំឱ្យមានសេចក្តីចម្រើន សេចក្តីប្រាថ្នាទាំងឡាយ របស់អ្នកទាំងនោះ ក៏ឈ្មោះថា នាំឲ្យមានសេចក្តីចម្រើន, បុគ្គលដែលបានធ្វើនូវកាយកម្ម វចីកម្ម មនោកម្ម គួរដល់សេចក្តីចម្រើនយ៉ាងនេះហើយ ក៏រមែងបាននូវប្រយោជន៍ដ៏ចម្រើនទាំងឡាយ ។
កាលបើបុគ្គលប្រព្រឹត្តល្អដោយកាយ វាចា ចិត្តហើយ មិនថាខណៈណា ឬពេលណា គឺសុទ្ធតែល្អ សុទ្ធតែមង្គលទាំងអស់ មិនរើសពេលវេលា ថ្ងៃ ខែ ឆ្នាំឡើយ ។
ចែករំលែកព័តមាននេះ