ខេត្តកំពង់ចាម ៖ ក្មេងប្រុសជំទង់ម្នាក់ឈ្មោះយឹម រតនា ហៅប៉ាវ អាយុ១៤ឆ្នាំ រស់នៅក្នុងឃុំអំពិល ស្រុកកំពង់សៀម បានត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី៣ មេសា បន្ទាប់ពីប្រើទូរស័ព្ទដៃមើលរឿងអាសអាភាស ហើយចាប់ក្មេងស្រីអាយុ៨ឆ្នាំរំលោភសេពសន្ថវៈ រហូតបានសម្រេចនៅក្នុងផ្ទះតៀមរបស់ក្មេងប្រុសនេះតែម្តង ។
លោកអនុសេនីយ៍ឯក ចក់ សុខកៅ អធិការរងនគរបាលស្រុកកំពង់សៀម ឱ្យដឹងថា ដើមហេតុដំបូងក្មេងប្រុសជំទង់រូបនេះបានប្រើក្មេងស្រីរងគ្រោះឱ្យទៅទិញទឹកកក៥០០រៀល ពីផ្ទះអ្នកភូមិមួយកន្លែងមានចម្ងាយប្រមាណ១០០ម៉ែត្រ យកមកឱ្យរូបគេដាក់ទឹកផឹក ព្រោះតែអាកាសធាតុក្តៅពេក ។ លុះពេលបានទឹកកកហើយ ក្មេងប្រុសឈ្មោះប៉ាវ ក៏យកទៅលាងដាក់ក្នុងធុងរួចទាញយកទូរស័ព្ទដៃ បើករឿងអាសអាភាសមកឱ្យក្មេងស្រីមើល ព្រមទាំងទាញដៃក្មេងស្រីចូលក្នុងផ្ទះតៀមរបស់គេ ។
ពេលនោះក្មេងស្រីបានស្រែកឡើង តែត្រូវក្មេងប្រុសជំទង់រូបនេះចាប់ខ្ទប់មាត់ជាប់មិនឱ្យស្រែក រួចចាប់រំលោភរហូតបានសម្រេច ។ បន្ទាប់មក ក្មេងប្រុសជំទង់បានបើកទ្វារចេញមកក្រៅទៅលាងខ្លួនប្រាណ ចំណែកក្មេងស្រីរងគ្រោះវិញដោយការភិតភ័យ បានទៅពួនសម្ងំនៅក្បែរគំនរថ្មកៀនផ្ទះរបស់ក្មេងប្រុសជំទង់ ទាំាងហូរឈាមផង ។ លុះបន្តិចក្រោយមក ក៏មានក្មេងៗ២នាក់ មានផ្ទះក្បែរគ្នាមកស្រែកហៅ ក្មេងស្រីក៏ដើរត្រឡប់ទៅផ្ទះវិញ និងបានយករឿងរ៉ាវដែលកើតឡើងប្រាប់ឱ្យម្តាយបានដឹង ។ ភ្លាមៗនោះ ម្តាយក៏រត់មកប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអំពិលឱ្យជួយអន្តរាគមន៍ តាមចាប់ក្មេងប្រុសជំទង់ឈ្មោះប៉ាវ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសួរនាំ ។
លោកអនុសេនីយ៍ឯក ចក់ សុខកៅ បញ្ជាក់ថា ជុំវិញករណីនេះ ឪពុកក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន៥.០០០ដុល្លារ និងឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ផងដែរ ។ មកដល់ព្រឹកថ្ងៃទី៤ មេសា ក្មេងប្រុសជំទង់រូបនេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងត្រៀមបញ្ជូនទៅសាលាដំបូងខេត្តរួមជាមួយនឹងវត្ថុតាងទូរសព័្ទដៃ១គ្រឿង ៕
ចែករំលែកព័តមាននេះ