ក្រសួងការបរទេស​បង្ហាញ​ពី​សេចក្តី​រីករាយ ជុំវិញ​លទ្ធផល​ការ​បោះ​ឆ្នោត


រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែកក្កដា ២០១៨ អំពី​ការ​បោះ​ឆ្នោត ក្រសួង ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​សេចក្តី​សោមនស្ស​រីករាយ ធ្វើការ​ចែករំលែក​មតិ របស់​ខ្លួន​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ១. ការ​កត់សម្គាល់​មុន​ដំបូង​បង្អស់ គឺ​បរិយាកាស​ពោរពេញ​ដោយ​សន្តិភាព និង​រីករាយ​ទាំង​នៅ​ក្នុង យុទ្ធនាការ​រក​សំឡេង​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​។ គណបក្ស​នយោបាយ​ទាំង​២០​គណបក្ស មានឱកាស​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​ពួក​គេ​រយៈពេល​២០​ថ្ងៃ ដោយ​គ្មាន​ការ​រារាំង​រំខាន និង​មាន​សេរីភាព​ក្នុង​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្ស​ខ្លួន ព្រមទាំង​បាន​បញ្ចេញ ទស្សនៈ​របស់​ខ្លួន​ជា​ច្រើន ដែល​មាន​ទស្សនៈ​ខ្លះ​បាន​ធ្វើការ​រិះគន់​យ៉ាង​ឥត​សំចៃ​ចំពោះ​រាជរដ្ឋាភិបាល​។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត យើង​បាន​មើលឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​ដង្ហែរ​ក្បួន​រថយន្ត និង​ទោចក្រយានយន្ត​យ៉ាង​វែង ដោយ​មាន​ទាំង​គ្រវីទង់ជាតិ​/​ទង់បក្ស និង​ស្លាក​បដា​នានា របស់​គណបក្ស​នយោបាយ​ផ្សេង​ៗ ខ្វាត់ខ្វែង​ពាសពេញ​រាជធានី​/​ខេត្ត ដោយ​សន្តិវិធី និង​គ្មាន​ឧប្បទ្ទវហេតុ​អ្វី​ទាំងអស់​។ នៅ​ថ្ងៃ​បោះ​ឆ្នោត យើង​អាច​មើលឃើញ​ថា អ្នក​ទៅ​បោះ​ឆ្នោត​មាន ទឹកមុខ​ញញឹម​រីករាយ ឈរ​តម្រង់​ជា​ជួរ​យ៉ាង​វែង​រួច​ជា​ស្រេច មុន​ការិយាល័យ​បោះ​ឆ្នោត​បើកទ្វារ​ទៅ​ទៀត​។ ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​មានការ​ភ្ញាក់ផ្អើល​ទៅ​លើ​ឥរិយាបថ​សាមញ្ញ និង​មាន​សណ្តាប់ធ្នាប់ របស់​អ្នកបោះឆ្នោត​។ គណៈប្រតិភូ​អ្នក​សង្កេតការណ៍ បាន​ទទួលស្គាល់​ថា ដំណើរការ​រាប់​សន្លឹក​ឆ្នោត ប្រព្រឹត្ត​ទៅ​ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ដោយ​មាន​មន្ត្រី​បម្រើ​ការ​បោះ​ឆ្នោត​ជួយ​ផ្ទៀងផ្ទាត់ នៅ​ពេល​មាន​ភាព​មិន​ច្បាស់លាស់​ណាមួយ​។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​មោទនភាព​ជាមួយ​ទិដ្ឋភាព​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ប្រកបដោយ​វិជ្ជាជីវៈ​ច្បាស់លាស់ សេចក្តី​ស្មោះត្រង់ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ រួម​ទាំង​ទិដ្ឋភាព​អ្នកបោះឆ្នោត​ដែល​មាន​ភាព ចាស់ទុំ​។ ២.​យោង​ទៅ​លើ​សេចក្តីថ្លែងការណ៍​របស់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គជ​ប​) ទទួល​បានការ​សរសើរ សម្រាប់​ការ​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ​គួរ​កត់សម្គាល់ ដែល​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​បោះ​ឆ្នោត ប្រព្រឹត្ត​ទៅ​ដោយ​រលូន ប្រកបដោយ​ប្រជាធិបតេយ្យ សេរី និង​យុត្តិធម៌​។ ៣. ផ្អែក​លើ​ស្តង់ដារ​ដែល​អាច ទទួលយក​បានជា​ទូទៅ លក្ខណៈ​វិនិច្ឆ័យ​ទី​មួយ​សម្រាប់​ភាព​ស្របច្បាប់​នៃ​ការ​បោះ​ឆ្នោត​នេះ គឺ​អត្រា​អ្នកចូលរួម​បោះ​ឆ្នោត ធៀប​នឹង​ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

សម្រាប់​ការ​បោះ​ឆ្នោត​លើក​នេះ អ្នក​ទៅ​បោះ​ឆ្នោត​មាន​ចំនួន ៨២,៨៩% ដែល​លើស​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៣ (​មាន​ចំនួន ៦៩,៦១%) និង​ឆ្នាំ​២០០៨ (៧៥,២១%)​។ អ្នក​ទៅ​បោះ​ឆ្នោត​ដែល​មាន​ចំនួន​ច្រើន​បែប​នេះ គឺ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់លាស់​អំពី ជំនឿ​ទុកចិត្ត​យ៉ាង​រឹង​មាំ​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​ដំណើរការ​បោះ​ឆ្នោត និង​គ​.​ជ​.​ប ដែល​ជា​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​។ ក្រសួង​សូម​ទាញ​ចំណាប់អារម្មណ៍​ថា ចំនួន​អ្នក​ទៅ​ចូលរួម បោះ​ឆ្នោត គឺ​មាន​ចំនួន​ច្រើន​ជាង​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ លោក​ខាងលិច​មួយ​ចំនួន រួម​ទាំង​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​តែ​រិះគន់​យ៉ាងធ្ងន់ធ្ងរ​មក​លើ​ការ​បោះ​ឆ្នោត របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ផង​ដែរ​។

មាន​អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​យល់​ឃើញ​ថា អា​ត្រា​អ្នក​ទៅ​បោះ​ឆ្នោត​ដ៏​ច្រើន​បែប​នេះ គឺជា​ការ​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ ដោយ​អ្នកនយោបាយ​ប្រឆាំង​មួយ​ចំនួន និង​រដ្ឋាភិបាល​បរទេស ដែល​គាំទ្រ​ពួក​គេ​។ ៤. លក្ខណៈ​វិនិច្ឆ័យ​ទី​ពីរ​សម្រាប់​ភាព​ស្របច្បាប់​នៃ​ការ​បោះ​ឆ្នោត​នេះ គឺ​ពហុភាព​នៃ​ការ​ផ្តល់​ជូន​ផ្នែក នយោបាយ ឬ​បើ​និយាយ​បែប​ផ្សេង ថា​តើ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះ​ឆ្នោត​មាន​ជម្រើស​ផ្សេង​ៗ ឬទេ? អ្នក​សង្កេតការណ៍​ដែល​បាន​ទៅ​ដល់ទី​តាំង​ជាក់ស្តែង អាច​ធ្វើការ​បញ្ជាក់​បាន​ថា មាន​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ប្រឆាំង​យ៉ាង​ពិតប្រាកដ ទៅ​នឹង​គោលនយោបាយ​របស់​គណបក្សកាន់អំណាច​។ មានការ​រៀបចំ​វេទិកា​ជជែក​វែកញែក នយោបាយ​ជា​សាធារណៈ រវាង​បេក្ខភាព​គណបក្ស​នយោបាយ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ សារព័ត៌មាន និង​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ច្រើន​។ មិន​ដូច​នៅ​ក្នុង​អតីតកាល ការ​ជជែក​ពិភាក្សា​ទាំង​អស់នោះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ដោយ​សេចក្តី​ថ្លៃថ្នូរ និង​មិន​ប្រើ​ភាសា​អសុរោះ មិន​ញុះញង់​ឲ្យ​មានការ​ប្រកាន់ពូជសាសន៍ មិន​ប្រើប្រាស់​វោហារ​ស័ព្ទ​ប្រជា​បាយ​និយម និង​ជាតិនិយម​ជ្រុល​។

វា​ជា​លើក​ដំបូង​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​បង្ហាញ​ពី​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​ការ​ជជែក​ពិភាក្សា​ដែល​ប្រកបដោយ​សុភ​វិនិច្ឆ័យ​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ ស្ថាប័ន និង​បញ្ហា​សង្គម​ដែល​ប៉ះពាល់​មក​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ជា​ជាង​ការ​និយាយ​បញ្ឆេះ​កំហឹង ក្នុង​អតីតកាល​តែ​អំពី​ប្រទេស​វៀតណាម និង​ជនជាតិ​វៀតណាម​។ ៥. អ្នកបោះឆ្នោត​កម្ពុជា ជិត​៧​លាន​នាក់ បាន​ធ្វើការ​ជ្រើសរើស​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ដាច់ខាត​ត្រូវ​គោរព​ការ​ជ្រើសរើស​នេះ ទោះបីជា​ប្រជាជន​កម្ពុជា ឬ​ជនបរទេស ជន​សាមញ្ញ អ្នក​សារព័ត៌មាន សកម្មជន ឬ​ក៏​អ្នកការទូត​។ វា​ជា​ការ​ជ្រើសរើស​របស់​ជាតិខ្មែរ ហើយ​វា​គឺជា​អធិបតេយ្យភាព​ជាតិ ដែល​ត្រូវ​តែ​គោរព​។ ៦. គួរ​កត់​សម្គាល់ថា មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ចំនួន​២២០​នាក់ មក​ពី​៥២​ប្រទេស ដែល​ក្នុង​នោះ​អ្នក​សង្កេតការណ៍​មួយ​ចំនួន​មក​ពី​ស្ថាប័ន​អន្តរជាតិ ដូច​ជា​៖ សន្និសីទ​អន្តរជាតិ​នៃ គណបក្ស​នយោបាយ​អាស៊ី សន្និសីទ​សភា​អាស៊ី សន្និបាត​អន្តរ​សភា​អាស៊ាន ក្រុមប្រឹក្សា​អឺរ៉ុប ស្តី​ពី​ទំនាក់ទំនង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​ធ្វើ​ជា​សាក្សី​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​លទ្ធិប្រជាធិបតេយ្យ​ពោរពេញ​ដោយ​សន្តិភាព​របស់​កម្ពុជា ដោយ​មិន​ទាន់​រាប់​ប​ញ្ជូ​ល​អ្នក សង្កេតការណ៍​របស់​គណបក្ស​នយោបាយ​នានា ចំនួន​ប្រមាណ​ជិត​៩០.០០០​នាក់ ហើយនឹង​ប្រមាណ​៨០.០០០​នាក់​ផ្សេង​ទៀត មក​ពី​សមាគម និង​អង្គការ​ជាតិ​នានា​។

៧. ក្រសួង​មានការ​សោកស្តាយ​ចំពោះ​ការ​វាយតម្លៃ​ដោយ​មូលហេតុ​នយោបាយ របស់​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន ដែល​បាន​បដិសេធ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍ ប៉ុន្តែ​បែរជា​ប្រកាស​តាំងពី​ពេល​ចាប់ផ្តើម​រហូត​ដល់​ពេល​បញ្ចប់​ថា ការ​បោះ​ឆ្នោត​នេះ​មិន​សេរី និង​យុត្តិធម៌​។ ការ​មិន​អើពើ​ទៅ​ដល់​គុណភាព​បច្ចេកទេស​នៃ​ដំណើរការ​បោះ​ឆ្នោត គឺ​មាន​ន័យ​ស្មើនឹង​ការ​មិន​ឲ្យ​តម្លៃ ដល់​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​សម្តែង​ចេញ​តាម​រយៈ​សន្លឹក​ឆ្នោត​ចំនួន ៦.៩៤៦.១៦៤ សន្លឹក​។ ឥរិយាបថ​បែប​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ដែល​ត្រូវ​បាន​ពង្រឹង តាំងពី​យូរ​មក​ហើយ និង​បង្កើត​ឲ្យ​មានការ​សង្ស័យ​ចំពោះ​ភាព​ស្មោះត្រង់​ពិតប្រាកដ ដែល​ចង់​ឃើញ ប្រទេស​កម្ពុជា​រីក​ចម្រើន​ទៅ​មុខ​ទៀត នៅ​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ឥត​ងាក​ក្រោយ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​រីករាយ​ជាមួយនឹង «​សន្តិភាព​ដ៏​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ សម័យ​ទំនើប​» និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដ៏​ឋិត​ឋេ​រ​៕

Facebook Google Twitter Email

​នយោបាយ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ