ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​សន្យា​បន្ដ​ចាត់វិធានការ​ហាង​លក់​សម្ភារ​ក្លែងក្លាយ​ដល់​ភ្ញៀវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​សន្យា​ថា នឹង​បន្ត​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​អាជីវករ​ទាំងឡាយ​ណា ដែល​លក់​សម្ភារ​ក្លែងក្លាយ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រោះ​ទ​ង្វើ​បែប​នេះ មិន​គ្រាន់តែ​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​ពី​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ រួម​ទាំង​កំណើន​ភ្ញៀវ​ទេសចរ​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​សន្យា​ថា នឹង​បន្ត​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​អាជីវករ​ទាំងឡាយ​ណា ដែល​លក់​សម្ភារ​ក្លែងក្លាយ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រោះ​ទ​ង្វើ​បែប​នេះ មិន​គ្រាន់តែ​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​ពី​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ រួម​ទាំង​កំណើន​ភ្ញៀវ​ទេសចរ​ថែម​ទៀត ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​អះអាង​យ៉ាង​ដូច្នេះ ក្រោយ​សារព័ត៌មាន​«​កោះសន្ដិភាព​»​បាន​ចុះ​ផ្សាយ​ពី​ការ​ក្ដី​ព្រួយបារម្ភ​របស់​អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន តំណាង​ការិយាល័យ​ប្រចាំ​ខេត្តសៀមរាប ចំពោះ​ហាង​មួយ​ចំនួន​ក្នុង​ខេត្តសៀមរាប ដែល​បាន​និង​កំពុង​ចរាចរ​លក់​សម្ភារ​សំខាន់​ៗ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ដល់​ភ្ញៀវ​ទេសចរ​ចិន និង​បន្ទាប់​ពី​វិស័យ​ឯកជន ពិសេស ប្រតិបត្តិ​ករ​ទេសចរណ៍​បាន​អំពាវនាវ​ឲ្យ​ក្រសួង ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ចំពោះ​សកម្មភាព​ធ្វើ​អាជីវកម្ម​បែប​មិន​ស្មោះ​ត្រង់នេះ ។

លោក​រដ្ឋមន្ត្រី​បាន​ចេញ​មុខ​អះអាង​ថា លោក​នឹង​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​ម្ចាស់​ហាង​ដែល​លក់​សម្ភារ​ក្លែងក្លាយ​ទាំង​អស់នោះ ។ ទន្ទឹម​នឹង​នេះ លោក​បាន​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដាក់​ពាក្យ​ប្តឹង ឬ​រាយការណ៍​មក​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បាន​ច្បាស់​ថា តើ​ហាង​មួយ​ណា​ដែល​លក់​សម្ភារ​ក្លែងក្លាយ ហើយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ទិញ​សម្ភារ​ក្លែងក្លាយ​នោះ គាត់​មក​ទេសចរណ៍​នៅ​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន ឬ​ភ្នាក់ងារទេសចរណ៍​ណា​ឲ្យ​ពិតប្រាកដ ។

លោក ថោ​ង ខុន បាន​បញ្ជាក់​ថា ៖« ហាង​ដែល​ដាក់​លក់​សម្ភារ​មាន​តម្លៃ​ដូច​ជា ត្បូង​ពេជ្រ ជាដើម​នោះ វា​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម ហើយ​កន្លង​មក ក្រសួង​បាន​ចេញ នូវ​អនុ​ក្រឹ​ត​មួយ​រួច​ហើយ​ពាក់ព័ន្ធ​នឹង​ករណី​នេះ »​។ លោក​ថា ៖« កន្លង​មក នៅ​ពេល​ដែល​បញ្ហា​ក្លែងបន្លំ​កើតឡើង​ម្តង​ៗ ក្រសួងពាណិជ្ជកម្ម​តែងតែ​ប្តឹង​មក​ក្រសួងទេសចរណ៍ តាម​រយៈ​ក្រសួងការបរទេស ដើម្បី​សហការ​ចុះ​ដោះស្រាយ​បញ្ហា​នេះ​ជាក់ស្តែង » ។ លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ៖« ករណី​លក់​សម្ភារ​ក្លែងក្លាយ​ដូច​ខាងលើ​នេះ ឃើញ​ថា មានការ​ថយ​ចុះ​ច្រើន​ហើយ បន្ទាប់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​រួម​គ្នា​ដោះស្រាយ » ។

យ៉ាងណា​ក៏​ដោយ លោក​រដ្ឋមន្ត្រី​បាន​សន្យា​ថា នឹង​បន្ត​សហការ​ចុះ​ដោះស្រាយ​ករណី​នេះ​ជា​បន្តបន្ទាប់​ទៀត និង​មិន​បណ្តោយ​ឲ្យ​កើតឡើង​នូវ​ករណី​ដដែល​ៗ​នេះ​ទៀត​ឡើយ ប៉ុន្តែ​លោក ស្នើ​សុំ​ឲ្យ​ភ្ញៀវ​ទេសចរ​រួសរាន់​ប្តឹង​មក​ស្ថាប័ន​ពាក់ព័ន្ធ​និង​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ដោះស្រាយ ព្រោះថា ករណី​នេះ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ផង និង​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផង​ដែរ សំខាន់​ភ្ញៀវ​ទេសចរ​ចិន​ដែល​កំពុង​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។

កាលពី​ពេល​ថ្មី​ៗ​នេះ លោក ម៉ូ យ៉ុ​ន​យ៉ុ​ន (Mo yuon yuon) អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​ចិន តំណាង​ការិយាល័យ​ប្រចាំ​ខេត្តសៀមរាប បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​ពី​ផល​ប៉ះពាល់​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា ក្រោយ​ពេល​ដែល​លោក​បាន​ទទួល​របាយការណ៍ ឬ​ការ​ផ្តល់​ព័ត៌មាន​ពី​ទេសចរណ៍​ចិន​ថា មាន​ហាង​លក់​សម្ភារ​មួយ​ចំនួន​នៅ​ខេត្តសៀមរាប បាន​និង​កំពុង​ដាក់​លក់​សម្ភារ​មិន​ពិត គ្មាន​គុណភាព ឬ​ក្លែងក្លាយ តែ​មាន​តម្លៃ​ខ្ពស់​ឲ្យ​ដល់​ទេសចរ​ចិន ។ ទេសចរណ៍ គឺជា​វិស័យ​អាទិភាព​មួយ​ដែល​បាន​ចូលរួម​ចំណែក​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ​នា​ពេល​បច្ចុប្បន្ន ។ កាលពី​ឆ្នាំ​២០១៧ វិស័យ​នេះ​បាន​ផ្ដល់​ចំណូល​ប្រមាណ​៣.៦៣៨​លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ ឬ​ស្មើនឹង​១៣%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) និង​បាន​បង្កើត​ការងារ​ដោយ​ផ្ទាល់ និង​ប្រយោល​ដល់​កូន​ខ្មែរ​រាប់​លាន​នាក់ ។ ចុះ​ប្រសិនបើ​វិស័យ​នេះ​ត្រូវ​ធ្លាក់​ចុះ តើ​នឹង​មាន​ផល​ប៉ះពាល់​បែប​ណា​សម្រាប់​ប្រទេស​ជាតិ ?

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ឲ្យ​ដឹង​ថា ក្រសួងទេសចរណ៍​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពង្រឹង និង​ចាត់វិធានការ ព្រមទាំង​ដាក់ទោស​ទណ្ឌ​លើ​ហាង​ទាំងនោះ ព្រោះ​បើ​នៅ​តែ​បណ្តោយ​ឲ្យ​បញ្ហា​នេះ​បន្ត​កើតឡើង វា​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិនាម​របស់​កម្ពុជា ។ លោកស្រី​បន្ត​ថា ៖« ការ​ចាត់វិធានការ គួរ​ធ្វើ​ឡើង​ដើម្បី​មាន​ទំនុកចិត្ត​ឡើង​វិញ ព្រោះ​គោលនយោបាយ​ទេសចរណ៍ គឺ​ចង់​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ​យូរ និង​ចំណាយ​ប្រាក់​ច្រើន ទិញ​ទំនិញ​ច្រើន » ។

គួរ​កត់​សម្គាល់ថា រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន ចំនួន​ជិត​១​លាន​នាក់ កើនឡើង​ប្រមាណ​៧០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧​កន្លង​ទៅ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ចិន​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​១ ក្នុង​ចំណោម​ទីផ្សារ​ភ្ញៀវ​អន្តរជាតិ​ដែល​មក​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ