រាជធានីភ្នំពេញ ៖ តារាកំប្លែងភេទទី៣ដែលមានមាឌធំធាត់ពីមុនមិនសូវមានការចាប់អារម្មណ៍ទេ តែពេលនេះកំពុងតែកាក់កបក្នុងអាជីពសិល្បៈ ។ បច្ចុប្បន្នតារា ម៉ាប់ៗភេទទី៣ទាំងនោះខ្លះមមាញឹកស្ទើររកពេលសម្រាកគ្មាន និងខ្លះទៀតភ័យបុកពោះខ្លាចអត់មានអ្វីថ្មីបម្រើអារម្មណ៍មហាជន ។
តារាភេទទី៣ ម៉ាប់ៗល្បីឈ្មោះគឺក្រុមកំប្លែងរបស់យេយេ មានសមាជិក៨នាក់ ។ ពួកគេចាប់ពន្លកសម្តែងនៅតាមក្លឹបកម្សាន្តមួយចំនួននៅភ្នំពេញមុនពេលក្លាយជាក្រុមល្បី ។ក្រៅពីនេះតារាភេទទី៣កញ្ញាណង ខាទើបតែលេចធ្លោចុងក្រោយនេះក្រោយពេលថតរឿង«សសរកន្លោង»។
កញ្ញាយេយេបានឲ្យដឹងថាក្រុមរបស់នាងអ្នក ធាត់ៗមានកញ្ញាផេងខេកទម្ងន់១២០គីឡូក្រាម កញ្ញាផាង ផាង ១២៥គីឡូក្រាម កញ្ញាហ្វាន់តា៩៨គីឡូ រួមទាំងនាងផ្ទាល់មានទម្ងន់៩៦គីឡូក្រាម ។ «សមាជិកទាំងអស់ត្រូវរួមសហការគ្នាឲ្យបានល្អពេលទៅសម្តែង ម្តងៗ ។ ក្រុមនាងខ្ញុំបានតស៊ូសម្តែងតាំងពីនៅតាមក្លឹប ហើយក្នុងនោះមានខ្លះក៏កូនគេគ្រាន់បើដោយសារសិល្បៈទើបខំតស៊ូសម្តែង ។ ដោយសារតែមានគេត្រូវការខ្លាំងពេកយើង ម្នាក់ៗតែងតែពិភាក្សាគ្នារករឿង ថ្មីៗមកសម្តែងឲ្យប្លែកពីគ្នាពីប៉ុស្តិ៍មួយទៅប៉ុស្តិ៍មួយ មិនឲ្យជាន់គ្នាជាដាច់ខាតដែលជាការលំបាកមួយដែរ តែដោយសារតែការសហការល្អទើបយើងអាចធ្វើបាន »។
យេយេបន្តថាអំឡុងពេលមានទីផ្សារខ្ពស់នេះ នាងតែងតែផ្តល់យោបល់ដល់ក្រុមឲ្យចេះទុកដាក់លុយកាក់ឲ្យល្អ សន្សំទុកពេលគេលែងត្រូវការគឺសល់ខ្លះទុកប្រកបមុខរបរថ្មី ។ នាងណែនាំបែបនេះព្រោះអាជីពសិល្បៈមើលមិនឃើញទេ គឺរមែងមានរលកថ្មីច្រានរលកមុនជាដរាប ។
យេយេនិយាយទៀតថា«នាងខ្ញុំណែនាំពួកគេចាយឲ្យចេះគិត នឹកគ្រាដែលអត់លំបាកមុនល្បីកុំឲ្យគេថាខ្ទើយគ្មានកំណើត ធ្វើបែបណាឲ្យសង្គមទទួលស្គាល់ ។ ណាមួយក៏គ្មានបុរសណាគេស្មោះស្នេហ៍ជាមួយយើងទេ មានលុយគេស្មោះ អ៊ីចឹងកុំយកលុយទៅចំណាយជាមួយបុរសៗដែលថាស្រឡាញ់ភេទទី៣ គ្មានទេគឺបោកសុទ្ឋ »។
តារាភេទទី៣មាឌធាត់ខ្ពស់កញ្ញាណង ខា ឲ្យដឹងថា ពីដំបូងនាងជាអ្នកផាត់មុខឲ្យតួតាមផលិតកម្ម ក្រោយមកក៏មានផលិតករហៅថតតែចេះតែបដិសេធទើបតែ២ឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែលនាងសម្រេចចិត្តថតភាពយន្ត។
តាំងពីណង ខា ចូលរួមសម្តែងមកភាគច្រើនជាតួកំប្លែង សូម្បីតែបទចម្រៀងខារ៉ាអូខេដែលនាងថតឲ្យផលិតកម្មហង្សមាសក៏ជាប្រភេទបទសប្បាយៗផងដែរ ។ ណង ខា តាំងចិត្តថានឹងរិះរកអ្វីប្លែកបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន ៕

ចែករំលែកព័តមាននេះ