ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ និង Juncker យល់ព្រម​កាត់​បន្ថយ​ភាព​តានតឹង

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ កាលពី​ថ្ងៃ​ទី​២៥ កក្កដា លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ និង​លោក Jean-Claude Juncker…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ កាលពី​ថ្ងៃ​ទី​២៥ កក្កដា លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ និង​លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប (European Commission) បាន​ព្រមព្រៀង​គ្នា​លើ​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ភាព​តានតឹង នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ដ៏​ធំ​ទាំង​ពីរ ។

កិច្ចព្រមព្រៀង​នេះ មាន​ន័យ​ថា សហរដ្ឋអាមេរិក​នឹង​មិន​អនុម័ត​ពន្ធ​ដែល​ខ្លួន​បាន​គំរាម​ថា នឹង​ដាក់​លើ​យានយន្ត ហើយ​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​រថយន្ត​របស់​អា​ល្លឺ​ម៉​ង់​ទេ ។

ភាគី​ទាំង​សងខាង​បាន​និយាយ​ទៀត​ថា ពួក​គេ​នឹង​សហការ​គ្នា ដើម្បី​ដោះស្រាយ​ពន្ធ​លើ​ដែកថែប និង​អា​លុយ​ញ៉ូ​ម ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក​ផង​ដែរ ។

លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ White House ថា ៖«ពួក​យើង​ចង់​បន្ត​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​អា​មេ​រិ​ក និង​អឺរ៉ុប » ។

អ្នកដឹកនាំ​ទាំង​ពីរ​រូប​បាន​យល់ព្រម​ថា នឹង​ចាប់ផ្តើម​ដំណាក់កាល​ទំនាក់ទំនង​ថ្មី​នេះ និង​សហការ​គ្នា​កាត់​បន្ថយពន្ធ​ដល់​កម្រិត​សូន្យ​, លុប​បំបាត់​រាល់​ឧបសគ្គ​មិនមែន​ពន្ធ និង​បញ្ឈប់​ការ​ឧបត្ថម្ភ​ធន​ដល់​ផលិតផល​ឧស្សាហកម្ម ដែល​មិនមែន​ជា​យានយន្ត ។

លើស​ពី​នេះ សហភាព​អឺរ៉ុប​បាន​ប្តេ​ជា្ញ​ថា នឹង​ទិញ​សណ្តែកសៀង និង​ឧស្ម័ន​ធម្មជាតិ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ។

លោក​ត្រាំ ក៏​បាន​ប្តេ​ជា្ញ​សហការ​គ្នា​កែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ដោះស្រាយ​បណ្តឹង​របស់​លោក​ដែល​ចោទប្រកាន់​ថា ប្រទេស​ចិន​បាន​លួច​យក​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក និង​បណ្តឹង​ផ្សេង​ៗ​ពី​សកម្មភាព​របស់​ក្រុមហ៊ុន​រដ្ឋ ព្រមទាំង​ការ​ផលិត​ដែកថែប​លើសលប់ ជាដើម ។

គួរ​បញ្ជាក់​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប គឺ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​១​ទ្រី​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ