ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​រៀបចំ​ផែនការ ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ កក្កដា ២០១៨ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ត្រៀមកម្លាំង និង​ដាក់​ផែនការ​រក្សា និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ថ្ងៃ​ដង្ហែ​ក្បួន បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ កក្កដា ២០១៨ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ត្រៀមកម្លាំង និង​ដាក់​ផែនការ​រក្សា និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ថ្ងៃ​ដង្ហែ​ក្បួន បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា​ឆាប់​ៗ​នេះ ។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​កាល​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក យូ ស៊ុន​ឡុ​ង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក នាយ​ឧត្តមសេនីយ​ហ៊ុយ ពិសិដ្ឋ តំណាង​ក្រសួងការពារជាតិ តំណាង​បញ្ជាការដ្ឋាន​កង​អង្គរក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ចំណុះ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​ពិភាក្សា​លំអិត​លើ​កិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​ការ​ជួបជុំ និង​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ ដោយ​គណបក្ស​ប្រជាជន​ក្រោម​វត្តមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនា បោះ​ឆ្នោត​នោះ​ដែរ ។

គួរ​រំលឹក​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា កន្លង​មកនេះ​បាន​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​បញ្ចៀស​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​ក្នុង​ការ​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ របស់​គណបក្ស​នយោបាយ​នេះ​ផង​ដែរ ។ សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា​ខាង​មុខ​នឹង​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​ធ្វើការ​ជួបជុំ និង​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ដោយ​មានការ​ជួបជុំ​សមាជិក​រហូត​ដល់​ប្រមាណ​២៥០.០០០​នាក់ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ​មានការ​ជួបជុំ​សមាជិក​រហូត​ដល់​ប្រមាណ​២០.០០០​នាក់ ព្រមទាំង​មានការ​ជួបជុំ​សមាជិក​នៅ​តាម​ទីស្នាក់ការ​គណបក្ស​មួយ​ចំនួន​ផង​ដែរ ។

បន្ទាប់​ពី​ការ​ជួបជុំ​បណ្ដា​គណបក្ស​នយោបាយ រួច​ដង្ហែ​នឹង​ត្រូវធ្វើ​ឡើង​នៅ​តាម​មហាវិថី​កម្ពុជា​ក្រោម មហាវិថី​សម្ដេច​មុនី​រ៉េ​ត កំណាត់​វិ​ថី​សម្ដេច​សុធារស កំណាត់​មហាវិថី​ម៉ៅ​សេ​ទុង កំណាត់​មហាវិថី​ព្រះ​មុនី​វង្ស កំណាត់​មហាវិថី​ព្រះ​សីហ​នុ តិ​រវិ​ថី​ព្រះ​ស៊ី​សុវត្ថិ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវ​មិត្តភាព​ភ្នំពេញ​-​ហាណូយ ផ្លូវ​ណ​ត​ប្រ៊ី​ត ផ្លូវ​ចោម​ចៅ ផ្លូវ​លេខ​២៧១ ផ្លូវ​លេខ​៧០ និង​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ក្នុង​រាជធានី​ភ្នំពេញ ។ ដើម្បី​ធានា​បរិយាកាស​នៃ​ការ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​ភាពល្អ​ប្រសើរ និង​ស្នើ​ភាព​គ្រប់​គណបក្ស​នយោបាយ ពិសេស​ការ​ដង្ហែ​ក្បូន​របស់​គណបក្ស​នយោបាយ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បានការ​កកស្ទះ​ចរាចរណ៍​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន តាម​ទីតាំង​ជួបជុំ​មួយ​រយៈ​ខ្លី និង​បញ្ចៀស​ចរាចរណ៍​តាម​កន្លែង​កកស្ទះ​មួយ​ចំនួន ។

ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គ្រោង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជួបជុំ និង​តាម​មហាវិថី តិ​រវិ​ថី និង​ផ្លូវ​សំខាន់​ៗ មួយ​ចំនួន​ខាងលើ មេត្តា​បញ្ចៀស​ចរាចរណ​ណ៍​ជា​បណ្តោះអាសន្ន បើសិនជា​មិន​ចាំបាច់​ពុំគួរ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​កន្លែង​ជួបជុំ និង​ផ្លូវ​ដង្ហែ​របស់​គណបក្ស​ទាំងនោះ​ចាប់ពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​ក្បួន​ដង្ហែ​ត្រូវ​បាន​បញ្ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ