ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារាចរឱ្យផ្អាកការលក់គ្រឿងស្រវឹង​២​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដល់​ ម្ចាស់​អាជីវកម្ម​ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ទេសចរណ៍ ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គសាល បៀរ​ហ្គា​ឌិន…

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដល់​ ម្ចាស់​អាជីវកម្ម​ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ទេសចរណ៍ ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គសាល បៀរ​ហ្គា​ឌិន និង​សេវា​កម្សាន្ត​ទេសចរណ៍​ទាំងអស់ ​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​ផ្អាក​ការ​លក់ដូរ​គ្រឿង​ស្រវឹង​ចំនួន​២​ថ្ងៃ ក្នុង​នោះ​ រួម​មាន​១​ថ្ងៃមុន​ការ​បោះ​ឆ្នោត និង​នៅ​​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ពោល​គឺ​ក្រសួង​មិន​អនុញ្ញាត​ឱ្យ​លក់​គ្រឿង​ស្រវឹង​ នៅ​ថ្ងៃ​ទី​២៨ និង​ទី​២៩ ​កក្កដា ឆ្នាំ​២០១៨ នោះ​ទេ​ ។

តាម​សារ​ចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃ​ទី​២១  កក្កដា ​​នេះ បានឱ្យ​ដឹង​ថា ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គសាល បៀរ​ហ្គាឌិន និង​សេវា​កម្សាន្ត​ទេសចរណ៍​នានា​នៅ​ទូ​ទាំង​រាជធានី​-​ខេត្ត ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​រយៈពេល​មួយ​ថ្ងៃមុន​ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត ចាប់ពី​ថ្ងៃ​ទី​២៨ និង​ទី​២៩ ​កក្កដា ឆ្នាំ​២០១៨​។ ចំណែកឯ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​នានា​នៅ​ទូ​ទាំង​រាជធានី​-​ខេត្ត អាច​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​បាន ប៉ុន្តែ​ត្រូវ​ផ្អាក​ការ​លក់ដូរ​គ្រឿង​ស្រវឹង​នៅ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃនេះ​។

ជាមួយ​គ្នា​នេះ ក្រសួងទេសចរណ៍​ក៍បាន​ឱ្យ​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត ត្រូវ​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ឱ្យ​អនុវត្ត​តាម​សារាចរ​ណែនាំ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​ទទួល​ខុសត្រូវ ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយ​ល្អ សេរី ត្រឹមត្រូវ និង​គ្មាន​អំពើ​ហិង្សា​។

ការ​ណែនាំ​នេះ គឺ​អនុលោម​ទៅ​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង គ្មាន​ការ​បំភិតបំភ័យ និង​ចៀសវាង​នូវ​បាតុភាព​នានា ដែល​អាច​កើត​មាន​ឡើង​ដោយសារ​ការ​ពិសា​គ្រឿង​ស្រវឹង​នោះ​ ។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា កន្លង​ទៅ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​សេចក្ដីណែនាំ​មួយ​ដែរ ដោយ​មិន​ឲ្យ​មានការ​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​ទី​២៨ និង​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នោះ​ឡើយ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​បញ្ចៀស​អំពើ​ហិង្សា​នានា នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដោយសារ​កន្លង​ទៅ រាជរដ្ឋាភិបាល បាន​សង្កេត​ឃើញ​ថា ការ​ពិសា​គ្រឿង​ស្រវឹង​ភាគច្រើន អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម ការ​ប្រព្រឹត្ត​បទល្មើស​នានា ឬ​ករណី​ខ្លះ ដែល​អាច​បណ្តាល​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​ថែម​ទៀត​ផង ​៕

អត្ថបទសរសេរ ដោយ