ខេត្តបាត់ដំបង ៖ យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលស្រុកឯកភ្នំ បានឃាត់ខ្លួនបុរសម្នាក់បញ្ជួនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋានខេត្ត កាលពីរសៀលថ្ងៃទី១៣ កក្កដា ដើម្បីសួរនាំ ក្រោយពីមានបណ្ដឹងចោទប្រកាន់ថា «ជននេះ មានជាប់ពាក់ព័ន្ធនឹងករណីរំលោភបំពានផ្លូវភេទលើកូនស្រីរបស់ខ្លួន ដែលមានអាយុតិចជាង១០ឆ្នាំចំនួន២នាក់ជាបន្តបន្ទាប់» ជាមួយនឹងការធ្វើទារុណកម្មលើកូនស្រីយ៉ាងសាហាវព្រៃផ្សៃផង ។
អធិការស្រុកឯកភ្នំ លោកឡុង វីរ: បានឱ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះឡុង សុធា អាយុ៣៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជននេះ ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី១២ កក្កដា នៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខណ:ដែលជនជិះតាក់ស៊ីបម្រុងមកយកកូនស្រីទាំង២នាក់ពីផ្ទះសាច់ញាតិនៅស្រុកឯកភ្នំ ដើម្បីយកត្រឡប់ទៅស្រុកកំណើតវិញ ។ លោកអធិការរូបនេះ បាននិយាយដែរថា ជននេះបានព្យាយាមមកយកកូនស្រីត្រឡប់ទៅវិញ ក្រោយពេលដែលម្ដាយមីងក្មេងស្រីរងគ្រោះទាំង២ ដាក់ពាក្យបណ្ដឹងចោទប្រកាន់ជននេះ (ឪពុក) បាន២ថ្ងៃ ទៅកាន់អធិការស្រុកឯកភ្នំ ពីបទចាប់រំលោភកូនស្រីខ្លួនឯង និងធ្វើទារុណកម្ម ។
លោកឡុង វីរ: បានបញ្ជាក់ថា តាមពិតព្រឹត្តនេះ បានកើតឡើងនៅផ្ទះជនសង្ស័យឈ្មោះឡុង សុធា នេះនៅ
ឯក្រុងប៉ោយប៉ែត តាំងពីអំឡុងខែឧសភា ២០១៨ ម្លេ៉ះ ។ នេះបើតាមសាច់ញាតិដែលបានរៀបរាប់ប្រាប់សមត្ថកិច្ចពេលបែកធ្លាយរឿង មុនឈានដល់ការដាក់ពាក្យបណ្ដឹង ។ លោកបាននិយាយអំពីប្រវត្តិរឿងអាស្រូវនេះ ដោយសង្ខេបដូច្នេះថា ដំបូងម្ដាយមីងក្មេងស្រីរងគ្រោះនេះ បានយកក្មួយស្រីទាំង២នាក់ ពីឪពុកនាងនៅប៉ោយប៉ែត មកស្នាក់នៅជាមួយខ្លួននៅឃុំពាមឯក ស្រុកឯកភ្នំ ដើម្បីឱ្យពួកនាងបានរៀនសូត្រ តែមិនបានដឹងពីរឿងពួកនាង ត្រូវឪពុកចាប់រំលោភ និងធ្វើទារុណកម្មនោះទេ ។
ក្រោយពីមកស្នាក់នៅរៀនសូត្របានមួយរយ:នៅប៉ុន្មានថ្ងៃមុននេះ ម្ដាយមីងបានរកចៃឱ្យក្មួយៗ ។ គ្រាហ៍នោះ គាត់បានឃើញមានស្លាកស្នាមរបួសនៅលើក្បាលក្មួយស្រី និងលើដងខ្លួនម្នាក់ៗ ស្ទើរសុះសាច់គួររន្ធត់បំផុត រួចគាត់បានសួរនាំអំពីស្នាមរបួសនោះ ទើបក្មួយស្រីទម្លាយពីរឿងអាស្រូវដ៏សាហាវឃោឃៅរបស់ឪពុក ប្រាប់ម្ដាយមីងអស់គ្មានសល់ នាពេលនោះតែម្ដងទៅ ។ លោកអធិការបានបញ្ជាក់ដែរថា ក្រោយពីក្មួយស្រីទម្លាយរឿងនេះ ដោយក្ដីឈឺចាប់ពេក ទើបម្ដាយមីងសម្រេចទៅដាក់ពាក្យបណ្ដឹងនៅអធិការស្រុកឯកភ្នំ ដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាត់វិធានការលើឪពុកតបស់ក្មួយស្រីទាំងនាក់នេះតែម្ដង។
លោកឡុង វីរ: បានប្រាប់ថា បន្ទាប់ពីម្ដាយម៉ីងក្មេងស្រីដាក់ពាក្យប្ដឹងមិនទាន់បានប៉ុន្មានថ្ងៃផង ស្របពេលនោះ ជនសង្ស័យឈ្មោះឡុង សុធា ដែលជាឪពុកកុមារីរងគ្រោះ ក៏បានទូរស័ព្ទមកសុំយកកូនត្រឡប់ទៅវិញ ដោយប្រាប់ថា យកពួកនាងទៅនៅភ្នំពេញ ហើយគាត់ក៏យល់ព្រម ។ លុះនៅថ្ងៃទី១២ កក្កដា ជនសង្ស័យរូបនេះ ក៏បានជិះតាក់ស៊ីមកយកកូន ។ ប៉ុន្តែមកដល់ផ្ទះសាច់ញាតិ ដែលកូនស្នាក់នៅ ឃើញសភាពមិនសូវល្អក៏ជិះត្រឡប់ក្រោយវិញ តែត្រូវកម្លាំងនគរបាលស្រុកឯកភ្នំ ដេញតាមស្ទាក់ចាប់បាននៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបងទាំងកណ្ដាលយប់តែម្ដង ហើយក៏បានបញ្ជូនជននេះ ទៅកាន់ស្នងការខេត្តនាថ្ងៃបន្ទាប់។
បើតាមមន្ត្រីជំនាញបានប្រាប់ថា ក្មេងស្រីរងគ្រោះទាំង០២នាក់ម្នាក់អាយុ០៨ឆ្នាំ និងម្នាក់ទៀត អាយុ០៧ឆ្នាំ នាងជាបងប្អូនបង្កើត ហើយក៏ជាកូនបង្កើតរបស់ជនតិរច្ឆានខាងលើនេះដែរ ។ បើតាមការស្រង់សំដីកុមារីទាំង២នាក់ បានប្រាប់សមត្ថកិច្ចថា ពួកនាងត្រូវឪពុកវាយដំបង្ខំចាប់រំលោភច្រើនលើកច្រើនសារ ធ្វើឲ្យពួកនាងឈឺចាប់ស្ទើររាល់ថ្ងៃ ។ ឪពុកនាងតែងគំរាមសម្លាប់ ក្រោយពេលចាប់រំលោភនាងម្ដងៗ ។
លោកឡុង វីរ: អធិការស្រុកឯកភ្នំ បានបញ្ជាក់ដែរថា ជាមួយនឹងការឃាត់ខ្លួន និងការសាកសួរជាបឋម គឺជនសង្ស័យឈ្មោះឡុង សុធា បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវទង្វើដ៏ថោកទាប និងសាហាវព្រៃផ្សៃនេះ ទៅលើកូនស្រីរបស់ខ្លួនទាំង២នាក់នោះមែន ។ ពេលនេះលោកស្នងការខេត្តបានបញ្ជាឲ្យមន្ត្រីជំនាញនៃអធិការស្រុកបញ្ជូនជននេះ ទៅកាន់ស្នងការដ្ឋានខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ ។

ចែករំលែកព័តមាននេះ