ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​អូស​ម៉ា​ញ់​ និង​យ៉ាំ​ង​កាវ​វៀតណាម​ឆ្មក់​នេសាទ​​​គ្មាន​ខ្លាចញញើត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​ស្រុក​ល្វាឯម ស្រុក​កៀនស្វាយ និង​ស្រុក​លើក​ដែក បានឱ្យ​ដឹង​ថា នៅ​រដូវ​បិទ​នេសាទ​​ត្រី​ពង​កូន​នេះ ទូក​អូស​ម៉ា​ញ់ និង​អូស​យ៉ាំង​កាវ​របស់​ជន​ជាតិ​វៀតណាម​ជា​ច្រើន​គ្រឿង…

ខេត្តកណ្តាល ៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​ស្រុក​ល្វាឯម ស្រុក​កៀនស្វាយ និង​ស្រុក​លើក​ដែក បានឱ្យ​ដឹង​ថា នៅ​រដូវ​បិទ​នេសាទ​​ត្រី​ពង​កូន​នេះ ទូក​អូស​ម៉ា​ញ់ និង​អូស​យ៉ាំង​កាវ​របស់​ជន​ជាតិ​វៀតណាម​ជា​ច្រើន​គ្រឿង នៅ​តែ​បន្ត​សកម្ម​ភាព​អូស​ជា​រៀង​រាល់​យប់​ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់​បន្តិច​ណា​​ឡើយ ។

សកម្មភាព​នេះ ធ្វើ​ឱ្យ​ពួក​គាត់​មានការ​សង្ស័យ​ទៅ​លើ​ក្រុម​មន្ត្រី​អសកម្ម​មួយ​ចំនួន​ជា​អ្នក​បើក​ភ្លើង​ខៀវ​នៅ​ពី​ខាងក្រោយ​ខ្នង ទើប​គ្មាន​ការ​ទប់​ស្កាត់ ឬ​បង្ក្រាប​ម្តងណា​ឡើយ តាំង​ពី​រដូវ​បើក​រហូត​ដល់​រដូវ​បិទ​នេសាទ ។ ទូក​អូស​ម៉ា​ញ់​និង​អូស​យ៉ាំង​កាវ​របស់​ជនជាតិ​វៀតណាម​ទាំងនោះ​គឺ​ធំ​ៗ​ប្រើ​សុទ្ធតែ​ម៉ា​ស៊ី​ន​រថយន្ត ហើយ​ច្រើន​តែ​ធ្វើ​សកម្មភាព​ពេល​យប់ ឯ​នៅ​ពេល​ថ្ងៃ​ពួក​គេ​ចតទូក​សម្ងំ​ស្ងៀម​ដេក​យក​កម្លាំង ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ទូក​អូស​ម៉ា​ញ់​ និង​អូស​យ៉ាំង​កាវ​ទាំងនោះ ចេញពី​ភូមិ​វៀត​ណាម​នៅ​តាម​ជួរ​មាត់​ទន្លេមេគង្គ ដូច​ជា​ម្តុំ​វត្ត​ចំប៉ា សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ឃុំថ្ម​គរ ស្រុក​ល្វាឯម ឃុំ​ដីឥដ្ឋ និង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ព្រមទាំង​ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ។ ពួក​គាត់​មានការ​សង្ស័យ​ទៀត​ថា អាច​មានការ​បង្កប់​ប្រើ​ឧបករណ៍​ឆក់​ដុំ​ត្រជាក់​ថែម​ទៀត ។

មហាជន​ជា​ច្រើន​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​និង​មន្ត្រី​មាន​សមត្ថកិច្ច ជា​ពិសេស​មន្ត្រី​ជលផល​ដល់​រដូវ​បិទ​នេសាទ​ត្រី​ពង​កូន​ហើយ សូម​ជួយ​ទប់ស្កាត់​ឬ​បង្ក្រាប​ផង ដើម្បី​រក្សា​ធនធាន​ម​ច្ឆ​ជាតិ​ឱ្យ​បាន​គង់វង្ស​យូរអង្វែង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល​បាន​ឱ្យ​តាម​ទូរស័ព្ទ​ថា បើ​មាន​សកម្មភាព​បែប​នេះ​មែន មិនបាច់​ចាំ​ដល់​រដូវ​បិទ​នេសាទ​ត្រី​ពង​កូន​ទេ គឺ​វា​ខុសច្បាប់​ទាំងស្រុង ។ ដូច្នេះ លោក​សូម​អរគុណ​ដល់​អ្នក​សារព័ត៌មាន​ដែល​បាន​ផ្តល់​ដំណឹង ហើយ​លោក​នឹង​ចាត់​ឱ្យ​ក្រុម​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ពី​រឿង​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ