សណ្ដែកបាយ​ឆ្នាំ​នេះ​ទទួល​បាន​ទិន្នផល​ខ្ពស់ ស្រប​ពេល​តម្លៃ​សមរម្យ


ខេត្តព្រះវិហារ ៖ កសិករ​ដាំ​សណ្តែកបាយ នៅ​ខេត្តព្រះវិហារ បាន​អះអាង​ថា ឆ្នាំ​នេះ ពួក​គាត់​សប្បាយចិត្ត ខណៈ​ទទួល​បាន​ទិន្នផល​ខ្ពស់ រីឯ​តម្លៃ​វិញ​ក៏​សមរម្យ ដែល​អាច​ឲ្យ​ពួក​គាត់​ទទួល​បាន​ប្រាក់​ចំណេញ​ខ្លះ ខុស​ពី​ឆ្នាំ​មុន​ៗ ។

កសិករ​រស់នៅ​ភូមិស្រ​ម៉ូ​វ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ដែល​បាន​ដាំ​សណ្តែកបាយ​ចំនួន​២​ហិ​កតា បាន​លើក​ឡើង​ថា ឆ្នាំ​នេះ​ឃើញ​ថា ទទួល​បាន​ទិន្នផល​ល្អ​ជាង​ឆ្នាំ​មុន​ៗ ព្រោះ​ពុំ​មាន​សត្វ​ដង្កូវ​ហ្វូង​មក​យាយី​នោះ​ទេ ខុស​ប្លែក​កាលពី​២​ឆ្នាំ​មុន ធ្វើ​ឲ្យ​ពួក​គាត់​ជួប​បញ្ហា​ធ្ងន់ធ្ងរ ។ លោក ហាក់ ឈុ​ន​លី កសិករ​រូប​នេះ​បាន​និយាយ​ថា ៖« ក្នុង​ផ្ទៃដី​ដាំ​ដុះ​២​ហិ​កតា​នេះ ខ្ញុំ​ទទួល​បាន​ទិន្នផល​ប្រមាណ​ជិត​៣​តោន គុណភាព​ក៏​ល្អ រីឯ​តម្លៃ​វិញ​ក៏​បាន​សមរម្យ​ដែរ នៅ​ក្នុង​ចន្លោះ​តម្លៃ​ពី​២.៥០០​ទៅ​៣.០០០​រៀល​ក្នុង​១​គីឡូក្រាម បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​ទៅ បាន​ត្រឹមតែ​១.៧០០​រៀល​ប៉ុណ្ណោះ » ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ លោក ពឹង ទ្រី​ដា បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៨​នេះ ឃើញ​ថា អាកាសធាតុ​អំណោយផល​ល្អ​សម្រាប់​កសិករ​ដាំ​ដុះ​ដំណាំ​គ្រប់​ប្រភេទ ។ ជាក់ស្តែង​ដូច​ជា ដំណាំ​សណ្តែកបាយ ដែល​ត្រូវការ​ទឹកភ្លៀង​ជា​ចាំបាច់ សម្រាប់​ការ​លូតលាស់ និង​ការពារ​មិន​ឲ្យ​មាន​សត្វល្អិត​ផ្សេង​ៗ​ស៊ី​បំផ្លាញ​ដំណាំ ។

លោក​ប្រធាន​មន្ទីរ​បាន​រំឭក​ថា កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ ខេត្តព្រះវិហារ​បាន​ជួប​នូវ​បាតុភាព​ធម្មជាតិ ដែល​បំផ្លាញ​ដោយ​សត្វ​ដង្កូវ​ហ្វូង​ស៊ី​បំផ្លាញ​ដំណាំ​សណ្តែកបាយ និង​ដំណាំ​ស្រូវ របស់​កសិករ​ជា​ច្រើន​ហិ​កតា ដោយសារ​តែ​កត្តា​ភ្លៀង​ធ្លាក់​ពុំ​បាន​គ្រប់គ្រាន់ និង​មាន​អាកាសធាតុ​ក្តៅ ធ្វើ​ឲ្យ​សត្វ​ដង្កូវ​មានឱកាស​ចូល​ស៊ី​បំផ្លាញ​ដំណាំ​របស់​កសិករ ជា​ពិសេស ស្រែ​ចម្ការ​ដែល​នៅ​ក្បែរ​ចម្ការ​ចេក និង​តំបន់​ព្រៃ ងាយ​រង​គ្រោះ ជាងគេ ។ លោក ពឹង ទ្រី​ដា បាន​បន្ថែម​ថា ក្រោយ​ពេល​ដែល​កសិករ​បាន​ប្រមូល​ផល​សណ្តែកបាយ នៅ​ចុងខែ​មិថុនា និង​ដើមខែ​កក្កដា​នេះ​រួចរាល់ ពួក​គាត់​នឹង​បន្ត​ភ្ជួរ​រាស់​ដី​សា​ជា​ថ្មី​ឡើង​វិញ​សម្រាប់​ដាំ​ដុះ​ដំណាំ​សណ្តែកសៀង​ម្តង ដោយ​មិន​ទុក​ដី​ចោល​ឲ្យ​នៅ​ទំនេរ​ឡើយ ។

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ទាំងអស់​ដែល​មាន​ច​ម្ង​ល់ និង​ជួប​បញ្ហា​ផ្សេង​ៗ​ទាក់ទិន​នឹង​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម មន្ទីរ​ជំនាញ​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ប្រឹក្សា​យោបល់​ជូន​កសិករ​គ្រប់ពេលវេលា ។
យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ ក្នុង​ឆ្នាំ​២០១៨​នេះ​បាន​បង្ហាញ​ថា ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សណ្តែកបាយ មាន​ប្រមាណ​ជាង​១​ម៉ឺន​ហិ​កតា បើ​ធៀប​នឹង​ឆ្នាំ​មុន មាន​ផ្ទៃដី​ប្រហាក់ប្រហែល​គ្នា ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ