ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ទាំង​កម្លាំង​ព្យុះ​ហយា​ត្រា២៧០០​នាក់ និង​គ្រប់​មន្ត្រី​កងទ័ព​ចូលរួម​ពិធី​នេះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ ថ្ងៃ​បង្កើត​យោធភូមិ​ភាគ​ទី​៥ ក្រោម​អធិ​បតី​ភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ…

ខេត្តបាត់ដំបង ៖ ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ ថ្ងៃ​បង្កើត​យោធភូមិ​ភាគ​ទី​៥ ក្រោម​អធិ​បតី​ភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​​​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ក្រុង​-​ខេត្តបាត់ដំបង ដោយ​មាន​​កម្លាំង​ព្យុះ​ហយា​ត្រា​ចំនួន​២៧០០​នាក់ គ្រប់​មន្ត្រី​កងទ័ព​មក​ពី​ក្រសួងការពារជាតិ អគ្គបញ្ជា​ការ កងទ័ពជើងគោក តំណាង​កងទ័ព​ថៃ វៀតណាម លោក​អភិបាលខេត្ត​បាត់ដំបង បន្ទាយ​មាន​ជ័យ ប៉ៃលិន និង​ពោធិសាត់ នគរបាល អាវុធហត្ថ ដែល​សរុប​រួម​ប្រមាណ​៤​ពាន់​នាក់ ។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​មាន​មតិ​ស្វាគមន៍ និង​អាន​ប្រ​វត្ត​សង្ខេប​ស្តី​ពី​ការ​បង្កើត​យោធភូមិ​ភាគ​ទី​៥ គឺ​ផ្តើម​ចេញពី​កងកម្លាំង​១​កងពលធំ​លេខ​១៩៦ ដែល​បាន​ឈរជើង​នៅ​ខេត្តបាត់ដំបង​នេះ​នៅ​ឆ្នាំ​១៩៨១ និង​អង្គភាព​ផ្សេង​ៗ​ទៀត​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន ដោយ​មាន​កិច្ចសហការ​ជាមួយ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បន្ទាប់​ពី​បាន​រំដោះប្រជាជន​ចេញពី​របប​អាវ​ខ្មៅ​ឆ្នាំ​១៩៧៩ ហើយ​រួម​គ្នា​ទប់ស្កាត់​ការ​វិល​ត្រឡប់នៃ​ប្រល័យពូជសាសន៍​មក​វិញ​ផង​នោះ ក៏​ត្រូវ​បាន​ពង្រឹង​រៀបចំ​ប្រមូលផ្តុំ ពង្រឹងកម្លាំង​ទ័ព​នៅ​បាត់ដំបង​នេះ​ដើ​យ​បង្កើត​បានជា​អង្គភាព​យោធភូមិ​ភាគ​ទី​៥ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៨៨ ។

ដោយ​បាន​គ្រប់គ្រង​កម្លាំង​ទ័ព​ក្នុង​ខេត្ត​ចំនួន​៤ គឺ​បាត់ដំបង ពោធិសាត់ ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ ហើយ​បាន​ទប់ស្កាត់​រាល់​សកម្មភាព​បទល្មើស ពង្រឹង​កសាង​អង្គភាព ដោយ​មាន​កិច្ច​រួម​សហការ គ្រប់​អាជ្ញាធរ​មូលដ្ឋាន និង​ពង្រឹង​សម្ព័ន្ធមេត្រីភាព​ជាមួយ​ប្រទេស​ជិតខាង​រក្សាសុខ​សន្តិភាព ជំរុញ​ការ​អភិវឌ្ឍ បន្តបន្ទាប់​ពី​ពេល​ធ្វើ​សមាហរណកម្ម​បង្រួបបង្រួម​ជាតិ​តាម​គោលនយោបាយ​ឈ្នះ ឈ្នះ​ទទួល​បាន​សុខ​សន្តិភាព​ពិតប្រាកដ​នៅ​ឆ្នាំ​១៩៩៨​កន្លង​មក​នោះ ។

បន្ទាប់​មក​ក្នុង​ក្បួន​ព្យុះ​ហយា​ត្រា បាន​បង្ហាញ អំពី​គ្រឿងចក្រ សព្វាវុធ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​នា​សម័យ​នោះ ព្រមទាំង​កងកម្លាំង​ជំនាន់​ក្រោយ​បាន​ទទួល​ហ្វឹកហាត់​ដើម្បី​បន្ត​វេ​ណ រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព​បន្ត​ទៅ​ទៀត​រួម​ហើយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ដឹកនាំ តស៊ូ​រំដោះប្រទេស​ជាតិ​កន្លង​មក​នោះ​គឺ​មាន​តែ​បាតដៃ​ទទេ តាំងពី​ឆ្នាំ​១៩៧៩​មក ដោយ​បាន​ប្រឹងប្រែង​ដៃ​ម្ខាង​ទប់ស្កាត់​នៃ​ការ​វិល​ត្រឡប់​ខ្មែរក្រហម ដៃ​ម្ខាង​ប្រឹង​ស្តារ​សេដ្ឋកិច្ចជាតិ ក្នុង និង​ក្រៅប្រទេស​ដែល​បាន​ហ៊ុំ​ព័ទ្ធ​ប្រទេស​កម្ពុជា ដែល​គ្មាន​អ្វី​សោះ​ឲ្យ​វិល​ត្រឡប់​មក​មាន​ភាព​សម្បូរ​សប្បាយ​រហូត​បាន​ដូច​សព្វ​ថ្ងៃនេះ ។

សម្តេច​ចាំ​បាន​ថា ខេត្តបាត់ដំបង ជា​កន្លែង​បន្សល់​អនុស្សាវរីយ៍​ច្រើន​ក្នុង​សម័យ​មាន​សង្គ្រាម តែ​ពេល​នេះ​ប្លែក​ទាំងអស់ ព្រោះ​ខុស​គ្នា​កាល​មាន​សង្គ្រាម បាត់ដំបង​ពេល​នោះ ឃើញ​តែ​ផ្សែង​ឆេះ​ដោយសារ​គ្រាប់រំសេវ​ហុយ​ពេញ​តំបន់​ប្រយុទ្ធ​គ្នា​ពី​ជនបទ ដល់ទី​ក្រុង តែ​ពេល​៣០​ឆ្នាំ​កន្លង​មកនេះ តាម​ជនបទ​សុទ្ធតែ​ចំការ ស្រែ​ដំណាំ និង​ទីក្រុង​អាគារ​ធំ​ៗ ឡាន ម៉ូតូ​ចង្អៀត​រក​ចៀស​គ្នា​មិន​ចង់​រួច នេះ​គឺ​មក​ពី​ហេតុ​អ្វី? គឺ​កត្តា​ដឹកនាំ​ថែរ​រក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ទើប​គ្មាន​ភាព​អន្តរាយ ខ្ទេចខ្ទាំ​ក្នុង​ប្រទេស​ដូច​សម័យ​មុន​ៗ​ឡើយ ដូច្នោះ​យើង​បន្ត​រួម​គ្នា​ថែរ​រក្សាសុខ​សន្តិភាព​ឲ្យ​បាន​ដើម្បី​ក្តី​សុខ​សប្បាយ​របស់​យើង​ទាំងអស់​គ្នា ។

សម្តេច​បន្ថែម​ទៀត​ថា យោធភូមិ​ភាគ​ទី​៥ គឺជា​ចំណែក​មួយ​សំខាន់​ក្នុង​ការ​ធ្វើ​សមាហរណកម្ម ហើយ​ពេល​នេះ ទាំង​ការ​គ្រប់គ្រង​កម្លាំង​ទ័ព ទាំង​ការ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ គឺ​លេចធ្លោ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​កំពុង​តែ​រៀបចំ​បង្កើត​ជា​វិមាន​ឈ្នះ ឈ្នះ នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្សល់​ទុកជា​គំរូ ឯកសារ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​យល់​ដឹង​ប្រវត្តិសាស្ត្រ​ដឹក​នាំ​បន្ត​វេ​ណ​បន្ត​ទៅ​ទៀត​ ។

សម្តេច​បាន​ផ្តាំផ្ញើ​ចំណុច​សំខាន់​ៗ ដោយ​បាន​ផ្តោត​លើ​ការ​រីក​ចំរើន​បន្ត​ទៀត​គឺ ត្រូវ​ពង្រឹង​ការ​យល់​​​ដឹង​ផ្នែក​ព័ត៌មានវិទ្យា​ឲ្យ​បាន​ច្រើន​តាម​សម័យកាល ដើម្បី​ចៀសវាង​ចាញ់បោក​ការ​ឃោស​នា ញុះញង់ លាប​ពណ៌ បង្កើត​អសន្តិសុខ រំខាន​ជីវភាព​ការ​រស់​រស់​របស់​បងប្អូន​យើង ហើយ​កុំ​ភ្លេច​​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដោយ​មានការ​ជឿជាក់​លើស​ម្តេច​តេ​ជោ​ហ៊ុន សែន​គឺ បោះ​​ឲ្យ​លេខ​២០​ចុង​ក្រោយ​គេ ក្នុង​ចំណោម​២០​គណបក្ស ដែល​ជា​លេខ​ចុង​ក្រោយ គឺ​ងាយ​ចាំ ងាយ​​គិត ងាយ​គូស ទើប​មាន​សុខ​សន្តិភាព​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ