ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សាកល្បង​ចិញ្ចឹម​បង្គា​ខ្នាត​ធំ​នៅ​ស្រុក​ព្រៃ​នប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កូន​បង្គា​ចំនួន​២​លាន​ក្បាល​ត្រូវ​បាន​សាកល្បង​ចិញ្ចឹម​ជា​លើក​ដំបូង នៅ​ក្នុង​ស្រះ​បែប​ធម្មជាតិ​ដ៏​ធំ​មួយ​មាន​ទំហំ​៨​ហិ​កតា ដែល​មា​នទី​តាំងនៅ​ស្រុក​ព្រៃ​នប់ ។ ការ​បង្កើត​ឲ្យ​មាន​កន្លែង​ចិញ្ចឹម​បង្គា​នេះ រំពឹង​ថា​នឹង​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​នាំ​ចូល​បង្គា​ពី​ប្រទេស​ជិតខាង និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង​ដែរ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ កូន​បង្គា​ចំនួន​២​លាន​ក្បាល​ត្រូវ​បាន​សាកល្បង​ចិញ្ចឹម​ជា​លើក​ដំបូង នៅ​ក្នុង​ស្រះ​បែប​ធម្មជាតិ​ដ៏​ធំ​មួយ​មាន​ទំហំ​៨​ហិ​កតា ដែល​មា​នទី​តាំងនៅ​ស្រុក​ព្រៃ​នប់ ។ ការ​បង្កើត​ឲ្យ​មាន​កន្លែង​ចិញ្ចឹម​បង្គា​នេះ រំពឹង​ថា​នឹង​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​នាំ​ចូល​បង្គា​ពី​ប្រទេស​ជិតខាង និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង​ដែរ ។

លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ មិថុនា កន្លង​មក​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ស្រុក​ព្រៃ​នប់​មានការ​ចិញ្ចឹម​បង្គា​ជា​លក្ខណៈ​ធម្មជាតិ​ដ៏​ធំ​មិន​ធ្លាប់​មាន​បែប​នេះ ។ លោកនាយ​ខណ្ឌ​បន្ដ​ថា ៖« ស្រះ​នេះ​មាន​ទីតាំង​ជាប់​ទំនប់​ការពារ​ទឹកប្រៃ ស្ថិត​ក្នុងភូមិ​បឹង​ជុំ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ មាន​ផ្ទៃដី​សរុប​ចំនួន​៨​ហិ​កតា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ហេង ហេង ឌី​វើ​ឡុ​ប​ភើ​មែន ហើយ​នេះ​ជា​ដំណាក់កាល​ទី​១​ប៉ុណ្ណោះ​ដែល​មានការ​ចិញ្ចឹម​ចំនួន​២​លាន​ក្បាល » ។

អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ដ មីន បាន​សម្តែង​ការ​សាទរ​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​បង្កើត​ទីតាំង​ភ្ញាស់​កូន និង​ចឹ​ញ្ចឹ​ម​បង្គា​បង្កាត់​ពូជ​ក្នុងស្រុក ដែល​នេះ​គឺជា​សកម្មភាព​មួយ​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ដល់​សង្គម​ជាតិ ។ លោក​អភិបាលខេត្ត​បាន​បន្ដ​ថា ៖« សកម្មភាព​នេះ វា​បាន​បង្ហាញ​អំពី​សក្តានុពល​ដែល​ខេត្ត​កំពុង​មាន ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ​កម្ពុជា ជា​ពិសេស បងប្អូន​នៅ​ក្បែរ​ទីតាំង​នេះ​ផ្ទាល់​តែ​ម្ដង » ។
តំណាង​ក្រុមហ៊ុន ហេង ហេង ឌី​វើ​ឡុ​ប​ភើ​មែន លោក ស៊ិ​ន ស​ត្ថា បាន​ឲ្យ​ដឹងផង​ដែរ​ថា នេះ​ជា​ដំណាក់កាល​ទី​១ ដែល​អាច​ចាត់​ទុក​ថា ជា​ការ​សាកល្បង​ក្នុង​គម្រោង​ដ៏​ធំ​មួយ​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​នេះ ក្រុមហ៊ុន នឹង​មាន​គម្រោង​ពង្រីក​ស្រះ​ឲ្យ​បាន​ផ្ទៃដី​ជាង​១០០​ហិ​កតា ដោយ​មាន​ផែនការ​ចិញ្ចឹម​បន្ថែម​ទៀត​ដូច​ជា ត្រី និង​ក្តាម ជាដើម ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​បរទេស ដែល​មាន​តម្លៃ​ខ្ពស់ ហើយ​ពុំ​មាន​សុវត្ថិភាព ។

លោក​គូសបញ្ជាក់​ថា ៖« កូន​បង្គា​ចំនួន​២​លាន​ក្បាល​ដែល​យក​មក​លែង​នៅ​ក្នុង​ស្រះ​ធម្មជាតិ​នេះ មិនមែន​នាំ​ចូល​ពី​ក្រៅប្រទេស​នោះ​ទេ គឺ​យក​ពី​ទីតាំង​បង្កាត់​បង្គា​ដែល​មាន​មូលដ្ឋាន​នៅ​សមុទ្រ​រាម ឃុំ​រាម ស្រុក​ព្រៃ​នប់ នេះ​តែ​ម្ដង » ។ លោក​បន្ថែម​ថា ទីតាំង​ចិញ្ចឹម​បង្គា​នេះ នឹង​ស្រូប​យក​កម្លាំង​ពលកម្ម​នៅ​ក្នុង​មូលដ្ឋាន​បាន​មួយ​ចំណែក និង​ចូលរួម​កាត់​បន្ថយ​ការ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ ។

ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ​បាន​សម្តែង​ការ​សាទរ និង​មាន​ទឹកចិត្ត​សប្បាយ​រីករាយ​បន្ទាប់​ពី​ទទួល​បាន​នូវ​ការងារ​ថ្មី​ក្បែរ​លំនៅ​ឋាន​របស់​ពួក​គាត់ ហើយ​មាន​តម្លៃ​ខ្ពស់ ពុំ​ចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ឆ្ងាយ​ៗ​ពី​ក្រុម​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ