ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​កម្ពុជា​កាន់តែ​មាន​សមត្ថភាព​ប្រកួតប្រជែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ចំណត​ពហុ​បំណង​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​ច្រក​ទ្វារ​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​សំខាន់​សម្រាប់​ដោះ​ដូរ​ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក ។ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ចំណត​ពហុ​បំណង​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​ច្រក​ទ្វារ​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​សំខាន់​សម្រាប់​ដោះ​ដូរ​ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ចំណត​ពហុ​បំណង​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ម្សិលមិញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​បន្ដ​ថា ៖« ចំណត​ពហុ​បំណង​នេះ បាន​ត​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ​២, លេខ​៣, លេខ​៤, ផ្លូវ​រថភ្លើង និង​ជា​ពិសេស ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ដែល​គ្រោង​បើក​ការដ្ឋាន​សាងសង់​ឆាប់​ៗ​ខាង​មុខ​នេះ ។ ទន្ទឹម​នឹង​នេះ ចំណត​ផែ​នេះ​អាច​អនុញ្ញាត​ឲ្យ​នាវា​ដឹក​ទំនិញ​កាន់តែ​ធំ​ជាង​មុន ដែល​មាន​ចំណុះ​ដល់​៥​ម៉ឺន​តោន​អាច​ចូល​ចត​បាន » ។

លោក​បញ្ជាក់​ថា ៖« ជា​រួម កា​រត​ភ្ជាប់​ទៅ​នឹង​ផ្លូវ​គមនាគមន៍​សំខាន់​ៗ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​របស់​កំពង់​ផែ បាន​ធ្វើ​ឲ្យ​កំពង់​ផែ​ក្រុងព្រះសីហនុ កាន់តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​បាន​ឆាប់រហ័ស និង​តម្លៃ​ថោក សំដៅ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង និង​ក្នុង​តំបន់ » ។ ចំណត​ផែ​ពហុ​បំណង​នេះ បាន​ចាប់ផ្ដើម​អនុវត្ត​ការងារ​សាងសង់​កាលពី​ថ្ងៃ​ទី​១ មក​រា ២០១៥ និង​បញ្ចប់​រួចរាល់​កាលពី​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៨​នេះ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​គូសបញ្ជាក់​ថា ៖« គម្រោង​សាងសង់​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់​ផែ​ក្រុងព្រះសីហនុ មាន​ដូច​ជា ចំណត​ផែ​ទំនិញ​លក់រាយ​ប្រវែង​៣៣០​ម៉ែត្រ ជម្រៅ​ទឹក​១៣​ម៉ែត្រ​កន្លះ​, ចំណត​ផែ​មូលដ្ឋាន​ផ្គត់ផ្គង់​ភស្ដុ​ភារ​សម្រាប់​ការ​រុករក​ប្រេង ប្រវែង​២០០​ម៉ែត្រ ជម្រៅ​ទឹក​៧​ម៉ែត្រ​កន្លះ និង​ការ​ផ្គត់ផ្គង់​នាវា​សណ្តោង (Tugboat) ក្រោម​ហិរញ្ញប្បទាន​សម្បទាន មាន​ទឹកប្រាក់​សរុប​ប្រមាណ​៧៤​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​ពហុ​បំណង​កំពង់​ផែ​ក្រុងព្រះសីហនុ រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ទទួល​បន្ទុក​លើ​ការ​បង់ពន្ធ និង​អាករ​ផ្សេង​ៗ » ។ ចំណុច​សំខាន់​នៃ​កំពង់​ផែ​នេះ នឹង​អាច​ស្រូប​យក​ចំណែក​នៃ​ទីផ្សារ​រហូត​ដល់​ជាង​៧០% នៃ​ការ​ចរាចរ​ទំនិញ​ចេញ​-​ចូល​សរុប​របស់​កម្ពុជា ។ ម្យ៉ាងវិញទៀត ចំណត​ផែ​ពហុ​បំណង​នេះ​នឹង​ជួយ​គាំទ្រ​ដល់​មូលដ្ឋាន​ភស្ដុ​ភារ​សម្រាប់​ផ្គត់ផ្គង់​រុករក​ប្រេង និង​ការ​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា ដែល​នឹង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ប្រេង​នៅ​កម្ពុជា​ផង​ដែរ ។

ថ្លែង​នា​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​កាលពីមុន មាន​សមត្ថភាព​អនុញ្ញាត​ឲ្យ​នាវា​ដឹក​ទំនិញ​ចំណុះ​តែ​១​ម៉ឺន​តោន​ប៉ុណ្ណោះ ដែល​ជា​ការ​លំបាក​សម្រាប់​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស តែ​ពេល​នេះ អាច​ឲ្យ​នាវា​ចំណុះ​៥​ម៉ឺន​តោន​ចូល​ចត​បាន ។ ទោះ​យ៉ាងនេះ​ក្ដី សម្តេច​បាន​ថ្លែង​បញ្ជាក់​ថា ៖«​ចំនួន​នេះ ថ្វី​ដ្បិតតែ​វា​មិន​ទាន់​គ្រប់គ្រាន់ ក៏​ប៉ុន្ដែ​វា​ល្អ​ប្រសើរ​ជាង​ការ​ដែល​យើង​ដឹក​ត្រឹម​១​ម៉ឺន​តោន ហើយ​ក៏​សូម​បញ្ជាក់​ជូន​ដែរ​ថា យើង​មិន​ស្កប់ស្កល់​ត្រឹម​ប៉ុណ្ណឹង​ទេ យើង​ត្រូវធ្វើ​បន្ដ​ទៀត ដើម្បី​ឲ្យ​ជម្រៅ​ទឹក​ឈាន​ទៅ​ដល់​១៤​ម៉ែត្រ​កន្លះ អាច​ចូល​នាវា​បាន​រហូត​ដល់​៦​ម៉ឺន​តោន » ។ បើ​តាម​ការ​អះអាង​ពី​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​នៃ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​នា​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គ្រោង​នឹង​ពង្រីក​សមត្ថភាព​កំពង់​ផែ​បន្ថែម​ទៀត តាម​រយៈ​ការ​សាងសង់​ផែ​កុងតឺន័រ​ថ្មី​មួយទៀត ដែល​មាន​ជម្រៅ​ទឹក​១៤​ម៉ែត្រ​កន្លះ ប្រវែង​៣៥០​ម៉ែត្រ ដែល​គ្រោង​នឹង​សាងសង់​នៅ​ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២ ឬ​ដើមឆ្នាំ​២០២៣ ដែល​មាន​ទឹកប្រាក់​ប្រមាណ​២០៣​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក ស៊ុន ចាន់​ថុ​ល ថ្លែង​ថា ៖« កំពង់​ផែ​ទឹក​ជ្រៅ​នេះ នឹង​ធានា​ដល់​ការ​ចូល​ចត​នាវា​កុងតឺន័រ​ខ្នាត​ធំ​ចំណុះ​៦​ម៉ឺន​តោន រហូត​ដល់​៩៣%​នៃ​ចំនួន​នាវា​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ដើមឆ្នាំ​២០២៣ ។ ជាង​នេះ​ទៅ​ទៀត កំពង់​ផែ​នេះ​នឹង​ក្លាយជា​កំពង់​ផែ​លំដាប់​មធ្យម ដោយ​មាន​កុងតឺន័រ​ឆ្លងកាត់​លើស​ពី​១​លាន​TEU ក្នុង​១​ឆ្នាំ ។ រីឯ​តម្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ទៅ​មក​កម្ពុជា នឹង​កាន់តែ​ចុះ​ទាប​ប្រហាក់ប្រហែល​នឹង​តម្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​នៃ​ប្រទេស​ជិតខាង » ។

លោក Bessho Kenichi ភារធារី​ស្ដីទី​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​នេះ បាន​និង​កំពុង​រក្សា​បាន​នូវ​អត្រាកំណើន​ខ្ពស់​ក្នុង​រង្វង់​៧% ហើយ​ការ​ដឹក​ជញ្ជូន​ទំនិញ និង​ពាណិជ្ជកម្ម គឺជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ការ​រីក​ចម្រើន​លូតលាស់​នៃ​សេដ្ឋកិច្ច​នេះ ។
លោក​ថ្លែង​ថា ៖« បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​ជា​កំពង់​ផែ​ទឹក​ជ្រៅ​ធំ​តែ​មួយ​គត់​របស់​កម្ពុជា កំពុង​មានការ​កើនឡើង​ខ្ពស់ ដែល​ធ្វើ​ឲ្យ​តួនាទី​កំពង់​ផែ​នេះ​កាន់តែ​មាន​សារសំខាន់​នា​ពេល​អនាគត » ។

លោក​បន្ដ​ថា កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​សារសំខាន់​យ៉ាង​ខ្លាំង ដើម្បី​ពង្រឹង​កា​រត​ភ្ជាប់​តំបន់​មេគង្គ និង​តំបន់​អាស៊ាន​ទាំងមូល ដែល​នេះ​គឺជា​កិច្ចការ​និមិត្តរូប​ដ៏​ធំ​មួយ​ក្នុង​ចំណោម​គម្រោង​កិច្ច​សហប្រតិបត្តិការ​របស់​ជប៉ុន​នៅ​កម្ពុជា ។ រដ្ឋាភិបាល​ជប៉ុន​បាន​និង​កំពុង​ធ្វើ​គម្រោង​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ​សម្រាប់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ជា​បន្ដបន្ទាប់ ។ កាលពី​ខែមិថុនា​ឆ្នាំ​មុន JICA​បាន​ទិញ​ភាគហ៊ុន​មួយ​ផ្នែក​ពី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ព​ង្រឹ​ក​បន្ថែម​ពីលើ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​រហូត​ដល់​បច្ចុប្បន្ន ព្រមទាំង​រួមចំណែក​ដល់​ការ​ជំរុញ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ។

គួរ​កត់​សម្គាល់ថា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​កើន​ឡើងជា​មធ្យម​១២,៦៥% ។ ចំណែក​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ មាន​ចំនួន​៤៥៩.៨៣៤TEU(​ចំណុះ​នៃ​កុងតឺន័រ​) ដែល​មាន​កំណើន​ប្រមាណ​១៥%​ធៀប​នឹង​ឆ្នាំ​២០១៦ ។ ដោយឡែក រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៨​នេះ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន​២០៧.០៤៧ TEU ដែល​មាន​កំណើន​ជិត​២០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ