ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រុឌទ្រោម​លើ​គ្រែពេទ្យ​ «​អា​លី​យ៉ា​» ថ្ងូរ​ប្រាប់​មិត្តភក្តិ​ថាឃ្លាន​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ទទួល​ដំណឹង​ថា​កញ្ញា​អា​លី​យ៉ា មាន​ជំងឺ​ធ្ងន់​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​​មានការ​ភ្ញាក់ផ្អើល​។ ម្នាក់​ៗ​មិន​ទុក​នាង​ចោល​ឡើយ ដោយ​មិត្ត​សិល្បៈ និង​សមា​គម​សិល្បៈ​បាន​ទៅ​សួរសុខទុក្ខ​នាង ។ កញ្ញា​ឌួ​ង ហ្សូ​រី​ដា​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​នាង​កាលពី​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ទទួល​ដំណឹង​ថា​កញ្ញា​អា​លី​យ៉ា មាន​ជំងឺ​ធ្ងន់​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​​មានការ​ភ្ញាក់ផ្អើល​។ ម្នាក់​ៗ​មិន​ទុក​នាង​ចោល​ឡើយ ដោយ​មិត្ត​សិល្បៈ និង​សមា​គម​សិល្បៈ​បាន​ទៅ​សួរសុខទុក្ខ​នាង ។

កញ្ញា​ឌួ​ង ហ្សូ​រី​ដា​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​នាង​កាលពី​ថ្ងៃ​ទី​២៣ មិថុនា ២០១៨ ​ថា ​«​វាសនា​មនុស្ស​មិន​ទៀង​..! គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​លើស​ពី​អាណិត​..! ជំងឺ​បាក់ទឹកចិត្ត ប្រែក្លាយ​មនុស្ស​ប្រកបដោយ​សមត្ថភាព ទេព​កោសល្យ​ម្នាក់ ធ្លាក់ខ្លួន​ដល់​ថ្នាក់​ដើរ​ដេក​តាម​ចិញ្ចើមថ្នល់ ខ្វះ​អាហារ​ហូប​ចុក រស់​ដោយសារ​តែ​គ្រឿង​កំប៉ុង និង​មី​ស្រុស​…!

ខ្ញុំ​ធ្លាប់​ផ្តល់​ឱ​កាស​ការងារ​ជា​ច្រើន​ឲ្យ​គាត់​ធ្វើការ​កន្លង​មក​ជាមួយ​ក្រុមការងារ​ខ្ញុំ តែ​ក៏​បាត់​គាត់​មួយ​រយៈ​ធំ នឹក​ស្មាន​តែ​គាត់​បាន​វិល​ទៅ​ជួបជុំ​ម្តាយចិញ្ចឹម ឬ​បងប្អូន​គាត់​វិញ​ហើយ មិន​នឹក​ស្មានថា​ធ្លាក់ខ្លួន​ឈឺ​ដល់​ថ្នាក់​នេះ​សោះ ។

ទឹកចិត្ត​បន្តិចបន្តួច​ជា​ការ​ផ្តល់​ជូន​គាត់​នា​ពេល​នេះ​វា​មិន​ច្រើន​ទេ តែ​សំខាន់​ស្ទើរតែ​ស្រក់​ទឹកភ្នែក​ពេល​គាត់​ឃើញ​ខ្ញុំ​លើកយក​កន្ត្រក​ទឹកមាត់​ត្រចៀកកាំ​ហុច​ឲ្យ​គាត់ គាត់​ប្រាប់​ថា ឃ្លាន​ណាស់​យាយ​ហ្សូ អើយ ចង់​ញ៉ាំ​អាហ្នឹង​យូរហើយ តែ​អត់​មាន​លុយ​ទិញ ។

ឥឡូវ​ក្នុង​នាម​ជា​មិត្តភក្តិ​ម្នាក់​បាន​ផ្តាំ​ថា ត្រឹម​អាហារ​ហូប​ចុក សូម​ឲ្យ​គាត់​ប្រាប់​មក សម័យ​​តេ​ជោ​ទៅ​ហើយ ដាច់ខាត​មិន​អាច​ឲ្យ​ប្រជាជន​ដាច់​ពោះ​ស្លាប់​នឹង​ការ​អត់ឃ្លាន អត់​អាហារ​ឡើយ …! ខ្ញុំ​សុំ​ឲ្យ​គាត់​ខិតខំ​ប្រឹង​ព្យាបាល​ខ្លួន​អោយ​ជា បំភ្លេច​រឿង​អតីតកាល​ឲ្យ​អស់ កសាង​ជីវិត​ថ្មី ឲ្យ​តែ​មាន​កម្លាំង មានជីវិត ការងារ​មិន​ខ្វះ​ធ្វើ​ទេ លុយ​ក៏​មិន​ខ្វះ​ចាយ បាយ​ទឹក​ក៏​មិន​ខ្វះ​ហូប​ដែរ សំខាន់​ត្រូវ​ក្រោកឈរ រឹង​មាំ​…! »​។

កញ្ញា​ស៊ូ ដា​ណេ តារាចម្រៀង​មនោសញ្ចេតនា​ក្រោយ​ឃើញ​សភាព​អា​លី​យ៉ា​បែប​នោះ​ក៏​មាន​អារម្មណ៍​ស្លុត​ណាស់​ដែរ ។ នាង​បាន​ប្រមូលប្រាក់​ជាមួយ​មិត្ត​ជិតដិត​បាន​មួយ​ចំនួន​មាន​ទាំង​ប្រាក់​ដុល្លារ និង​ប្រាក់​រៀល​យក​ទៅ​ជួយ​ឌី​ជេ​អា​លី​យ៉ា ។ នាង​បាន​ផ្តែផ្តាំ​ជូនពរ​អា​លី​យ៉ា ឲ្យ​តស៊ូ​មាន​កម្លាំងចិត្ត​ឡើង​វិញ​ត្រូវ​យកឈ្នះ​ឧបសគ្គ​ឲ្យ​បាន ។

អ្នកដឹកនាំ​សម្តែង​ប្រចាំ​ស្ថា​នី​ទូរទស្សន៍​ហង្ស​មាស លោក​កៅ សីហា បាន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​កាល់​ម៉ែ​ត ក្រោយ​ដឹង​ថា​ឌី​ជេ​ធ្លាប់​ល្បីឈ្មោះ​កញ្ញា​អា​លី​យ៉ា​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ។ លោក​​បាន​សម្តែង​ទឹកចិត្ត​សោកស្តាយ​មិន​គួរ​អា​លី​យ៉ា​ទៅ​ជា​បែប​នេះ​ទេ ។ លោក​កៅ សីហា ក៏​ធ្លាប់​រួមការ​ងារ​ជាមួយ​ឌី​ជេ​អា​លី​យ៉ា​កាលពី​ជិត​១០​ឆ្នាំ​មុន​ដោយ​លោក​យល់​ថា​នាង​មាន​សមត្ថភាព​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ។ លោក​សីហា បាន​សរសេរ​លើ​ហ្វេ​សប៊ុ​កថា​«​ឆ្លៀតពេល​មក​មើល​Dj​អា​លី​យ៉ា ! ឃើញ​ហើយ​ស្លុតចិត្ត​ណាស់ មិន​គួរ​មនុស្ស​រឹង​មាំ ធ្លាក់ខ្លួន​មួយ​រំពេច​ភ្នែក ហើយ​សុខចិត្ត​សម្ងំ​រស់នៅ​ក្រៅ​ពិភព​សង្គម​សិល្បៈ​ជាង​៣​ឆ្នាំ​តែ​ម្នាក់ឯង​រហូត​ដល់​ដំណាក់កាល​នេះ ។

បី​នាក់​ខ្ញុំ​ជាមួយ​ប្អូនស្រី​លី ចាន់​សីហា និង​គ​ន្ឋ​ហ្វូ​តូ​ស៊ី​ធី មិត្ត ចាស់​ៗ​ជាមួយ​គ្នា​ជាង​១០​ឆ្នាំ​មកនេះ​បាន​ប្រាក់​ម្នាក់​បន្ដិចបន្តួច​តាម​ល​ទ្ឋ​ភាព​ដែល​មាន​សម្រាប់​ជួយ​ដល់​នាង សរុប​បាន​១០០​ដុល្លារ និង​១០​ម៉ឺន​រៀល »​។  អា​លី​យ៉ា កំពុង​សម្រាក​នៅ​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​ស្ថានភាព​ជើង​របស់​នាង​គឺ​ស្វិត​ទាំង​សងខាង​ដើរ​មិន​រួច ចំណែកឯ​ជំងឺ​រលាក​ទងសួត​គឺ​ធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ