ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ខែ​ដើមឆ្នាំ ពន្ធដារ​ប្រមូល​ចំណូល​បានជាង១ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​បង់​ចូល​ថវិកាជាតិ បាន​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​១២%​។ នេះ​បើ​យោង​តាម​របាយការណ៍​ផ្លូវការ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​បង់​ចូល​ថវិកាជាតិ បាន​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​១២%​។ នេះ​បើ​យោង​តាម​របាយការណ៍​ផ្លូវការ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

របាយការណ៍​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ខែឧសភា ឆ្នាំ​២០១៨ ព្រមទាំង​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃ​ទី​២២ មិថុនា កន្លង​មក នៅ​សាល​ប្រជុំ​សាលា​ជាតិ​ពន្ធដារ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ។ ក្នុង​ឱកាស​នោះ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្ហាញ​ថា រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ (​ចាប់ពី​ខែមករា ដល់​ខែឧសភា​) អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​បាន​ចំនួន​៤.១៧១,៨២​ប៊ី​លាន​រៀល ស្មើ​ប្រមាណ​ជា​១.០៤២,៩៦​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ស្មើនឹង​៥៤,២៣% ។ បើ​ធៀប​នឹង​៥​ខែ​ដើមឆ្នាំ​២០១៧​កន្លង​មក​ឃើញ​ថា កើនឡើង​ចំនួន​៤៥២,០៥​ប៊ី​លាន​រៀល (​ប្រមាណ​១១៣​លាន​ដុល្លារ​អា​មេ​រិ​ក​) ស្មើនឹង​១២,១៥% ។

ជាមួយនឹង​លទ្ធផល​ប្រមូល​ពន្ធ​អាករ​មាន​កំណើន​ល្អ​បែប​នេះ លោក​ក៏​បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវ​មាន​ភាព​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ ក្នុង​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ជាប់ពន្ធ សំដៅ​ឱ្យ​ពួក​គាត់​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធ​គ្រប់​ៗ​គ្នា ធ្វើ​យ៉ាងណា កាត់​បន្ថយ​ជា​អតិបរមា​នូវ​ការ​រអ៊ូរទាំ​របស់​អ្នក​ជាប់ពន្ធ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុង​ការ​បង់ពន្ធ ជូន​ប្រជាពលរដ្ឋ ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដូច​ជា ៖
១-​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​សម្រាប់​ឆ្នាំ​ចុង​ក្រោយ​នេះ នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល ឆ្នាំ​២០១៤-២០១៨ ។

២-​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ផ្សាយ​បន្ត​ផ្ទាល់​នៃ​កិច្ចប្រជុំ ដែល​ផ្តល់​លទ្ធភាព​ដល់​ថ្នាក់់ដឹកនាំ និង​មន្ត្រី​នៅ​តាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​នានា​អាច​មើល និង​ទទួល​បាន​ព័ត៌មាន​ផ្ទាល់​អំពី​កិច្ចប្រជុំ​នានា​របស់​អគ្គនាយកដ្ឋាន​ផង​ដែរ ។

៣-​បន្ត​ពង្រឹង​ការ​ចុះបញ្ជី​ពន្ធដារ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ដោយ​ក្នុង​នោះ​ក៏​ត្រូវ​ពង្រឹង​តាមដាន​សហគ្រាស​ទាំងឡាយ ដែល​ប្រើប្រាស់​រូបភាព​មាន​អ្នក​ឈរឈ្មោះ​ជំនួស ព្រមទាំង​បន្តការងារ​ជំរុញ​ការ​ចុះបញ្ជី​ពន្ធដារចំពោះ​សហគ្រាស​ដែល​មិន​ទាន់​បាន​ចុះបញ្ជី​នៅ​តាម​បណ្តា​ខេត្ត​-​ខណ្ឌ​ទាំងអស់ ។

៤-​បន្ត​ពង្រឹង​ចាត់វិធានការ​ចំពោះ​ការ​គេចវេះ​ពន្ធ​គ្រប់​រូបភាព ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​កំណត់​ពន្ធ ចំពោះ​ក្រុមហ៊ុន​ដែល​ប្រកាស​បង់ពន្ធ​មិន​ស្មោះត្រង់ ឬ​គេចវេះ​ពន្ធ​តាម​គ្រប់​រូបភាព ។ ពង្រឹង​តាមដាន​ការ​ចាត់ចែង​លិខិត​ប្រកាស ជា​ពិសេស នៅ​តាម​បណ្តា​ខេត្ត​-​ខណ្ឌ​នានា ។

៥-​បន្ត​ពង្រឹង និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ថែម​ទៀត​លើ​ការ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​ជូន​ស្ថានទូត អង្គការ​អន្តរជាតិ ក៏​ដូច​ជា​សហគ្រាស​នានា ក្នុង​នោះ​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏​បាន​សម្រួល​នីតិវិធី​នៃ​ការ​បង្វិល​សង​ស្រប​តាម​ប្រកាស​លេខ​៥៧៦ សហ​វ​.​ប្រក ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ និង​ប្រកាស​លេខ​៥៧៧ សហ​វ​.​ប្រក ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ។

៦-​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គោលនយោបាយ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​កែទម្រង់​ពន្ធដារ ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​ជា​សំខាន់​លើ​កិច្ចការ​កៀរគរ​ចំណូល និង​ការ​លើកទឹកចិត្ត​ពន្ធចំពោះ​វិស័យ​ធុរកិច្ច​មួយ​ចំនួន ។

៧-​បន្ត​កែទម្រង់​ធនធានមនុស្ស តាម​រយៈ​ការ​ពង្រឹង​ការ​គ្រប់គ្រង​វាយតម្លៃ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ធនធានមនុស្ស និង​ត្រៀម​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​វាយតម្លៃ​ធនធានមនុស្ស​ពេញលេញ ដែល​នឹង​ត្រៀម​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ព្រមទាំង​បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ កែប្រែ​ផ្ត​ត់​គំនិត​របស់​មន្ត្រី​ពន្ធដារ​ឱ្យ​ក្លាយជា​អ្នកបម្រើ​សេវា​ជូន​អ្នក​ជាប់ពន្ធ​បាន​ល្អ ក្លាយជា​មន្ត្រី​ដែល​ពោរពេញ​ដោយ​សមត្ថភាព ជំនាញ និង​ទេព​កោសល្យ ស្មោះត្រង់ មាន​ភាព​ម្ចាស់​ការ ព្រមទាំង​មាន​មនសិការ​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​បំពេញភារកិច្ច​ការងារ ។

៨-​បន្ត​ជំរុញ​អនុវត្ត​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​កំណែទម្រង់​សំខាន់​ៗ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​អ្នក​ជាប់ពន្ធ ។

៩-បន្ត​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដោយ​ពង្រឹង​នូវ​ការ​ប្រើប្រាស់ ការ​ធ្វើ​សវន​កម្ម​សហគ្រាស​តាម​ប្រព័ន្ធ ពង្រីក​ការ​ប្រើប្រាស់​ប្រព័ន្ធ​តាមដាន​ឯកសារ (Tracking Document System) គ្រប់​អង្គភាព​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ ទូ​ទាំង​ប្រទេស ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ជាប់ពន្ធ ។

១០-​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ និង​តំបន់​ដែល​ជា​កម្មវត្ថុ​នៃ​ពន្ធ​លើ​អចលនទ្រព្យ ។

១១-​បន្ត​ខិតខំ​ប្រមូល​បំណុល​ពន្ធ​ដែល​នៅ​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ និង​ពង្រឹង​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ធ្វើ​សវន​កម្ម​ចំពោះ​សហគ្រាស​ធំ​ៗ ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បាត់បង់​ចំណូល​ពន្ធ ដោយសារ​តែ​ប្រកាស​បង់ពន្ធ​ក្នុង​កម្រិត​ទាប មិន​ឆ្លើយ​តប​នឹង​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន ឬ​ប្រកាស​ខាត​ជា​ច្រើន​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ