រាជធានីភ្នំពេញ ៖ ទុរ៉េនជាប្រភេទផ្លែឈើម្យ៉ាងដែលត្រូវបានគេរកឃើញថា មានផ្ទុកនូវវីតាមីនជាច្រើនដែលសំបូរនូវជាតិសរសៃ និងប្រូតេអ៊ីនខ្ពស់ ចំណែករដូវប្រមូលផលទុរ៉េន គឺចាប់ពីខែមិថុនា ដល់ខែកញ្ញា ដូច្នេះវាជាពេលវេលាដ៏ល្អសម្រាប់បងប្អូនដែលចូលចិត្តទទួលទានទុរ៉េនជាយកទៅទទួលទានជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ត្រផងដែរ។
នៅស្រុកខ្មែរ ភាគច្រើនបងប្អូនបានដឹងថា ទុរ៉េនមានពូជ ២ ប្រភេទ គឺពូជម៉នថង និងពូជអូវខាក ដែលវាមានផ្ទុកនូវអត្ថប្រយោជន៍ជាច្រើន ដូចជា វីតាមីនសេ, អាស៊ីតហ្វូលិក, វីតាមីន B6 និងវីតាមីន A ។ សារធាតុរ៉ែសំខាន់ៗដូចជា ប៉ូតាស្យូម ជាតិដែក កាល់ស្យូម ម៉ាញេស្យូម សូដ្យូម ស័ង្កសី និងផូស្វ័រ ក៏ត្រូវបានរកឃើញនៅក្នុងទុរ៉េនដែរ ជាពិសេសគឺវាក៏ផ្ទុកនូវសារធាតុចិញ្ចឹមដូចជា សារធាតុសរីរាង្គ ទឹក ជាតិប្រូតេអ៊ីន និងជាតិសរសៃចំណីដែលមានអត្ថប្រយោជន៍ផងដែរ។
ក្រៅពីអត្ថប្រយោជន៍សម្រាប់សុខភាពអ្នកទទួលទាន ទុរ៉េនជាផ្លែឈើមួយប្រភេទដែលមានសារសំខាន់អាចផ្ដល់ប្រាក់ចំណូលខ្ពស់ដល់ម្ចាស់ចំការ ហើយវាជាប្រភេទដំណាំហូបផ្លែដែលអាចដាំបាននៅតាមតំបន់ ដែលមានធាតុអាកាសក្ដៅ និងសំណើម ។ វាជាផ្លែឈើដែលមានតម្លៃខ្ពស់ ជាងដំណាំផ្សេងៗទៀត តែក៏ទាមទារឲ្យអ្នកដែលដាំដុះត្រូវយកចិត្តទុកដាក់ថែទាំ និងធ្វើយ៉ាងណាឲ្យផ្លែទុរ៉េនមានគុណភាពល្អ ឬអាចដាំទុរេនដើមរដូវ ឬក្រៅរដូវបាន ដោយអាចលក់ផលិតផលបានកម្រៃយ៉ាងខ្ពស់ ។
លោក ផាន់ សារិទ្ធ ម្ចាស់ហាងស្រីមុំលក់ផ្លែឈើស្រស់ ដែលមានចម្ការទុរ៉េនស្ថិតនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថា ចម្ការរបស់លោកមានផ្ទៃដីជាង៦០ហិកតា ក្នុងនោះមានទុរ៉េនជាង៣.០០០ដើម សាវម៉ៅ២០០ដើម និងមង្ឃុត២០០ដើម ។ ចំណែកទុរ៉េននៅក្នុងចម្ការរបស់លោក គឺមាន២ប្រភេទ គឺពូជម៉នថង និងពូជអូវខាក ។ ទុរ៉េនពូជម៉នថង គឺមានសាច់ពណ៌ទឹកដោះគោ គ្រាប់តូចសាច់ច្រើន ចំណែកទុរ៉េនពូជអូវខាក គឺស្រដៀងគ្នាទៅនឹងពូជម៉នថងដែរ គ្រាន់តែសាច់ពណ៌ល្មៀត ។
លោកបន្តថា ជាទូទៅចម្ការរបស់លោកទទួលបានផលទុរ៉េននៅក្នុងខែឧសភា ដល់ខែមិថុនា ដែលមានអតិថិជនជាច្រើនរង់ចាំជាវនៅហាងស្រីមុំលក់ផ្លែឈើស្រស់ និងមានអតិថិជនខ្លះមកជាវដល់ក្នុងចម្ការតែម្តង ។ ប៉ុន្តែចម្ការរបស់លោកគឺសម្រាប់ផ្គត់ផ្គង់នៅក្នុងហាងស្រីមុំលក់ផ្លែឈើស្រស់តែប៉ុណ្ណោះ ដែលមានចំនួន២ខាសា គឺសាខាទី១ នៅរាជធានីភ្នំពេញ និងសាខាទី២ គឺនៅខេត្តសៀមរាប ។
លោក ផាន់ សារិទ្ធ បន្តទៀតថា៖ «ការថែទាំដើមទុរ៉េន គឺវាមិនងាយស្រួលនោះទេ គឺយើងត្រូវថែទាំតាំងពីដើមនៅតូចរហូតដល់ដើមធំ ទោះបីជាដើមទទួលបានផ្លែក៏ដោយ ក៏យើងត្រូវថែរក្សាដោយយកចិត្តទុកដាក់បំផុត បើមិនដូច្នេះទេ គឺដើមទុរ៉េននឹងមិនទទួលបានផលល្អឡើយ ខ្លះក៏អាចងាប់ទាំងដើមក៏មានដែរ ។ ចំពោះការទទួលផល គឺយើងត្រូវដាំរយៈពេល៥ទៅ៨ឆ្នាំ ទើបទទួលបានផល អីចឹងហើយទើបទុរ៉េនមានតម្លៃថ្លៃខុសពីផ្លែឈើផ្សេងៗទៀត »។
ម្ចាស់ចំការរូបនេះបានបន្តទៀតថា នៅរដូវទុរ៉េនទទួលផល ចម្ការរបស់លោកអាចលក់ចេញទុរ៉េនបានចំនួនប្រហែល៥តោន ទៅ១០តោនក្នុងមួយថ្ងៃ រហូតដល់ផុតរដូវ ប៉ុន្តែពេលខ្លះក៏អាចទទួលបានផល២ដងក្នុងមួយរដូវដែរ តែមិនច្រើននោះទេ ។ ចម្ការរបស់លោកគឺប្រើប្រាស់ជីអាចម៍ប្រជាវ គ្មានប្រើថ្នាំគីមីនោះទេ ព្រោះចម្ការរបស់លោក គឺផ្តោតទៅលើសុខភាពរបស់អតិថិជនដែលបានជាវទុរេពីហាងស្រីមុំលក់ផ្លែឈើស្រស់របស់លោក ។
លោក ម៉ៅ សំនិត បុគ្គលិកក្រុមហ៊ុនឯកជនមួយនៅក្រុងភ្នំពេញ បានឲ្យដឹងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមកដល់ចម្ការទុរ៉េនស្រីមុំលក់ផ្លែឈើស្រស់ ព្រោះនេះគឺជាលើកទីមួយហើយដែលលោកបានញាំទុរ៉េនដែលបេះពីដើមភ្លាមៗតែម្តង ព្រោះលោកធ្លាប់តែញ៉ាំនៅតាមហាងលក់ទុរ៉េនតែប៉ុណ្ណោះ ។
លោក សំនិត បន្តទៀតថា ទុរ៉េននៅក្នុងចម្ការរបស់ហាងស្រីមុំលក់ផ្លែឈើស្រស់ គឺពិតជាមានរសជាតិឆ្ងាញ់មែន គឺខុសពីទុរ៉េនដែលលោកធ្លាប់បានញ៉ាំនាពេលកន្លងមក គឺមានក្លិនឈ្ងុញ និងសាច់ណែនល្អ ជាពិសេសគឺលោកចូលចិត្តទុរ៉េនពូជម៉នថន ព្រោះវាមានគ្រាប់តូច និងសាច់ច្រើន៕








ចែករំលែកព័តមាននេះ