ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បដិសេធ​រាល់​ព័ត៌មាន​ទាំងឡាយ​ណាផ្ទុយ​ពី​លទ្ធផល​ស៊ើបអង្កេត​នេះ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​នឹង​ការ​ស្នើ​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​ឡើង​វិញ គ្រោះថ្នាក់​ចរាចរណ៍​លើ​ទីនាំង​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ដែល​បាន​ធ្វើ​ឱ្យ​ព្រះ​អង្គរង​របួស​ធ្ងន់ធ្ងរ និង​អ្នក​ម្នាង​ជា​ជាយាទទួលមរណភាព​នោះ ទីបំផុត ​អគ្គស្នងការ​នគរបាល​ជាតិ​ ក្រោយ​ពី​បាន​ស៊ើបអង្កេត​និង​ស្រាវជ្រាវ…

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​នឹង​ការ​ស្នើ​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​ឡើង​វិញ គ្រោះថ្នាក់​ចរាចរណ៍​លើ​ទីនាំង​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ដែល​បាន​ធ្វើ​ឱ្យ​ព្រះ​អង្គរង​របួស​ធ្ងន់ធ្ងរ និង​អ្នក​ម្នាង​ជា​ជាយាទទួលមរណភាព​នោះ ទីបំផុត ​អគ្គស្នងការ​នគរបាល​ជាតិ​ ក្រោយ​ពី​បាន​ស៊ើបអង្កេត​និង​ស្រាវជ្រាវ បាន​ធ្វើការ​បកស្រាយ​ឆ្លើយ​តប​ថា ហេតុការណ៍​នោះ​គឺជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ ។ ព្រោះ​ជន​បង្ក​បាន​សារភាព​ថា ខ្លួន​បាន​បើកបរ​ក្នុង​ល្បឿន​ប្រហែល​១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ដើម្បី​ចំណេញ​ពេលវេលា ។ បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​ថា​ «​ជន​បង្ក​បាន​ប្រព្រឹត្ត​ល្មើស​ផ្ទុយ​ច្បាប់​ចរាចរណ៍​ត្រង់​មាត្រា​៨៣ និង​៨៥» ។ នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ មិនមែន​ជា​រឿង​អ្វី​ផ្សេង​ទេ និង​បដិសេធ​រាល់​ព័ត៌មាន​ទាំងឡាយ​ណា ​ផ្ទុយ​ពី​លទ្ធផល​ស៊ើបអង្កេត​នេះ ។ ក្រោយ​ពី​គ្រោះថ្នាក់​បាន​កើតឡើង​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​បាន​ចេញ​មក​បញ្ជាក់​ដល់​អ្នក​សារព័ត៌​មាននៅ​ក្បែរ​កន្លែង​តម្កល់សព​អ្នក​ម្នាង អ៊ុ​ក ផល្លា រណឫទ្ធិ នៅ​ក្នុង​វត្ត​បទុម​វ​តី គឺ​លោក យូ ហុ​ក​គ្រី អនុប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ថា​«​យើង​មានការ​ប្រុង​ប្រយ័ត្ន មិន​បាន​ធ្វេសប្រហែស​នោះ​ទេ ។ តែ​វា​នឹក​ស្មាន​មិន​ដល់​ព្រោះ​បាន​កើតឡើង​បី​ដង​មក​ហើយ​» ។ លោក​បាន​ទាមទារ​ថា​«​យើង​សូម​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​រឿង​នេះ​ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​គ្រប់​ជ្រុងជ្រោយ​» ។នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នា​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា​«​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​លើ​សម្តេចក្រុមព្រះ ពិតជា​គ្រោះថ្នាក់​ចរាចរណ៍​ពិតមែន ដោយ​ជន​បង្ក​ឈ្មោះ វ៉ុល សា​រ៉េ​ត បាន​បើកបរ​ក្នុង​ល្បឿន​លឿន បំពាន​នឹង​ច្បាប់​ចរា​ចរណ៍ ហើយ​លោក​ក៏​បដិសេធ​រាល់​ព័ត៌មាន​ទាំងឡាយ​ណា ដែល​ផ្ទុយ​ពី​ការ​ស៊ើបអង្កេត​ដែល​ថា​មាន​ចេតនា​គិត​ទុកជា​មុន ក្នុង​ការ​ប៉ុនប៉ង​បុក​រថយន្ត​សម្តេចក្រុមព្រះ ។

សន្និសីទ​នេះ​បាន​ធ្វើ​ឡើង​តាម​ការ​គ្រោងទុក​នៅ​ម៉ោង​៩​ព្រឹក ដោយ​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ចរាចរណ៍​សាធារណៈ ដោយ​បាន​បង្ហាញ​ជា​ផ្លូវការ អំពី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ទីនាំង​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ មិថុនា នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។លោកនាយ​ឧត្តមសេនីយ៍​បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទៅ​លើ​ទីនាំង​សម្តេចក្រុមព្រះ​បណ្តាល​ឱ្យ​ទ្រង់​រង​របួសធ្ងន់ និង​អ្នក​ម្នាង​អ៊ុ​ក ផល្លា ទទួលមរណភាព ។ លោ​កថា​រថយន្ត​មួយ​គ្រឿង​បាន​បើក​លឿន មក​ប៉ះ​នឹង​ទីនាំង​សម្តេចក្រុមព្រះ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​បណ្តាល​ឱ្យ​អ្នក​ម្នាង​ស្លាប់ និង​សម្តេចក្រុមព្រះ​របួសធ្ងន់ ។ លោក​ថា​ជន​បង្ក​ឈ្មោះ វ៉ុល សា​រ៉េ​ត មានការ​ធ្វេសប្រហែស​និង​ដាក់​មនុស្ស​ហួស​ចំណុះ​មិន​អាច​បញ្ជា​រថយន្ត​បាន​នៅ​ពេល​ជួប​គ្រោះថ្នាក់ ។លោក យូ ហុ​ក​គ្រី អនុប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​បាន​ធ្វើការ​កត់សម្គាល់​ក្នុង​ឧបទ្ទវហេតុ​នោះ ជន​បង្ក​ត្រូវ​បាន​ចាប់ខ្លួន​ឃុំឃាំង​មែន តែ​វា​ជា​រឿង​ដែល​មិន​គួរ​កើត​មាន​ដល់​ទៅ​៣​ដង រហូត​ដល់​បាត់​បង់ជីវិត​អ្នក​ម្នាង និង​សម្តេចព្រះ​ប្រធាន​រង​របួស​ធ្ងន់ធ្ងរ ។ យើង​ស្នើ​សុំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​សង្កេត​រឿង​នេះ​ឱ្យ​បាន​ស៊ីជម្រៅ ។ជា​ការ​ឆ្លើយ​តប​លោកនាយ​ឧត្តម​សេន​យ៍ ហ៊ឹ​ម យ៉ា​ន បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​ស្រាវជ្រាវ​បន្ទាប់​ពី​គ្រោះថ្នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ គឺ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២AL-៩៦៦៧ និង​ទីនាំង​សម្តេច​ក្រុមព្រះ ពណ៌​ទឹកប្រាក់​ពាក់​ផ្លា​ក​លេខ​រដ្ឋសភា ។ ក្នុង​ព្រឹ​ត្ត​ការណ៍​នោះ​បណ្តាល​ឱ្យ​អ្នក​ម្នាង​ទទួលមរណភាព និង​របួស​សម្តេចក្រុមព្រះ​និង​មនុស្ស​៩​នាក់​ផ្សេង​ទៀត ។លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​រង​បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​គ្រោះថ្នាក់​ភ្លាម​អគ្គស្នងការ​នគរបាល​ជាតិ​ដោយ​មាន​បញ្ជា​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​បាន​ដាក់​បទបញ្ជាទី​១-​ឱ្យធ្វើ​ការងារ​យ៉ាង​សកម្ម​ដល់​ស្នងការដ្ឋាន​ក្នុង​ការ​ជួយ​ដល់​ជន​រង​គ្រោះ ។ ទី​២-​ស៊ើបអង្កេត​ចាប់​ជនល្មើស​ស្រាវជ្រាវ​ជា​បន្ត​រក​ការ​ពិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ។ទី​៣-​រៀបចំ​សណ្តាប់ធ្នាប់​នៅ​កន្លែង​កើតហេតុ​ឱ្យ​មាន​សភាព​ធម្មតា​ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍ ។

លោកនាយ​ឧត្តមសេនីយ៍​បាន​អះអាង​ថា«​នៅ​ថ្ងៃ​ទី​២១ មិថុនា​នេះ យើង​ទទួល​បាន​លទ្ធផល​ស៊ើបអង្កេត​បឋម ។ ពេល​ស៊ើបអង្កេត​យើង​ទទួល​បាន​ព័ត៌មាន​ពី​ជនល្មើស និង​ព័ត៌មាន​ពី​ប្រភព​ការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ប្រមែប្រមូល​វត្ថុ​តាង​»​បាន​បញ្ជាក់​ថា រថយន្ត​ហា​យ​ឡែ​ន​ឌ័​រដឹក​អ្នកដំណើរ​ពី​ខេត្ត​ព្រះ​សីហ​នុ មក​កាន់​រាជធានី​ភ្នំពេញ ដែល​បើកបរ​ដោយ​ឈ្មោះ វ៉ុល សា​រ៉េ​ត បាន​ដឹក​អ្នកដំណើរ​ចំនួន​៦​នាក់​» ។ លោក​ថា​«​រថយន្ត​នេះ​ដឹក​អ្នកដំណើរ​លើស​ចំណុះ ពេល​នោះ​មានការ​ជែង​គ្នា​ខាងឆ្វេង​ដៃ ក្នុង​ល្បឿន​លឿន ។ ពេល​នោះ​អ្នក​ជិះ​បាន​ប្រាប់​ឈ្មោះ សា​រ៉េ​ត ឱ្យ​បន្ថយល្បឿន​ដែរ​» ។ លោកនាយ​ឧត្តមសេនីយ៍​បាន​លើក​ឡើង​ទៀត​ថា​«​អ្នកដំណើរ​បាន​ប្រាប់​ឈ្មោះ វ៉ុល សា​រ៉េ​ត ថា​កុំ​ដាក់​មនុស្ស​កណ្តាលផ្លូវ​នៅ​ពេល​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​បាន​៥០០​ម៉ែត្រ ។ នៅ​ពេល​ដល់​កន្លែង​កើតហេតុ​អ្នក​បើក​ឈ្មោះ វ៉ុល សា​រ៉េ​ត នេះ​បាន​បើក​វ៉ា​ជែង​ច្រាសទិស​ដៅ​ចរាចរណ៍ ចំ​ពេល​ដែល​ក្បួន​រថយន្ត​សម្តេចក្រុមព្រះ​មក​ដល់​បាន​ធ្វើ​ឱ្យឈ្មោះ វ៉ុល សា​រ៉េ​ត កាន់តែ​បន្ថែម​ល្បឿន​មក​ខាងស្តាំ​ដៃ បន្ទាប់​មក​ចូល​មក​ឆ្វេង​ដៃ​វិញ ទៅ​បុក​នឹង​ទីនាំង​សម្តេចក្រុមព្រះ​ទិស​ដៅ​ទល់មុខ​គ្នា​» ។លោក​អគ្គស្នងការ​រង​បន្ត​ថា​«​ពេល​បុក​នោះ​ពេញទំហឹង ហើយ​រថយន្ត​មិន​បាន​ចាប់​ហ្វ្រាំង​ទាន់​ទេ ។ ចំណុច​នេះ​មាន​ករណី​រថយន្ត​តាក់ស៊ី​ផ្ទុក​ចំណុះ​លើស​ចំនួន ធ្វើ​ឱ្យ​ការ​បើកបរ​ពិបាក​ក្នុង​ការ​កាច់ចង្កូត​និង​ជាន់​ហ្វ្រាំង ក៏​បុក​ទីនាំង​សម្តេចក្រុមព្រះ​ពេញទំហឹង​» ។ លោក​បន្ត​ថា ពេល​នោះ​រថយន្ត​របស់​ឈ្មោះ វ៉ុល សា​រ៉េ​ត នេះ​បាន​វិល​ក្បាល​ទៅ​ខេត្ត​ព្រះ​សីហ​នុ​វិញ ។ ចំណែក​ទីនាំង​សម្តេចក្រុមព្រះ​ងាកក្បាល​មក​ខាងស្តាំ ។លោក​បាន​អះអាង​ថា​«​នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធម្មតា​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ឈ្មោះ វ៉ុល សា​រ៉េ​ត ។ នគរបាល​ស្នងការ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឃាត់ខ្លួន​ឈ្មោះ វ៉ុល សា​រ៉េ​ត សាកសួរ ។ ផ្អែក​លើ​ព័ត៌មាន​កន្លែង​កើតហេតុ ភស្តុ​តាង​ទាំងអស់ សមត្ថកិច្ច​វាយតម្លៃ​ថា​«​ហេតុការណ៍​នេះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ឈ្មោះ វ៉ុល សា​រ៉េ​ត បាន​បើកបរ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បង្ក​គ្រោះថ្នាក់​បណ្តាល​ឱ្យ​មាន​ការ​​បាត់បង់​ជីវិត​មនុស្ស​និង​របួស​ជា​ច្រើន​នាក់​» ។លោក​បាន​លើក​ឡើង​ថា ពេល​នេះ​ជនល្មើស​ត្រូវ​បាន​ចោទប្រកាន់​តាម​មាត្រា​៨៣ និង​មាត្រា​៨៥ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។ ឈ្មោះ វ៉ុល សា​រ៉េ​ត នេះ​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​ការ​ស៊ើបអង្កេត តាម​នីតិវិធី​បន្ត​ទៅ​ទៀត និង​សវនាការ​ផ្តន្ទាទោស​តាម​ច្បាប់ ។

តប​នឹង​សំណួរ​ថា តើ​គ្រោះថ្នាក់​ដដែល​ៗ​មក​លើ​តែ​សម្តេចក្រុមព្រះ ? លោក​ថា​«​នេះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ ។ នគរបាល​ជាតិ​សូម​បដិសេធ​ចំពោះ​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​លើស​ពី​ការ​លើក​ឡើង​»​ខាង​លើ ។លោក​បាន​លើក​ឡើង​ថា​នៅ​មុន​ពេល​បុក​ទីនាំង​សម្តេចក្រុមព្រះ គឺ​រថយន្ត​ជន​រង​គ្រោះ​នៅ​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ ពី​ទីនាំង​សម្តេចក្រុមព្រះ ។ រថយន្ត​ល្មើស​ព្យាយាម​គេច​តែ​បែរជា​មក​បុក​ចំ​ទីនាំង​សម្តេច​ក្រុមព្រះ ដោយសារ​រថយន្ត​បង្ក​នោះ​លឿន​ពេក ងាក​ចូល​មក​ក្នុង​ក្បួន ។ លោក​ថា​«​វា​ជា​គ្រោះថ្នាក់​ចរាចរណ៍​មិនមែន​រឿង​អ្វី​នោះ​ទេ​» ។ លោ​កថា​រថយន្ត​បង្ក​បាន​ដឹក​លើស​ចំណុះ ព្រោះ​ចង់បាន​ចំណេញ​ប្រាក់​ច្រើន ។លោក​បាន​លើក​ឡើង​ថា គណៈកម្មការ​ចរាចរណ៍​ជើង​គោក បាន​រក​ឃើញ​ករណី​ល្មើស​រយៈពេល​ជាង​៥​ខែ មាន​ជាង​៥០០០​ករណី​ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​កម្ពុជា ។ការ​ត្រួតពិនិត្យ​នេះ​ទៅ​លើ​ភាគច្រើន​រថយន្តឈ្នួល ។លោក​ថា ទោះបីជា​នគរបាល​បាន​រឹត​បន្តឹង​ច្បាប់​ក៏​ដោយ តែ​វា​ជា​ការ​ចៃដន្យ ដែល​បាន​កើត​ឡើងជា​ពិសេស​នៅ​ផ្លូវជាតិ​លេខ​៤ ។ ការ​រឹត​បន្តឹង​លើ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ហើយ​មានការ​កាត់​បន្ថយ​គ្រោះថ្នាក់​បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ ។

លោក​ថា​សូម​ឱ្យ​អ្នកបើកបរ​រថយន្ត​ឈ្នួល​ទាំងអស់ ប្រុង​ប្រយ័ត្ន​ដោយ​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​តាម​ល្បឿន​កំណត់ ។ តែ​ចំពោះ​ករណី​នេះ​ឈ្មោះ វ៉ុល សា​រ៉េ​ត នេះ​បាន​និយាយ​ថា គាត់​បើក​ល្បឿន​១០០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ លោក​បាន​លើក​ឡើង​ថា បើកបរ​លើស​ល្បឿន​មាន​៣៦% ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​២០១៨ និង​ការ​មិន​ប្រកាន់​ស្តាំ​មាន​២០%​និង​ការ​បើក​ច្រាសទិស​ជែង​ឆ្វេង​១៥%​នៃ​ការ​គ្រោះថ្នាក់​៥​ខែ​ដើមឆ្នាំ​២០១៨ ។ ចំពោះ​ការ​ប្រើ​គ្រឿង​ស្រវឹង​បើ​ផឹក​កុំ​បើកបរ​មាន​ចំនួន​៦%​គ្រោះថ្នាក់​ចរាចរណ៍ ការ​មិន​មាន​ភ្លើង​បំភ្លឺ​ក៏​ជា​កត្តា​គ្រោះថ្នាក់​ដែរ ។ គួរ​បញ្ជាក់​ថា សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរា​ចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សី​ុ​ហ​នុ និង​ក្រោយមក​អ្នក​ម្នាង​ជា​ជាយា​បាន​ទទួល​មរណភាព ។ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន ស្នងការ​នគរ​បាល​ខេត្ត​ព្រះ​សី​ុ​ហ​នុ​បានឱ្យ​ដឹង​ថា ពិតជា​មានការ​រងគ្រោះថ្នាក់​ចរាចរណ៍​ពិតប្រាកដ​មែន ។ ខណៈ​នេះ​ដែរ​ខាង​ឧទ្ធម្ភាគចក្រ​កំពុង​តែ​ចេញដំណើរ​ហោះហើរ​ទៅ​ទទួល​ព្រះ​អង្គ​យក​មក​មន្ទីរពេទ្យ​ឯ​ទីក្រុង​ភ្នំពេញ​ផង​ដែរ ។ អ្នក​រង​របួសធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​នេះ​សរុប​មាន​ចំនួន៧​នាក់ ៕​