ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីចំណាស់ម្នាក់បានទ្រហោយំសុំក្តីមេត្តាពីសមត្ថកិច្ចកម្ពុជា ដោយលុតជង្គង់អង្វរសុំកុំឱ្យបញ្ជូនគាត់ត្រឡប់ទៅប្រទេសថៃវិញ ប៉ុន្តែសមត្ថកិច្ចកម្ពុជានិយាយថា អាណិតដែរ តែប្រទេសមានច្បាប់។ ហេតុការណ៍ដ៏កម្រនេះ បានកើតឡើងនៅទីតាំងទទួលពលករត្រឡប់ពីថៃ ក្នុងភូមិ-សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ស្ត្រីខាងលើឈ្មោះភូ អាយុ៧០ឆ្នាំ ជាជនជាតិវៀតណាម មុខរបររើសអេតចាយ និងសុំទាននៅក្រុងបាងកក ប្រទេសថៃ មានទីលំនៅភូមិអាងយ៉ាង ឃុំចុក ស្រុកយ៉ាងអឺយ ខេត្តឧត្តុង ប្រទេសវៀតណាម។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរូបនេះត្រូវសមត្ថកិច្ចថៃបញ្ជូនតាមរថយន្តទ្រុងជាមួយពលករខុសច្បាប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី១៩ មិថុនា ២០១៨។ ហើយក្រោយពីមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធបំរើការងារនៅទីតាំងទទួលពលករបញ្ជូនពីថៃសួរនាំដឹងថា ជាជនជាតិវៀតណាម ព្រមទាំងមិនចេះភាសាខ្មែរសូម្បីតែមួយម៉ាត់ ភ្លាមនោះសមត្ថកិច្ចកម្ពុជា រួមមាននគរបាលអន្តោប្រវេសន៍ និងនគរបាលការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសហការគ្នាហៅស្ត្រីខាងលើសួរនាំបន្ត។ ក្រោយមកទើបដឹងថា គាត់ជាជនជាតិវៀតណាម និងមិនចេះខ្មែរ ហើយគ្មានឯកសារស្របច្បាប់ណាមួយផង សមត្ថកិច្ចកម្ពុជាក៏ទំនាក់ទំនងទៅភាគីថៃឱ្យដឹកស្ត្រីវៀតណាមរូបនេះតាមរថយន្តទ្រុងទៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹក។
តាមសមត្ថកិច្ចប្រាប់បន្តថា ស្ត្រីចំណាស់ខាងលើនៅពេលឮអ្នកបកប្រែប្រាប់ថា យាយនឹងត្រូវបញ្ជូនទៅប្រទេសថៃវិញ ស្រាប់តែគាត់លុតជង្គង់លើកដៃសំពះ និងទ្រហោរយំសុំក្តីមេត្តាដោយនិយាយថា កុំបញ្ជូនគាត់ទៅប្រទេសថៃវិញអី។
រីឯលោកវរសេនីយ៍ត្រី អោក សំណុក បានប្រាប់ថា ពេលឃើញការយំអង្វររបស់ស្ត្រីខាងលើគ្រប់គ្នាហាក់អាណិតដែរ ប៉ុន្តែប្រទេសមានច្បាប់ ហើយស្ត្រីខាងលើបានខុសច្បាប់លើដីថៃ ចឹងមិនអាចអត់ឱនឲ្យបានទេ ត្រូវតែឲ្យភាគីថៃបញ្ជូនត្រឡប់ទៅថៃវិញ ព្រោះកម្ពុជាមិនមែនជាទីតាំងទទួល និងធ្វើអ្វីដែលខុសច្បាប់ឡើយ៕
ចែករំលែកព័តមាននេះ