ឃុំ ប៉ុណ្ណា​ដែ​ត មិន​ហ៊ានបំពាន​បណ្តាំ​ឳ​ពុក​ក្មេក


រាជធានី​ភ្នំពេញ ៖ លោក​ឃុំ ប៉ុណ្ណា​ដែ​ត​បាន​បើក​ចិត្ត​ឲ្យ​អ្នក​នាង​យក់ ឋិតរ​ដ្ឋា បន្ត​អាជីព​សិល្បៈ​ដោយ​លោក​មិន​បាន​ហាម​ឡើយ ព្រោះ​ជា​អំណោយផល​ពី​ធម្មជាតិ និង​ជា​ការ​សាង​កិត្តិយស​ក្នុង​សង្គម ។ នៅ​មាន​ហេតុផល​ធំ​មួយ​ដែល​លោក​ឃុំ ប៉ុណ្ណា​ដែ​ត ជំរុញ​ភរិយា​របស់​ខ្លួន​បន្ត​អាជីព​សិល្បៈ​ខណៈ​មាន​រលក​ក្រោយ​ច្រើន​កំពុង​តែ​ប្រជែង​គ្នា ។

លោក​ឃុំ ប៉ុណ្ណា​ដែ​ត កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា​«​ដើមហេតុ​ដែល​ខ្ញុំ​បន្ត​ឲ្យ​មាន​វត្តមាន​អ្នក​នាង​យក់ ឋិតរ​ដ្ឋា ប្រឡូក​អាជីព​សិល្បៈ​ទាំង​ដឹង​ថា​ភរិយា​ត្រូវ​មើល​មុខរបរ​ផ្ទាល់ខ្លួន និង​ជា​ស្ត្រី​មេផ្ទះ​មានកូន នោះ​គឺ​មាន​ហេតុផល​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​បំពេញ​ឲ្យ​បាន ។ ទាំងនោះ​ជា​បណ្តាំ​របស់​ឪពុកក្មេក និង​ត្រូវជា​ឪពុក​បង្កើត​ភរិយា​ខ្ញុំ​ដែរ ។ គាត់​ផ្តាំ​ឲ្យ​កូនស្រី​ខំ​សាង​ស្នាដៃ​ក្នុង​សិល្បៈ​ឲ្យ​បាន​ល្បីល្បាញ​បន្ត​ទៀត​ដោយសារ​សិល្បៈ​មិន​ងាយស្រួល​កសាង​ឲ្យ​មនុស្ស​ជា​ច្រើន​ពេញចិត្ត​ឡើយ ប៉ុន្តែ​កូនស្រី​របស់​គាត់​ធ្វើ​បាន ហើយ​​នាំ​កិត្តិយស​ជូន​គ្រួសារ ពិតជា​មាន​មោទនភាព ។ ដូច្នេះ​ហើយ​ត្រូវ​បន្ត​អាជីព​នេះ​ឲ្យ​ថ្កុំថ្កើង​ឡើង​ថែម​ទៀត ។ ម្ល៉ោះហើយ​រយៈពេល​ជិត​១០​ឆ្នាំ​ក្រោយ​ពេល​ចូល​រោងការ ខ្ញុំ​បំពេញចិត្ត​តាម​ភរិយា​រហូត ។ មិន​ទាន់​ដឹង​ថា​ឱកាស​ខ្ញុំ​ផ្តល់​ជូន​នេះ​នាង​ពេញចិត្ត​ឬ​អត់​ទេ ។

ភរិយា​ខ្ញុំ​ស្រឡាញ់​សិល្បៈ​ណាស់ តស៊ូ ហើយ​មាន​តែ​សិល្បៈ​នេះ​ហើយ​ទើប​មាន​ថ្ងៃនេះ គេ​ស្គាល់​រូប​ខ្ញុំ និង​ភរិយា »​។

បើ​ទោះជា​លោក​ឃុំ ប៉ុណ្ណា​ដែ​ត បើកផ្លូវ​ឲ្យ​ប្រ​ព​ន្ឋ​ច្រៀង​ក្នុង​ពិភព​សិល្បៈ ប៉ុន្តែ​តារា​ប្រុស​រូប​នេះ​នៅ​មាន​អ្នកគាំទ្រ​ចង់​ឲ្យ​លោក​ច្រៀង​បន្ត​ទៀត​ដូច​ភរិយា​ដែរ​ព្រោះ​ទឹកដម​សំឡេង​នៅ​ល្អ​ដដែល ។ ទោះជា​យ៉ាងណា​ក្តី​លោក​ឃុំ ប៉ុណ្ណា​ដែ​ត នៅ​មិន​ទាន់​សម្រេចចិត្ត​ទេ ហើយ​បែរជា​ចង់​ងាក​ទៅ​ថតកុន ក្រោយ​មាន​វត្តមាន​ចូលរួម​សម្តែង​ជា​ថ្មី​ក្នុង​រឿង​«ចិញ្ចៀន​​ខ្មោច​»​ដែល​កំពុង​ចាក់​បញ្ចាំង​តាម​រោងកុន ។

អ្នក​នាង​យក់ ឋិតរ​ដ្ឋា ឲ្យ​ដឹង​ថា​នាង​នៅ​តែ​ស្រឡាញ់​អាជីព​សិល្បៈ​ដដែល បើ​ទោះ​មាន​កូន​២​ក៏​ដោយ ព្រោះតែ​ចង់​ធ្វើ​តាម​បណ្តាំ​លោកឪពុក ។ «​នាង​ខ្ញុំ​អរគុណ​ស្វាមី​ដែល​ជា​និច្ចកាល​យល់​ស្រប​តាម​ប្រ​ព​ន្ឋ មិន​ដែល​បដិសេធ និង​សុំ​សរសើរ​ចំពោះ​ទឹកចិត្ត​គាត់ ហើយ​សន្យា​ថា​នឹង​បន្ត​រួមសុខទុក្ខ​ជាមួយ​គាត់​រហូត​តទៅ »៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ