ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សា​លោក​ត្រាំ ទទួលស្គាល់​ពី​ហានិភ័យ​នៃ​ជម្លោះ

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង​មក​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហ​រដ្ឋ​អាមេ​រិក​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត គឺ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង​មក​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហ​រដ្ឋ​អាមេ​រិក​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត គឺ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក ដែល​កំពុង​តែ​លូតលាស់​យ៉ាង​លឿន ។

លោក Larry Kudlow បាន​មាន​ប្រសាសន៍​បែប​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​មក​ពី​ប្រទេស​​ក្នុង G7 បាន​បង្ហាញ​ពី​ការ​ខឹងសម្បា​កាលពី​ថ្ងៃ​សៅរ៍ ព្រោះតែ​អា​មេ​រិ​ក​ដាក់​ពន្ធ​លើ​​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល ។ ពួក​គេ​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​កែប្រែ​គោល​នយោបាយ​នេះ​ឡើង​វិញ ។

លោកនាយក​រដ្ឋមន្ត្រី​កា​ណា​ដា Justin Trudeau មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​ការ​យក​សន្តិសុខ​ជាតិ មក​ធ្វើ​ជា​មូលហេតុ​ដាក់​ពន្ធ​របស់​អា​មេ​រិ​ក​នេះ ។

កាលពី​ថ្ងៃអាទិត្យ លោក Kudlow បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ៖« ខ្ញុំ​គិត​ថា គាត់​ឆ្លើយ​តប​ជ្រុល ។ ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​ដ៏​ល្អ​របស់​សហរដ្ឋអាមេរិក គឺ​គ្មាន​នរណា​បដិសេធ​វា​ទេ ប៉ុន្តែ​ពួក​យើង​ត្រូវ​តែ​ការពារ​ខ្លួនឯង » ។

លោក​ទទួលស្គាល់​ថា ជម្លោះ​ពាណិជ្ជកម្ម​នេះ​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​សហ​រដ្ឋអាមេរិក ដែល​កំពុង​តែ​មើលឃើញ​ការ​លូតលាស់ និង​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ទាប ។

ប៉ុន្តែ​លោក Kudlow បាន​ការពារ​សកម្មភាព​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក ។ លោក​ថា ៖« កុំ​បន្ទោស​លោក​ត្រាំ បន្ទោស​ប្រទេស​ចិន បន្ទោស​អឺរ៉ុប បន្ទោស NAFTA ឬ​បន្ទោស​អ្នក​ដែល​មិន​ចង់បាន​ការ​ធ្វើ​ពាណិជ្ជ​កម្ម ប៉ុន្តែ​លោក​ត្រាំ កំពុង​តែ​ឆ្លើយ​តប​នឹង​ការ​ល្មើស​ផ្នែក​ពាណិជ្ជកម្ម​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ » ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​កា​ណា​ដា លោកស្រី Chrystia Freeland បាន​ព្រមាន​ថា ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​ក​នេះ ជាដំបូង គឺ​វា​អាច​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន និង​អតិថិជន​អា​មេ​រិ​ក​ខ្លាំង​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ