រាជធានីភ្នំពេញ ៖ ទោះបីជាខ្សែភាពយន្តរឿង «គំនំខ្មោចក្រមុំទាំង៣» ថតចប់តាំងពីឆ្នាំមុនក្ដី ក៏តារាសម្ដែងសាច់សខ្ចី កញ្ញានីតា វរវង្ស នៅតែត្រូវគេសង្ស័យថាទាក់ទងស្នេហាកំបាំងមុខជាមួយតារាចម្រៀងនាយចឺម ក្រោយពីមានឱកាសបានថតសាច់រឿងនោះជាមួយគ្នា ។
ផ្ទុយពីការសង្ស័យនោះនីតា វរវង្ស កាលពីពេល ថ្មីៗកន្លងមកអះអាងថា«រវាងខ្ញុំ និងនាយចឺម ដ្បិតថាក្នុងពេលថតរឿងមានឈុតស្និទ្ធស្នាលជាមួយគ្នាមែន ប៉ុន្តែក្រោយថតរឿងនោះចប់ គឺអត់ដែលបានទាក់ទងគ្នាទេ ដោយសូម្បីតែជួបក៏មិនមាននោះដែរ ក្រៅពីធ្លាប់ជួបគ្នាមិនខុសពីអំពិលអំពែកក្នុងកម្មវិធីសិល្បៈ ។ ខ្ញុំអន់ចិត្តយ៉ាងខ្លាំងដែលនៅតែមានអ្នកសួរនាងខ្ញុំថា តើទំនាក់ទំនងរវាងនាងខ្ញុំ និងតារាកំប្លែងនាយចឺម ឈានដល់ណាហើយ ក្នុងពេលដែលនាងខ្ញុំអត់ដឹងអីសោះ តាំងពីបានថតរឿងចប់សព្វគ្រប់ជាមួយគ្នា។ នាយចឺម ជាមនុស្សរួសរាយ ហើយនាងខ្ញុំ និងលោក បានស្និទ្ធស្នាលគ្នាតែពេលថតរឿង«គំនុំខ្មោចក្រមុំទាំង៣» កាលពីពេលមុនប៉ុណ្ណោះ ចំណែកទំនាក់ទំនងក្រៅឆាកគឺមិនមាននោះទេ ។
ក្រៅពីអត់មានអ្វីទាល់តែសោះជាមួយនាយចឺម ទំនាក់ទំនងពិសេសណាមួយជាមួយអ្នកសិល្បៈដូចគ្នា ក៏មិនមាននោះដែរ ដោយសារតែនាងខ្ញុំប្រកាន់ជំហរហើយថា មិនជ្រើសតារាសិល្បៈធ្វើជាស្វាមីទេ។ ក្នុងនោះនាងខ្ញុំក៏មិនទាន់រកឃើញបុរសជាទីស្រឡាញ់ ដើម្បីផ្ញើខ្លួននោះដែរ ទើបនាងខ្ញុំយល់ថាដំណឹងថានាងខ្ញុំមានអ្វីលើសពីមិត្តភាពជាមួយអ្នកសិល្បៈ ឬជាមួយបុរសណាមួយ គឺជារឿងមិនអាចទទួលយកបាន ។
បើខ្ញុំមានអ្នកស្រឡាញ់ហើយ អត់ខ្វល់រឿងគេថាទេ តែដល់អត់មានសោះ ហើយមកមានដំណឹងបែបហ្នឹង តើអ្នកណាគេមកស្រឡាញ់យើង! ខ្ញុំទទូចសូមឈប់យល់ច្រឡំថារវាងនាងខ្ញុំ និងតារាកំប្លែងនាយចឺម គឺសឹងតែមិនធ្លាប់ស្គាល់គ្នាទាល់តែសោះ ក្រោយពេលបញ្ចប់ភាពយន្តជាមួយគ្នា »៕
ចែករំលែកព័តមាននេះ