ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១២ថ្ងៃដែលម្តាយកើតចោលក្នុងបន្ទប់ទឹក… គាត់ជួបអ្នកមានមេត្តាហើយ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្ត​កំពង់ស្ពឺ ៖ ​រឿងរ៉ាវនឹកស​្មានមិនដល់​មួយ ដែល​ម្តាយបង្កើត​បាន​សម្រាល​កូន​នៅក្នុងបន្ទប់ទឹករោងចក្រ ហើយបោះបង់​កូនចោល និង​គេចខ្លួនទៅបាត់  បង្ក​​ឱ្យ​មនាការភ្ញាក់​ដល់​កម្មកររាប់រយនាក់ និងសមត្ថកិច្ច​រួមទាំងស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ពេទ្យ និងរដ្ឋបាល​រោងចក្រនាំ​ទារក​ដ៏​អភ័ព្វ​នេះ​…

​ខេត្ត​កំពង់ស្ពឺ ៖ ​រឿងរ៉ាវនឹកស​្មានមិនដល់​មួយ ដែល​ម្តាយបង្កើត​បាន​សម្រាល​កូន​នៅក្នុងបន្ទប់ទឹករោងចក្រ ហើយបោះបង់​កូនចោល និង​គេចខ្លួនទៅបាត់  បង្ក​​ឱ្យ​មនាការភ្ញាក់​ដល់​កម្មកររាប់រយនាក់ និងសមត្ថកិច្ច​រួមទាំងស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ពេទ្យ និងរដ្ឋបាល​រោងចក្រនាំ​ទារក​ដ៏​អភ័ព្វ​នេះ​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ត្រាំខ្នារ ។ ករណី​នេះ​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង រហូត​មាន​អ្នកខ្លះ​បាន​ជេរប្រទេច​ស្ត្រី​ជា​ម្តាយ​ទារក​នេះ​មិន​បណ្តាក់​មាត់​ឡើយ ដោយសារ​តែ​ទ​ង្វើ​ប្រៀប​ដូច​ជា​សត្វ​ធាតុ ។

កម្មការិនី​មួយ​រូប​ ដែល​មានចិត្ត​មេត្តា​លើស​ពី​ម្តាយ​ជា​អ្នក​ផ្តល់​កំណើត និង​ជា​អ្នក​មើលថែ​តាំងពី​នៅ​មន្ទីរ​ពេទ្យ​ត្រាំខ្នារ រហូត​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ​បានឱ្យ​ដឹង​ថា គាត់​ឈ្មោះ សុភា អាយុ​៣៦​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ សុគន្ធ អាយុ​៣៦​ឆ្នាំ​ដូច​គ្នា បម្រើ​ការងារ​នៅ​រោងចក្រ​វី​ង​ស្តា​រ៍​ស៊ូ រយៈពេល​៦​ឆ្នាំ​មក​ហើយ ។ ដោយ​មាន​ក្តី​អាណិត​ទារក​នោះ​យ៉ាង​ខ្លាំង ព្រោះតែ​មាន​និស្ស័យ​ដិត​ជាប់​ជា​និច្ច​នោះ រូប​គាត់​ក៏​បាន​តាម​មើលថែ​រហូត​
មក ។ ជាង​នេះ​ទៀត រូប​គាត់​និង​ប្តី​បាន​ចាត់​ទុកទារក​នេះ​ដូច​ជា​កូនបង្កើត​ដែរ ព្រោះ​រូប​គាត់និង​ប្តី​រៀប​​ការ​ជិត​១០​ឆ្នាំ​ហើយ ​មិន​មានកូន​នឹងគេ​សោះ បើ​ទោះជា​ទៅ​បន់ស្រន់​សុំ​កូន​ពី​អា​រុក្ខ​អារ​ក្ខ​អ្នកតា​យ៉ាងណា​ក្តី​មិន​បាន​ដូច​បំណង​ដែរ ។

កម្មការិនី​រូប​នេះ​រៀបរាប់​ថា ថ្ងៃមួយ​ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី បន្ទាប់​ពី​ត្រឡប់​មក​ពី​ស្រុក​កំណើ​ត​វិញ គាត់​បាន​បន់ស្រន់​សុំ​កូន​ពី​លោកតា​ក្រហម​ក​ប្រចាំ​រោងចក្រ សូម​ជួយ​ឱ្យ​ប្តី​ប្រពន្ធ​គាត់​មានកូន​ដូច​គ្រួសារ​ដទៃ​ផង ។ នៅ​យប់​ថ្ងៃ​ទី​១៨ ខែឧសភា ពេល​លង់លក់​ក្នុង​ដំណេក​ស្រាប់តែ​មាន​ក្មេង​ប្រុស​ម្នាក់​មក​ដេក​លើ​ពោះ​ធ្វើ​ឱ្យ​គាត់​សប្បាយ​ចិត្តជា​ខ្លាំង និង​រំភើប​ឥត​ឧបមា ព្រោះតែ​ក្តី​រំពឹង​ចង់បាន​កូន​ក្លាយជា​ការ​ពិត ។ ផ្ទុយ​ទៅ​វិញ ក្តី​សង្ឃឹម​បាន​រលាយ​សូន្យ​អស់​ទៅ​វិញ ព្រោះតែ​ការ​ឃើញ​របស់​គាត់​គឺជា​ការ​យល់ស​ប្តិ​សោះ ។

លុះ​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ដែល​ជា​ថ្ងៃ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​រោងចក្រ​ថា​ មាន​គេ​កើតកូន​ហើយ​បោះ​បង់​ចោល​នៅ​ក្នុង​បន្ទប់ទឹក គាត់​ក៏​ស្វះស្វែង​តាម​រក​រហូត​ដល់​មន្ទីរពេទ្យ​ត្រាំខ្នារ ។ អាចនិយាយ​​ថា ដោយ​មាន​និស្ស័យ​និង​ក្តី​អាណិតអាសូរ គាត់​ក៏​បាន​ស្នើ​សុំ​ឱ្យ​គ្រូពេទ្យ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​ជាតិ ព្រោះ​គ្រូពេទ្យ​នៅមន្ទីរពេទ្យ​ត្រាំខ្នារ​ប្រាប់​ថា សុខភាព​របស់​ទារក​ខ្សោយ​ខ្លាំង​ណាស់ ដោយសារ​កើតមក​មិន​គ្រប់​ខែ ហើយ​ត្រូវ​បាន​ទុក​ចោល​ឱ្យ​នៅ​ហាលខ្យល់​យូរ​ម៉ោង​ពេក ។ យ៉ាងណា​ក៏​ដោយ ព្រោះតែ​និស្ស័យ រូប​គាត់​មិន​ព្រងើយកន្តើយ​ឡើយ និង​បាន​សុំ​ឱ្យ​បញ្ជូន​ទារក​នេះ​បន្ត​ភ្លាម​ៗ​តែ​ម្តង​ដើម្បី​សង្គ្រោះ​ជីវិត ហើយ​គាត់​តាម​ថែ ។

ពេល​មក​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ គ្រូពេទ្យ​បាន​យកចិត្តទុកដាក់​នាំ​ចូល​បន្ទប់​សង្គ្រោះ ដាក់​ខ្យល់​អុក​សុ​ី​ហ្សែ​ន ព្រោះ​ពេទ្យ​ពិនិត្យ​ឃើញ​ថា សុខភាព​របស់​ទារក​កាន់តែ​ខ្សោយ​ទៅ​ៗ ។ ដំបូង​គ្រូពេទ្យ​បាន​យក​ដាក់​ក្នុង​ទូ ដែល​មាន​អំ​ពូ​លភ្លើងពណ៌​លឿង និង​បន្ត​ដាក់​ខ្យល់​អុក​សុ​ី​ហ្សែ​ន​ផង​ដែរ ដោយ​ដាក់​ជាប់​ជា​ប្រចាំ​និង​ប្រាប់​ថា ទារក​កើតមក​មិន​គ្រប់​ខែ​ហើយ​បាន​ទម្ងន់​តែ​១,៦​គីឡូក្រាម​ប៉ុណ្ណោះ ។

បើ​គិត​មក​ដល់​ពេល​នេះ ​រស់​រយៈពេល​១២​ថ្ងៃ​ហើយ ដែល​រូប​គាត់​និង​ប្តី​បាន​ផ្លាស់​ប្តូរ​គ្នា​មើលថែ​ទាំ​ទារក​នេះ ដោយ​ការ​ចំណាយ​ខ្លះ​ជាលុយ​ផ្ទាល់ខ្លួន ហើយ​ប្រាក់​កាស​ខ្លះ​ទៀត​ជា​អំណោ​យ​របស់​សប្បុរសជន ។ នៅ​ក្នុង​មន្ទីរពេទ្យអ្នកដឹង​រឿង​នេះ​ បាន​លាន់មាត់​សរសើ​រ​វាស​នា​ទារក​អភ័ព្វ​នេះ​ថា ពិតជា​មានសំណាង​ណាស់​ដែល​ជួប​មនុស្ស​ចិត្ត​បុណ្យ​បែប​នេះ ។  អ្នកស្រី សុភា រៀបរាប់​ទៀត​ថា អស់​រយៈពេល​១២​ថ្ងៃ​ហើយ​ដែល​រូប​គាត់​និង​ប្តី​មិន​បាន​ទៅ​បម្រើ​ការងារ​ឱ្យ​រោងចក្រ ព្រោះ​ត្រូវ​មកចាំ​មើលថែ​ទាំ​ទារក ​ដែល​រូប​គាត់​និង​ប្តី​គិត​ថា​ អ្នក​តា​ក្រហម​កបាន​ដឹកនាំ និង​ផ្តល់​និស្ស័យ​ឱ្យ​ក្មេង​នេះ​បាន​ក្លាយជា​កូន​របស់​គាត់ ។ ទោះបី​មិន​បាន​បំពេញ​ការ​ងារ​​ក្តី ក៏​មិន​បាន​ទទួល​នូវ​ការ​ស្តីបន្ទោស​ដែរ ផ្ទុយ​ទៅ​វិញ​ថៅកែ​រោងចក្រថែម​ទាំង​បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​កាស​ដល់​រូប​គាត់​ដើម្បី​ជួយ​ស្រោចស្រង់​ជីវិត​ទារក​នេះ​ទៀត​ផង ។

គាត់​បន្ត​ថា នៅ​ពេល​ចេញពី​ពេទ្យ រូប​គាត់​និង​ប្តី​នឹង​ខិតខំ​ធ្វើការ​ដើម្បី​យក​ប្រាក់​មក​ទិញ​ទឹកដោះគោ​ឱ្យ​ទារក​នេះ​បាន​បន្តជីវិត​ទៅ​ថ្ងៃ​មុខ ហើយ​ប្រសិនបើ​ពេលវេលា​ផ្លាស់​ប្តូរ​យ៉ាងណា​នោះ ឬ​រូប​គាត់​និង​ប្តី​ត្រូវ​ផ្អាក​ការងារ​ក៏​មិនតូច​ចិត្ត​ដែរ ព្រោះ​នេះ​ជា​ផ្លូវ​ដែល​គាត់​ជ្រើសរើស ហើយ​រក​កន្លែង​ផ្សេង​ដើម្បី​បន្តការងារ​តទៅ​ទៀត ។ ទោះជា​យ៉ាងណា អ្នកស្រី​និង​ប្តី​ក៏​សុំ​ក្តី​មេត្តាករុណា​ពី​សំណាក់​ថៅកែ​រោងចក្រ​ផង​ដែរ ចំពោះ​ការ​ដែល​អវត្តមាន​មិន​បាន​បំពេញការងារ​មួយ​រយៈ​នេះ ។អ្នកស្រី សុភា និង​ប្តី បាន​សម្រេចចិត្ត​ដាក់​ឈ្មោះ​ឱ្យ​ទារក​នេះ​ថា​«​សុគន្ធ វាសនា​សំណាង​»​ដែល​ឈ្មោះ​នេះ​រូប​គាត់​និង​ប្តី​យល់​ថា វាសនា​គឺ​ទារក​នេះ​និង​រូប​គាត់​មាន​វាសនា​នឹង​គ្នា ហើយ​សំណាង​គឺ​សូម​ឱ្យ​រូបគេ​មានសំណាង​រួច​ផុត​ចាក​ទុក្ខទោស និង​ជំងឺ​ទាំងឡាយ មាន​សុខភាព​ល្អ​ដូច​ក្មេង​ដទៃ ។

ម្តាយចិញ្ចឹម​ចិត្តធម៌​រូប​នេះ​បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា ក្រោយ​ពី​ស្នាក់​នៅ​ទទួល​ការ​សង្គ្រោះអស់​​រយៈពេល​១២​ថ្ងៃ​កន្លង​មកនេះ តាម​លោកគ្រូពេទ្យ​បាន​ប្រាប់​ថា កូន​របស់​គាត់​«​វាសនា​សំណាង​» មាន​សុខភាព​ល្អ​ប្រសើរ​ជាង​មុន​បណ្តើរ​ៗ​ហើយ រង់​ចាំតែ​សុខភាព​របស់​គេ​ល្អ​មួយ​កម្រិត​ទៀត គ្រូពេទ្យ​អាច​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ ។រហូត​មក​ដល់​ពេល​នេះ​គឺ​១៣​ថ្ងៃ​ហើយ ដែល​រឿងរ៉ាវ​គួរ​ឱ្យ​ហួសចិត្ត​មួយ​បាន​កើត​មាននៅ​ក្នុងបន្ទប់ទឹក​រោងចក្រ​វី​ង​ស្តា​រ៍​ស៊ូ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សុ​គ​ន្ធា ឃុំ​មហាឫស្សី ស្រុក​គងពិសី ។ ទោះបីជា​បែប​ណា ស្ត្រី​ដែល​បង្កើតកូន​ដោយ​ខ្លួនឯង​ក្នុង​បន្ទប់ទឹក ហើយ​ទុក​កូន​ចោល​រួច​គេចខ្លួន​បាត់​នោះ នៅ​តែ​រកមុខ​មិនឃើញ ដែល​មហាជន​ទូទៅ​បាន​ដាក់​ការ​សង្ស័យ​ថា អ្នក​កើតកូន​ចោល​ដូច​សត្វ​ធាតុ​នេះ​មិនមែន​ជា​មនុស្ស​ខ្ចាត់ព្រាត់​មកពីណា​ទេ គឺជា​អ្នក​នៅ​ក្នុង​រោងចក្រ ទើប​អាច​ចេញ​ចូល​បន្ទប់ទឹក​នោះ​បាន ។ ផ្ទុយ​ទៅ​វិញ ក៏​មិន​មាន​ប្រភព​ណាមួយ​ឱ្យ​ដឹង​ថា តើ​ស្ត្រី​ម្តាយ​ទារក​នេះ​ជា​អ្នក​ណា​ឡើយ ៕ ​

គួររំលឹកថា ៖

https://kohsantepheapdaily.com.kh/article/640191.html

អត្ថបទសរសេរ ដោយ