ចៅក្រម​តុលាការ​កំពូល​តម្កល់​ទោស​៥​ឆ្នាំ លើ​​ជនជាប់ចោទ សួន សេរីរ​ដ្ឋា​


រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាន​បើក​សវនាការ​លើ​បណ្តឹងសាទុក្ខ​របស់​លោក​សួន​សេរីរ​ដ្ឋា​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ លោក​ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ តុលាការ​កំពូល​បាន​សម្រេច​ប្រកាស​សាលដីកា​ភ្លាម​ៗ ដោយ​សម្រេច បដិសេធ​សាទុក្ខ របស់​លោក​សួន សេរីរ​ដ្ឋា និង​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ទ​រណ៍​ទុក្ខ​ជា​បានការ​ដដែល ។

ក្នុង​ពេល​សវនាការ​នោ​ថ្ងៃនេះ​លោក សួន សេរីរ​ដ្ឋា​បាន​សារភាព​ទទួលស្គាល់​កំហុស​ថា ខ្លួន ពិតជា​បាន​សរសេរ​សារ​នយោបាយ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ប្រាកដ​មែន ។ លោក​បន្ត​ថា បន្ទាប់​ពី​ទទួលស្គាល់​កំហុស​លោក​ក៏​បាន​ចេញ​លិខិត​សូមទោស​ជា​សាធារណៈ​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ផង​ដែរ ។ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ ចៅក្រម​សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​ផ្តន្ទាទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​លើ​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក​សួន សេរីរ​ដ្ឋា ដដែល ក្រោយ​ពី​បាន​បើក​សវនាការ​លើ​សំណុំរឿង​នេះ ។

សូម​ជម្រាប​ថា លោក​រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៧ កន្លង​ទៅ​បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក​សួន សេរីរ​ដ្ឋា ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ចូល​ជា​ថវិការដ្ឋ​ពី​បទ​ទី​១ – បទ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់​តាម​បញ្ញត្តិ​មាត្រា​៤៧១​នៃ​ក្រមព្រហ្មទណ្ឌ ទី​២- បទ​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​តាម​បញ្ញត្តិ​មាត្រា​៤៧២​នៃ​ក្រមព្រហ្មទណ្ឌ ទី​៣- បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ។

ការ​សម្រេច​ផ្តន្ទាទោស​បាន​ធ្វើ​ឡើង​បន្ទាប់​សំណុំរឿង​នេះ​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ កន្លង​ទៅ ប៉ុន្តែ​សវនាការ​នោះ​ត្រូវ​លើក​ពេល​ដោយ​លោក​សួន សេរីរ​ដ្ឋា ស្នើ​សុំ​រក​មេធាវី​ការពារ​ក្តី​ឲ្យ​ខ្លួន ។ បន្ទាប់​មក​សំណុំរឿង​នេះ​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បន្ត​សវនាការ និង​បញ្ចប់​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៧ ។

លោក​សួន សេរីរ​ដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ពាក់ព័ន្ធ និង​អង្គហេតុ​នៃ​ការ​បង្ហោះ​សារ​ជា​សាធារណៈ​លើ​ផេ​ក​ឈ្មោះ​Soun Serey Ratha លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ ដែល​សារ​នោះ​មាន​ចរិត​បង្ក​គ្រោះថ្នាក់​ដល់​វិស័យ​ការពារ​ជាតិ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨​នេះ តាម​រយៈ​លិខិត​មួយ​ច្បាប់​របស់​ខ្លួន​លោក​សួន សេរីរ​ដ្ឋា បាន​សរសេរ​ជូន​សម្តេច​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​ដោយ​បាន​សារភាព​ថា គាត់​មានការ​សោកស្តាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​សម្តេច​តេ​ជោ និង​ឧត្តមសេនីយ៍​យោធា​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​គាត់ ដោយ​មិន​បាន​គិតពិចារណា​ត្រឹមត្រូវ ។ លោក​សួន សេរីរ​ដ្ឋា​បាន​សន្យា​ថា ចាប់​ពេល​នេះ​តទៅ​នឹង​មិន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់ ឬ​និយាយ​អ្វី​ប៉ះពាល់​ដល់​សម្តេច​តេ​ជោ​ទៀត​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ