ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​នឹង​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ បើ​អភិវឌ្ឍន៍​ឱ្យ​បាន​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខេត្ត​ព្រះ​សីហ​នុ ក្រៅពី​ទទួល​បានការ​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​ជំនួញ​ហើយ​នោះ អ្នកជំនាញ​នៅ​ក្នុង​ផ្នែក​ទេសចរណ៍​មើលឃើញ​ថា នៅ​ថ្ងៃ​អនាគត ខេត្ត​មួយ​នេះ​អាច​នឹង​ស្រូប​យក​ភ្ញៀវ​ទេសចរ​ឈានមុខ​បង្អស់ បើ​មានការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ចម្រុះ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ។…

រាជធានី​ភ្នំពេញ ៖ ខេត្ត​ព្រះ​សីហ​នុ ក្រៅពី​ទទួល​បានការ​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​ជំនួញ​ហើយ​នោះ អ្នកជំនាញ​នៅ​ក្នុង​ផ្នែក​ទេសចរណ៍​មើលឃើញ​ថា នៅ​ថ្ងៃ​អនាគត ខេត្ត​មួយ​នេះ​អាច​នឹង​ស្រូប​យក​ភ្ញៀវ​ទេសចរ​ឈានមុខ​បង្អស់ បើ​មានការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ចម្រុះ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​ឈរ​នៅ​លំដាប់​លេខ​១ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​តែបើ​និយាយ​ជា​រួម​នៅ​ទូ​ទាំង​ប្រទេស ខេត្ត​ព្រះ​សីហ​នុ​ឈរ​លំដាប់​លេខ​២ បន្ទាប់​ពី​ខេត្តសៀមរាប ។

លោកស្រី​មាន​ប្រសាសន៍​ថា ៖« ប្រសិនបើ​ខេត្ត​ព្រះ​សី​ហនុមាន​ការ​អភិវឌ្ឍ​ឱ្យ​ក្លាយជា​កន្លែង​ទេសចរណ៍​ចម្រុះ មាន​ទីកន្លែង​កម្សាន្ត​ច្រើន​ដើម្បី​ផ្តល់​ជា​ជម្រើស​ដល់​ភ្ញៀវ ខេត្ត​នេះ​នឹង​នាំមុខ​គេ​ក្នុង​ការ​ស្រូប​យក​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​គ្រប់​ជាតិ​សាសន៍ » ។
លោកស្រី​បន្ត​ថា ៖« បើ​ការ​អភិវឌ្ឍ និង​គម្រោង​នៅ​តែ​មាន​បន្ត​ទៀត​ប្រកបដោយ​ការ​ទាក់ទាញ ខេត្ត​ព្រះ​សីហ​នុ​អាច​ប្រហាក់ប្រហែល​នឹង​ខេត្តសៀមរាប​ដែរ ឬ​អាច​នាំមុខ​ខេត្តសៀមរាប ក្នុង​ការ​ស្រូប​យក​ភ្ញៀវ​ទេសចរ​ឱ្យមក​កម្សាន្ត​នៅ​ក្នុង​តំបន់ » ។

ក្នុង​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ជិត​២​លាន​នាក់ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ឱ្យ​មាន​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍​នាគរាជ​ក្រុងព្រះសីហនុ សម្រាប់​ផ្តល់​ផលិតផល​ទេសចរណ៍​ជូន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​បន្ថែម​ទៀត ។
លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មាន​ប្រសាសន៍​ថា ៖« គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​នាគរាជ​ក្រុងព្រះសីហនុ ជា​តំបន់​គំរូ​មួយ​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល ដែល​មានការ​ចូលរួម​វិនិយោគ​រវាង​រដ្ឋ និង​វិស័យ​ឯកជន តែ​រដ្ឋ​ជា​អ្នក​នាំមុខ » ។

លោក​រដ្ឋលេខាធិការ​បន្ត​ថា ៖« យើង​មាន​ចក្ខុវិស័យ បើសិន​យើង​មានការ​អភិវឌ្ឍ​ល្អ យើង​ជំរុញ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ច្រើន​ថែម​ទៀត ដើម្បី​រុញច្រាន​ឱ្យ​កើនឡើង​ខ្លាំង ព្រោះ​យើង​មាន​ព្រ​លាន​យន្តហោះ​, មាន​កំពង់​ផែ​អន្តរជាតិ​, មាន​ច្រកចូល​តាម​ផ្លូវគោក​-​ទឹក​, មាន​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ និង​មាន​គម្រោង​កំពង់​ផែ​ទេសចរណ៍ ដែល​ចូលរួម​ធ្វើ​ឱ្យ​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​អនាគត​ខ្លាំងក្លា ។ តាម​ទស្សនវិស័យ​របស់​យើង ខេត្ត​ព្រះ​សីហ​នុ មាន​ភ្ញៀវ​ទេសចរ​យ៉ាងតិច​៨​លាន​នាក់​មក​ទស្សនា​នៅ​ត្រឹម​ឆ្នាំ​២០៣០ » ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា​សរុប​៥,៦​លាន​នាក់ កើនឡើង​១១,៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។
របាយការណ៍​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្ពុជា​តាម​ផ្លូវអាកាស មាន​ប្រមាណ​៣,៣​លាន​នាក់ ស្មើនឹង​៥៩%​នៃ​ចំនួន​សរុប កើនឡើង​២២,៥% ។ ផ្លូវគោក​មាន​ជាង​២,១​លាន​នាក់ ស្មើនឹង​៣៨,៣%​នៃ​ចំនួន​សរុប ថយ​ចុះ​០,៥% និង​តាម​ផ្លូវទឹក​មាន​ជាង​១៤​ម៉ឺន​នាក់ ស្មើនឹង​២,៦%​នៃ​ចំនួន​សរុប ថយ​ចុះ​៥,២% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ