ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ឈប់​សម្រាក​ច្រើន​ចំណេញ ​ឬ​ខាត​ដល់​សេដ្ឋកិច្ចជាតិ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​បាន​អះអាង​ថា ការ​មានបុណ្យ​ឈប់​សម្រាក​ច្រើន​នៅ​កម្ពុជា មិន​ប៉ះពាល់​ដល់​សុខភាព​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ ដោយសារ​ឱកាស​ឈប់​សម្រាក​បែប​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ចំណាយ​កើនឡើង ហើយ​ធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ច​រស់​រវើក ។…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​បាន​អះអាង​ថា ការ​មានបុណ្យ​ឈប់​សម្រាក​ច្រើន​នៅ​កម្ពុជា មិន​ប៉ះពាល់​ដល់​សុខភាព​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ ដោយសារ​ឱកាស​ឈប់​សម្រាក​បែប​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ចំណាយ​កើនឡើង ហើយ​ធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ច​រស់​រវើក ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក​បណ្ឌិត អុ​ិ​ន ចាន់​នី បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ម្សិលមិញ​ថា ការ​ឈប់​សម្រាក​ច្រើន​នៅ​កម្ពុជា មិន​មាន​អ្វី​ខាតបង់​នោះ​ទេ ប៉ុន្តែ​ផ្តល់​ផល​ចំណេញ​ទៅ​វិញ​ទេ ដោយសារ​វា​ធ្វើ​ឲ្យ​ធនធានមនុស្ស​របស់​យើង​កាន់តែ​មាន​ថាមពល សុខភាព​ល្អ និង​ធ្វើ​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព ពេល​ពួក​គេ​ត្រឡប់​មក​ធ្វើការ​វិញ ។ លោក​បន្ត​ថា ការ​ឈប់​សម្រាក​ច្រើន​ឆ្លុះ​បញ្ចាំង​ពី​កត្តា​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ ។

លោក​បន្ត​ថា ៖« ការ​ឈប់​សម្រាក​ការងារ មិនមែន​ឈប់​ទាំងអស់​គ្នា​ទេ ព្រោះ​ផ្នែក​ខ្លះ​ដូច​ជា​ភោជនីយដ្ឋាន និង​សណ្ឋាគារ​មិន​បាន​ឈប់​ទេ តែ​បង្កើន​ឱកាស​ការងារ ដើម្បី​ផ្តល់​សេវាកម្ម​ដល់​ភ្ញៀវ​ទេសចរ » ។
លោក​បន្ត​ទៀត​ថា ៖« តាម​ន័យ​ទេសចរណ៍ គេ​ចង់​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឈប់​សម្រាក ដើរ​

កម្សាន្ត​ច្រើន និង​ចំណាយ​ច្រើន ដែល​នេះ​បង្ក​ឲ្យ​មាន​ចលនា​សេដ្ឋកិច្ច​កាន់តែ​រស់​រវើក » ។
អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹ​ម ហេង បាន​ថ្លែង​ថា ការ​ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន ធ្វើ​ឲ្យ​មានការ​ចរាចរ​សាច់ប្រាក់​ច្រើន​នៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ និង​ធ្វើ​ឲ្យ​យើង​ចំណេញ​ច្រើន បើសិនជា​គិត​ក្នុង​លក្ខខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច ។

លោក​បន្ត​ថា បើ​រោងចក្រ សហគ្រាស​ណា​នៅ​បន្ត​ធ្វើ​ការងារ គឺ​បុគ្គលិក​ត្រូវ​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត និង​មាន​ប្រាក់​លើកទឹកចិត្ត ប៉ុន្តែ​ស្ថាប័ន​នាំ​ចេញ​-​នាំ​ចូល​នៅ​តែ​ធ្វើ​ការងារ ដូច្នេះ វា​មិន​ប៉ះពាល់​ដល់​សកម្មភាព​នាំ​ចេញ​-​នាំ​ចូល​របស់​យើង​ទេ ។

លោក​ឧកញ៉ា​បាន​បន្ត​ថា ៖« បើ​មើល​តែ​មួយ​ផ្នែក គឺ​ការ​ឈប់​សម្រាក​ច្រើន​ពិតជា​ខាត ប៉ុន្តែ​បើ​មើល​ព្រៃ​ទាំងមូល មិន​ខាត​នោះ​ទេ ព្រោះ​ការ​ឈប់​សម្រាក​ច្រើន​ធ្វើ​ឲ្យ​លំហូរ​សាច់ប្រាក់​ចាក់​ចូល​គ្រប់​ផ្នែក​នៃ​សេដ្ឋកិច្ច​របស់​យើង » ។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា ការ​ឈប់​សម្រាក​ច្រើន​មាន​ចំណេញ និង​ខាត ប៉ុន្តែ​បើ​និយាយ​ពី​ផ្នែក​ទេសចរណ៍​គឺ​ចំណេញ ព្រោះ​ប្រជាពលរដ្ឋ​ចេញ​ដើរ​កម្សាន្ត​ច្រើន និង​ចំណាយ​ប្រាក់​ច្រើន មាន​ពេលវេលា​ចាយ​លុយ​ច្រើន តែ​ផ្ទុយ​ទៅ​វិញ​សម្រាប់​សហគ្រាស ផលិតកម្ម​នានា ការ​ឈប់​សម្រាក​ច្រើន​ធ្វើ​ឲ្យ​ពួក​គេ​ខាតបង់​ផលិតភាព ។

លោកស្រី​បន្ត​ថា ៖« ហេតុនេះ រោងចក្រ សហគ្រាស​ឬ​ក្រុមហ៊ុន​មួយ​ចំនួន មិន​គួរ​លើក​ថ្ងៃ​ធ្វើការ​បន្ថែម​ទៀត​នោះ​ទេ ព្រោះ​យើង​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​រួច​ទៅ​ហើយ » ។
លោកស្រី​បន្ថែម​ថា ៖« មាន​អ្នក​វិនិយោគ​បរទេស​មួយ​ចំនួន ពួក​គេ​បាន​រអ៊ូរទាំ​ពី​កម្ពុជា​ថា​ជា​ប្រទេស​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ពេក » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ