ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឥណ្ឌា នឹង​បើក​កិច្ច​ប្រតិបត្តិការ​រួម​គ្នា​ឆ្ពោះទៅ​ការ​អភិវឌ្ឍ​ទេសចរណ៍

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​កម្ពុជា​-​ឥណ្ឌា បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ស្វែងរក​ជំហាន​រីក​ចម្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខណៈ​កិច្ច​ពិភាក្សា​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​បាន​រៀបចំ​សន្និសីទ​ផ្សព្វផ្សាយ​ទេសចរណ៍​ឥណ្ឌា​នៅ​កម្ពុជា (Incredible India Road…

ខេត្តសៀមរាប ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​កម្ពុជា​-​ឥណ្ឌា បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ស្វែងរក​ជំហាន​រីក​ចម្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខណៈ​កិច្ច​ពិភាក្សា​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​បាន​រៀបចំ​សន្និសីទ​ផ្សព្វផ្សាយ​ទេសចរណ៍​ឥណ្ឌា​នៅ​កម្ពុជា (Incredible India Road Show 2018) ក្នុង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ឧសភា កន្លង​មក ។

កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១០ ឧសភា នៅ​ខេត្តសៀមរាប ទឹកដី​បេតិកភណ្ឌ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ក្រោម​វត្តមាន​លោក ហោ មុនី​រ័​ត្ន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា​, លោកស្រី Rashmi Verma រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ឥណ្ឌា​, លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា រួម​ទាំង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) ផង​ដែរ ។

លោក ហោ មុនី​រ័​ត្ន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែង​ថា ៖« កិច្ច​ពិភាក្សា​នេះ​មាន​សារសំខាន់​ចាំបាច់​ដើម្បី​ជំរុញ និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ទេសចរណ៍ »​។ លោក​បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​កើត​ចេញពី​កិច្ច​សហប្រតិបត្តិការ​កន្លង​មក ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ជំរុញ​កំណើន​ទេសចរណ៍ ។

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​ចំណុច​សំខាន់​ៗ​សម្រាប់​ការ​ពិភាក្សា​ឆ្ពោះទៅ​រក​ជំហាន​រីក​ចម្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍ ក្នុង​នោះ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព ស្រប​តាម​ផែនការ​ការងារ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​រវាង​កម្ពុជា និង​ឥណ្ឌា ។

ចំណុច​សំខាន់​ៗ​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ រួម​មាន សម្រួលការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​, ការ​គិតគូរ​ដោះស្រាយ​ឧបសគ្គ និង​បញ្ហា​ប្រឈម​ក្នុង​ការ​ទំនាក់ទំនង និង​ការ​ធ្វើ​ដំណើរ​, ជំរុញ​ការ​លើកកម្ពស់​គុណភាព និង​សេវាកម្ម​ទេសចរណ៍​, ជំរុញ​ការ​ផ្សព្វផ្សាយ​ទីផ្សារ​រួម​គ្នា​, ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ឈ្វេងយល់​អំពី FAM Trips នៃប្រតិបត្តិ​ករ​ទេសចរណ៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​, ការ​រៀបចំ​ព្រឹត្តិការណ៍​បង្ហាញផ្លូវ​ទេសចរណ៍ (Roadshow) និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ចូលរួម​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​នីមួយ​ៗ ។

ទន្ទឹម​នឹង​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​ផង​ដែរ​ពី​កិច្ច​ពង្រឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា​, ការ​ពង្រឹង​ស្ថាប័ន​អភិបាលកិច្ច​ល្អ​, ការ​កសាង សមត្ថភាព និង​កម្មវិធី​បណ្ដុះបណ្ដាល​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ក្នុង​វិស័យ​ទេសចរណ៍​, ការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​អំពី​លទ្ធភាព​ត​ភ្ជាប់​តាម​ផ្លូវអាកាស​សម្រាប់​ជើងហោះហើរ ត្រង់​រវាង​ឥណ្ឌា និង​កម្ពុជា​, ការ​បង្កើត​ការ​យល់​ដឹង និង​ជំរុញ​ផ្សព្វផ្សាយ​តំបន់​គោលដៅ​ទេសចរណ៍ ព្រមទាំង​ទស្សនកិច្ច​ព្រះពុទ្ធ​សាសនា និង​ធម្ម​យាត្រា ដែល​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ធម្មជាតិ ។

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៥,៦​លាន​នាក់ កើនឡើង​១១% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​ទេសចរ​ឥណ្ឌា​មាន​ចំនួន​៥៩.៥៧១​នាក់ កើនឡើង​២៩% ។ លើស​ពី​នេះ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៨ តាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា ទេសចរ​ឥណ្ឌា​ដែល​មក​ទស្សនា​កម្ពុជា​បាន​កើនឡើង​១០% ស្មើនឹង​១០.៧៥០​នាក់ ហើយ​នៅ​ឆ្នាំ​នេះ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ទេសចរ​ឥណ្ឌា​ប្រមាណ​៨​ម៉ឺន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ