ផល​លំបាក​នៃ​ការ​ប្រើ​ថ្នាំ​គ្រាប់​ម៉ុ​ល​ទី​វីតាមីន


បច្ចុប្បន្ន​នេះ​ដែល​តម្រូវ​អោយ​អ្នកធ្វើការ​២៤​ម៉ោង បាន​ធ្វើ​ឲ្យ​របប​អាហារ​ដែល​អ្នក​បាន​ទទួលទាន គឺ​ពិតជា​មាន​ឥទ្ធិពល​ដ៏​អាក្រក់​ចំពោះ​សុខភាព​អ្នក ។

វិធីសាស្ត្រ​តែ​មួយ​គត់​សម្រាប់​របប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​គឺថា អ្នក​ត្រូវ​ទទួលទាន និង​ចំអិន​អាហារ ដែល​នឹង​មិន​ចំណាយពេល​យូរ ហេតុ​ដូចនេះ​ហើយ​ទើប​បានជា អាហារ​ដែល​បាន​ចំអិន​ដាក់​លក់​រួច​ជា​ស្រេច និង​ថ្នាំ​គ្រាប់​ម៉ុ​ល​ទី​វីតាមីន ហាក់​នឹង​មាន​ភាព​ពេញ​និយម ចំពោះ​មនុស្ស​នា​សម័យនេះ ។ បញ្ហា​នឹង​ចាប់​កើត​មាន នៅ​ពេល​ដែល​ភាគច្រើន​នៃ​យើង​ទាំងអស់​គ្នា​មិន​បានដឹង​ពី​កម្រិត​នៃ​ថ្នាំ​ម៉ុ​ល​ទី​វីតាមីន​ដែល​អ្នក​គួរ​ប្រើ នៅ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ។ ថ្នាំ​គ្រាប់​ម៉ុ​ល​ទី​វីតាមីន ត្រូវ​បាន​ប្រើ​សម្រាប់​អ្នក​ដែល​ខ្វះ​នូវ​សារជាតិ​ទាំង​នេះ ហើយ​ការ​លេប​វា​ដោយ​មិន​បាន​គិត​ពី​បរិមាណ​ត្រឹមត្រូវ នោះ​វា​នឹង​ធ្វើ​អោយ​អ្នក មាន​​ជំងឺ​ធ្ងន់ ។ ផល​រំខាន​នៃ​ថ្នាំ​គ្រាប់​ប្រភេទ​នេះ គឺ​ពិតជា​មាន ភាព​គ្រោះថ្នាក់​ណាស់ ។

ទាំងនេះ​គឺជា​ផល​រំខាន​នៃ​ថ្នាំ​គ្រាប់​ម៉ុ​ល​ទី​វីតាមីន ដែល​តែងតែ​កើត​មាន ៖

១. មាន​ជំងឺរាក
បញ្ហា​មួយ ក្នុង​ចំណោម​ផល​រំខាន​នៃ​ថ្នាំ​គ្រាប់​ម៉ុ​ល​ទី​វីតាមីន ដែល​តែងតែ កើត​មាន​នោះ​គឺ ការ​រាក ។ នោះ​គឺ​ដោយសារ​តែ​កម្រិត​ខ្ពស់​នៃ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម ដែល​ធ្វើ​អោយ​ប្រព័ន្ធ​ពោះវៀន​របស់​អ្នកមាន​ដំណើរការ​មិនល្អ ។ ជំងឺរាក​ដែល​កើត​មាន​ដោយសារ​ការ​ទទួល​ទាន​ថ្នាំ​គ្រាប់​ម៉ុ​ល​ទី​ក្នុង​កម្រិត​ច្រើន​ជ្រុល​នឹង​បណ្តាល​ឲ្យ​មាន​អន្តរ​កម្ម ជា​អវិជ្ជមាន ចំពោះ​​សារជាតិ​បំប៉ន​ដទៃ​ទៀត ហើយ​វា​ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​ដូច​ជា​ ៖ ចុះ​ខ្សោយ​, មិនសូវ​មាន​ប្រព័ន្ធ​ការពារ​នឹង​មេរោគ និង​កាត់​បន្ថយ​ដល់​ការ​រំលាយ​អាហារ ។ ការ​បាត់បង់​ជាតិ​ទឹក​ដោយសារ​ការ​រាក គឺជា​ផល​ប៉ះពាល់​ដ៏​ចំបង​មួយ​ចំពោះ​សុខភាព ។

២. មាន​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម
មូលហេតុ​ជា​ទូទៅ ដែល​បណ្តាល​ឲ្យ​អ្នក មាន​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​នោះ​គឺ​ដោយសារ​តែ​កម្រិត​កំហាប់​ខ្ពស់​នៃ​ជាតិ​កាល់ស្យូម ។ ដូច្នេះ​ផល​រំខាន​មួយ​នៃ​ថ្នាំ​គ្រាប់​ម៉ុ​ល​ទី​វីតាមីន​នេះ​គឺ វា​មាន​ផ្ទុក​កំហាប់​នៃ​ជាតិ​កាល់ស្យូម​ដ៏​ខ្ពស់ ដែល​វា​នឹង​បណ្តាល​ឲ្យ​អ្នកមាន​ជំងឺ​ក្រួស​ក្នុង​តម្រងនោម រួម​ជាមួយ​ផង​ដែរ​នូវ​បញ្ហា ផ្សេង​ៗ​ដទៃ​ទៀត​មាន ដូច​ជា​៖ ការ​ទល់​លាមក​, ឈឺចាប់​ក្នុង​ពោះ និង ក្នុង​ករណី​ខ្លះ​ទៀត គឺ​ធ្វើ​ឲ្យ​បេះដូង​អ្នក​ចុះ​ខ្សោយ ។

៣. ធ្វើ​អោយ​មាន​បញ្ហា​បេះដូង
ការ​មាន​ផ្ទុក​នូវ​កំហាប់​ដ៏​ខ្ពស់​នៃ​ជាតិ​ស័ង្កសី គឺ​នាំ​ឲ្យ​មានការ​បង្អាក់​ដល់​ចង្វាក់បេះដូង ដែល​ជា​លទ្ធផល​គឺ វា​ធ្វើ​ឲ្យ​បេះដូង​ចុះ​ខ្សោយ ។ ការ​ខ្សោយបេះដូង​ក្នុង​រយៈពេល​យូរ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​គាំងបេះដូង ។ ផល​រំខាន​ផ្សេង​ទៀត​ដែល​កើត​មាន​ដោយ​សារ​តែ​កំហាប់​សារជាតិ​ស័ង្កសី​ខ្ពស់​នេះ មាន​ដូច​ជា​មាន​ស្នាម​ប្រឡាក់ ជាប់​ធ្មេញ​, មាន​ជាតិ​ឧស្ម័ន​, មាន​បញ្ហា​នៅ​ក្នុង​ទឹកនោម និង​មាន​ភាព​អន់​ថយ​ចំពោះ​សាច់ដុំ ។

ផល​​រំខាន​ផ្សេង​ទៀត ដែល​មាន​បណ្តាល​មក​ពី​ថ្នាំ​គ្រាប់​ម៉ុ​ល​ទី​វីតាមីន ៖

1. ​ដោយ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន កម្រិត​កំហាប់​ខ្ពស់​នៃ​សារជាតិ​វីតា​មីន A , E និង​សារជាតិ​បេ​តា​ការ៉ូ​តែ​ន (beta- carotene) គឺ​ហាក់​នឹង​ធ្វើ​ឲ្យ​អាយុកាល​របស់​​មនុស្ស​មាន​រយៈពេល​ខ្លី ។ សារជាតិ​នៃ​កំហាប់​វីតាមីន A ខ្ពស់ ក៏​បាន​ធ្វើ​ឲ្យ​មានការ​បំផ្លាញ​ដល់​រ៉េ​ទី​ន​ភ្នែក ដែល​មាន​ភាព​គ្រោះថ្នាក់​បំផុត ចំពោះ​ស្ត្រី​។ វា​ក៏​អាច​បង្អាក់​ដល់ ដំណើរការ​ពពោះ​របស់ មនុស្ស​ស្រី​បាន​ផង​ដែរ ។

2. ​ថ្នាំ​គ្រាប់​ម៉ុ​ល​ទី​វីតាមីន ក៏​អាច​មាន​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​គ្រាប់​ផ្សេង​ទៀត​បាន​ផង​ដែរ។ ការ​មាន​ប្រតិកម្ម​នេះ អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អា​លែ​ក​ហ្សី​៊ និង​ផ្តល់​ផល​មិនល្អ​ចំពោះ​សុខភាព ។

3. ​ការ​មាន​ផ្ទុក​កំហាប់​សារជាតិ កាល់ស្យូម និង​ជាតិ​ដែក​ខ្ពស់ គឺ​អាច​បង្អាក់​ដល់​សម្ថ​ភាព​រាង​កាយ ក្នុង​ការ​បឺត ស្រូប​យក​សារជាតិ​បំប៉ន​ផ្សេង​ៗ​ទៀត ។

4. ​ការ​លើស​កម្រិត​នៃ​សារជាតិ​វីតាមីន C ត្រូវ​បាន​គេ​អះអាង​ថា វា​ធ្វើ​ឲ្យ​តម្រងនោម​អ្នក ចុះ​ខ្សោយ និង​មានការ​បាត់បង់​ជាតិ​ទឹក ។

5.​ ផល​រំខាន​បន្តិចបន្តួច ផ្សេង​ៗ​ទៀត មាន​ដូច​ជា​៖ ជ្រុះ​សក់​, សាច់ដុំ​ចុះ​ខ្សោយ​,​មានការ​ហូរ​ឈាម​ផ្នែក​ខាងក្នុង​,​របកស្បែក និង មិនសូវ​ឃ្លាន​អាហារ ។

ថ្នាំ​គ្រាប់​ម៉ុ​ល​ទី​វីតាមីន គឺ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់ មនុស្ស​ទាំងឡាយ​ណា ដែល​ត្រូវ​ការ​វា ដូច្នេះ​ហើយ អ្នក​គួរតែ​ទទួលទាន​វា ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ។ ជា​ទូទៅ​វា​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ទទួលទាន​ក្នុង​រយៈពេល កំណត់​ជាក់លាក់​ណាមួយ ។ ដូចនេះ​នៅ​ថ្ងៃក្រោយ មុន​ពេល​អ្នក​សម្រេចចិត្ត​ទទួលទាន​វា នោះ​អ្នក​ត្រូវ​ចង​ចាំ​ពី​ផល​រំខាន​ដែល​អ្នក​នឹង​អាច​ជួប​វា នា​ថ្ងៃ​អនាគត ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

សុខភាព

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ