រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តសេរីទំនើបមួយគ្រឿងម៉ាកRANGE ROVERបើកក្នុងល្បឿនយ៉ាងលឿនបុករះស្លាកសញ្ញាចរាចរណ៍មួយ បង្គោលភ្លើង២ដើម ដងទង់ជាតិចំនួន២រួមហើយបុកគូទរថយន្តឡិចស៊ីសRX300ពីក្រោយបណ្តាលអោយបែកស្តុបរួមនឹងខូចខាតរថយន្តអស់មួយកំណាត់ខាងមុខ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសុរ៉ាម្រិត នៅចំណុចវិមានឯករាជ្យ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តសេរីទំនើបមួយគ្រឿងម៉ាកRANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2W-8558 ទើបតែចេញមកពីក្លឹបSound ខណៈពេលដែលចេញពីក្លឹបធ្វើដំណើរមកតាមបណ្តោយព្រះសីហនុក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះពេលបើកមកដល់ចំណុចកើតហេតុក្បែរនឹងវិមានឯករាជ្យអ្នកបើករថយន្តបង្កមិនបានបន្ថយល្បឿននោះទេ ដោយសារតែអ្នកបើកបរស្រវឹងធ្លាក់ភ្នែកងោកអស់មួយភាំងក៏រេចង្កូតជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍ចំនួនមួយ បង្គោលភ្លើងអស់២ ដងទង់ជាតិ២ បាក់សង្កត់លើរថយន្តខ្ទេច មួយកំណាត់ខាងមុខ ជ្រុលទៅបុកគូទរថយន្តឡិចស៊ីសRX300 ពណ៌ស បណ្តាលឱ្យបែកស្តុបក្រោយខាងឆ្វេង ចំណែកឯរថយន្តបង្កវិញខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខបែកកញ្ចក់មុខផ្ទុះពោងទាំងសងខាង រីឯអ្នកបើកបររថយន្តរងរបួសស្រាល ។
ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕
![](https://kohsantepheapdaily.com.kh/wp-content/images/2018/05/60274c1ac606dddfab591309cb5ace78.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2018/05/0dd954ea204f19a1b391b7828491927b.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2018/05/dca19ffa163054feef33432fad5f9833.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2018/05/19a1de167122a18af369c749f4e40a48.jpg)
ចែករំលែកព័តមាននេះ