ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​អបអរ​ចំពោះ​អាជីវករ​ផ្សារ​ច្បារ​អំពៅ​នឹង​ទទួល​បានដំបូល​ផ្សារ​ថ្មី​នា​ពេល​ឆាប់​ៗ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ នេះ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បាន​រៀបចំ​ពិធី​ក្រុង​ពាលី បើក​ដ្ឋា​ន​សាងសង់​ដំបូល​ផ្សារ​ថ្មី​ទាំងស្រុង ជូន​បងប្អូន​អាជីវករ​ផ្សារ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ នេះ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បាន​រៀបចំ​ពិធី​ក្រុង​ពាលី បើក​ដ្ឋា​ន​សាងសង់​ដំបូល​ផ្សារ​ថ្មី​ទាំងស្រុង ជូន​បងប្អូន​អាជីវករ​ផ្សារ​ច្បារ​អំពៅ ក្រោយ​រង​គ្រោះ​ដោយសារ​មហន្តរាយ​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​អស់​មួយ​ចំហៀង​ផ្សារ កាលពី​ពាក់កណ្តាល​ខែមីនា កន្លង​ទៅ ។

អភិបាល​ខណ្ឌ​ច្បារ​អំពៅ លោក ចេ​ង មុនី​រ៉ា ឲ្យ​ដឹង​ថា ដំបូល​ថ្មី​ដែល​ចាប់ផ្តើម​បុក​គ្រឹះ​សាងសង់​ហ៊ុំ​ទ័​ព្ធ​ពីលើ​បរិវេណ​ផ្សារ​ច្បារ​អំពៅ​ទាំងមូល​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ឧបត្ថម្ភ​ស្ថាបនា​ជូន​បងប្អូន​អាជីវករ​ផ្សារ​ច្បារ​អំពៅ​ទាំងអស់ ប្រើប្រាស់​ជា​ប្រយោជន៍​រួម ក្រោយ​ផ្សារ​មួយ​នេះ​ត្រូវ​បាន​មហន្តរាយ​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​អស់​តូប​លក់ដូរ​ចំនួន​៥៨៨​តូប លើ​តូប​សរុប​១,៤៤៧​តូប កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ កន្លង​ទៅ ។

លោក​អភិបាល​ខណ្ឌ បាន​បញ្ជាក់​ថា ការ​ចាប់​បើក​ការ​ដំណើរការ​សាងសង់​ដំបូល​ជូន​បងប្អូន​អាជីវករ​នៅ​ពេល​នេះ គឺ​បែងចែក​ចេញ​ជា​២​ដំណាក់កាល ដោយ​ដំបូង​ឡើយ​ត្រូវ​បុក​គ្រឹះ​ជា​មុន​សិន រួច​ចាប់​សង់​ដំបូល​នៅ​ចំណុច​ដែល​ត្រូវ​មហន្តរាយ​អគ្គិភ័យ​ឆេះ​បំផ្លាញ​តូប​បងប្អូន ដែល​ដំណាក់កាល​ដំបូង​ក្រុម​ជំនាញ​ត្រូវ​ចំណាយពេល​សាងសង់​៣​ខែ ។ ក្រោយ​បញ្ចប់​ដំណាក់កាល​ទី​១​រួច ក្រុម​ជំនាញ​នឹង​បន្ត​ទៅ​ដំណាក់​បន្ទាប់ ដែល​ត្រូវ​សាងសង់​ដំបូល​នៅ​ពីលើ​ទីតាំង​តូប​របស់​បងប្អូន​អាជីវករ​ដែល​មិន​មានការ​រង​គ្រោះ​ក្នុង​អគ្គិភ័យ​កន្លង​ទៅ ដោយ​ត្រូវ​ប្រើ​ពេលវេលា​៣​ខែ​បន្ថែម​ទៀត ។ សរុប​ជា​រួម​រយៈពេល​៦​ខែ​ទើប​ដំបូល​ផ្សារ​មួយ​នេះ ត្រូវ​សាងសង់​រួចរាល់​ស្ថាពរ​១០០​ភាគរយ ។

ទន្ទឹម​នឹង​ការ​សាងសង់​នេះ ក្នុង​នាម​អាជ្ញាធរ​ខណ្ឌ លោក ចេ​ង មុនី​រ៉ា ស្នើរ​ដល់​បងប្អូន​អាជីវករ​ទាំងអស់​មានការ​យោគយល់​ខ្ពស់​ជាមួយ​អាជ្ញាធរ និង​ក្រុម​ជំនាញ​ដែល​កំពុង​សាង​សាង់​ផង លើ​បញ្ហា​ពេលវេលា​ដែល​តម្រូវ​ឲ្យ​បងប្អូន​រង​ចាំ​យូរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្រុម​ជំនាញ រួម​ជាមួយ​អាជ្ញាធរ នឹង​ព​ន្លឿ​ន​ការ​សាងសង់​ដំបូល​ខាងលើ​នេះ ឲ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឆាប់​បាន​ឲ្យ​បងប្អូន​អាជីវករ​ចូល​មក​លក់ដូរ​ប្រកប​របរ​អាជីវកម្ម​របស់​ខ្លួន​ដូច​ដើម​វិញ​ផង​ដែរ ។

គួរ​រំឭក​ថា លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​នូវ​ការ​លំបាក​របស់​បងប្អូន​អាជីវករ​ដែល​រង​គ្រោះ​ក្នុង​មហន្តរាយ​អគ្គិភ័យ​ដ៏​កំណាច​ដែល​បាន​ឆាបឆេះ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រកស៊ី​របស់​បងប្អូន​នោះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួយ​សាងសង់​ដំបូល​ស័ង្កសី​ដ៏​ធំ​មួយ ដោយ​សង់​ឡើង​ក្នុង​កម្ពស់​ខ្ពស់​គួរសម បង្ក​លក្ខណៈ​ជា​ម្លប់​ត្រជាក់​អាច​មាន​ខ្យល់អាកាស​បក់​ចេញចូល​ទៅ​មក​បាន​ស្រួល​សម្រាប់​បងប្អូន​អាជីវករ​អាច​លក់ដូរ មិន​ពិបាក​រង​កម្តៅ​ដូច​មុន ។

លោក​អភិបាល​រាជធានី បាន​បន្ត​ថា លើស​ពី​នេះ សម្តេច​នឹង​ជួយ​ស្ថាបនា​ជួសជុល​ផ្លូវ​ចំនួន​២​ខ្សែ​នៅ​ជាប់​ផ្សារ​ដែល​រង​ការ​ខូចខាត គឺ​ផ្លូវ​លេខ​៣៦៣ (​ខាងកើត​) និង​ផ្លូវ​លេខ​៦២០ (​ខាងជើង​) ជូន​បងប្អូន​អាជីវករ ក៏​ដូច​ជា​សម្រាប់​ពលរដ្ឋ​ទូទៅ​អាច​ធ្វើ​ដំណើរ​ទៅ​មក​បាន​ងាយស្រួល​ផង​ដែរ ។

គួរ​បញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ នេះ បងប្អូន​ជា​អាជីវករ​មួយ​ចំនួន​ធំ​ទាំង​ក្នុង​ផ្សារ និង​ក្រៅ​ផ្សារ បាន​មក​លក់ដូរ​ដូច​សព្វដង​ធម្មតា ហើយ​ក៏​មាន​បងប្អូន​ពលរដ្ឋ​ចូល​មក​ទិញ​ទំនិញ​ធម្មតា​ផង​ដែរ នៅឡើយ​តែ​បងប្អូន​ដែល​រង​គ្រោះ​ក្នុង​មហន្តរាយ​អគ្គិភ័យ​ប៉ុណ្ណោះ ដែល​មិន​ទាន់​មាន​ទីតាំង​សម្រាប់​លក់ដូរ​ត្រឹមត្រូវ​ដូច​អាជីវករ​ទូទៅ​ដទៃ ។ ជុំវិញ​ការ​គិតគូរ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បងប្អូន​អាជីវករ​ក្នុង​ផ្សារ​ទាំងមូល បាន​សម្តែង​អារម្មណ៍​ត្រេកអរ និង​សប្បាយចិត្ត​ចំពោះ​ការ​ជួយ​ជ្រោមជ្រែង​គិតគូរ​ពី​សុខទុក្ខ​របស់​ពួក​គាត់ ។ ពួក​គាត់​លើក​ឡើង​ថា គាត់​ពិតជា​មានការ​សោកស្តាយ​ណាស់​ចំពោះ​ការ​បាត់បង់​ទ្រព្យសម្បត្តិ​ជា​ទំនិញ​លក់ដូរ ដែល​ជា​មុខរបរ​ស្នូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ពួក​គាត់​បច្ចុប្បន្ន ប៉ុន្តែ​ទោះបីជា​យ៉ាងណា ទ្រព្យ​ទាំងនោះ​វា​បាន​បាត់បង់​អស់​ទៅ​ហើយ​ដែរ ដោយសារ​គ្រោះ​មហន្តរាយ​ដែល​មើល​មិនឃើញ និង​អាច​កើតឡើង​ជាយថាហេតុ ។

សូម​បញ្ជាក់​ជា​ថ្មី​ថា ផ្សារ​ច្បារ​អំពៅ ជា​ផ្សារ​ដែល​សាងសង់​ក្នុង​រយៈកាល​យូរលុង​ណាស់​មក​ហើយ មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ត្រើយ​ខាងកើត​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ដែល​មាន​ផ្ទៃក្រឡា​សរុប​១​ហិ​កតា​កន្លះ និង​មាន​តូប​លក់ដូរ​សរុប​ចំនួន​១,៤៤៧ តូប​ទាំង​តូច និង​ធំ ។ តូប​ចំនួន​៥៨៨​តូប លើ​តូប​សរុប​១៤៤៧​តូប នៃ​ផ្សារ​ច្បារ​អំពៅ ត្រូវ​បាន​មហន្តរាយ​អគ្គី​ភ័យ បំផ្លាញ​អស់​ហ្មត់​គ្នាន​សល់​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ។ គ្រោះ​អគ្គី​ភ័យ​ដ៏​កាច​សាហាវ​នេះ គឺ​ឆាបឆេះ​អស់​រយៈពេល​១៦​ម៉ោង ទើប​អណ្តាតភ្លើង​ត្រូវ​រលត់​សូន្យសុង​ទៅ​វិញ​១០០​ភាគរយ ដោយ​សមត្ថកិច្ច និង​អាជ្ញាធរ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​សរុប​២៧០​គ្រឿង ។ ដោយឡែក ចំពោះ​មូលហេតុ នៃ​ការ​ឆាបឆេះ​ក៏​ពុំ​ទាន់​មាន​ប្រភព​ណាមួយ​អះអាង​បញ្ជាក់​បាន​នៅឡើយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ